អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«តុល្យ​ភាព​​អំណាច»មិន​គួរ​​ក្លាយ​ជា​លេស​​បិទ​បាំង​​ការ​បែង​ចែក​​តួនាទី!

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​បោះជំហាន​ទៅមុខ​ដ៏​សំខាន់​មួយទៀត​បន្ទាប់ពី​ជំនួប​កំពូល​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​ថ្ងៃទី២៨វិច្ឆិកា​នៅឯ​មន្ទីរ​រដ្ឋ​ដ​សភា។ ក្នុងចំណោម​បញ្ហា​ដែល​បាន​ព្រមព្រៀងគ្នា ការផ្តល់​តួនាទី​ដល់​ប្រធាន​បក្សប្រឆាំង​ឲ្យ​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​គឺជា​ចំណុច​សំខាន់​មួយ​ក្នុងន័យ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​។​ ប៉ុន្តែ ពាក្យ​ថា«តុល្យភាព​អំណាច»មិនគួរ​ក្លាយជា​លេស​បិទបាំង​ការបែងចែក​ឋានៈ តួនាទី​គ្នា​នោះឡើយ។

លោកហ៊ុន​ សែន​ និង​លោកសម រង្ស៊ី ​ជួប​គ្នា​នៅ​ក្នុង​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៨​ វិច្ឆិកា​
លោកហ៊ុន​ សែន​ និង​លោកសម រង្ស៊ី ​ជួប​គ្នា​នៅ​ក្នុង​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៨​ វិច្ឆិកា​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ក៏ដូចជា​លើកមុនៗដែរ ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ច្រើនតែ​បញ្ចប់​ត្រឹម​ការ​បែង​ចែក​​អំណាច ឋានៈ តួនាទី ក្រោម​ហេតុផល​ធ្វើ​ឲ្យ​មាន«តុល្យភាព​អំណាច»។ គេ​នៅ​ចាំបាន​ថា កាលពី​ការបោះឆ្នោត​លើកដំបូង​ឆ្នាំ ១៩៩៣ ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ត្រូវ​បាន​​​រកឃើញ​តាមរយៈ​រូបមន្ត​សហនាយករដ្ឋមន្ត្រី និង​សហរដ្ឋមន្ត្រី​ក្នុង​ក្រសួង​សំខាន់ៗ​មួយ​ចំនួន។

 

ក្រោយមកទៀត ក្រោម​ហេតុផល​នៃ​តុល្យភាព​អំណាច ក៏មាន​ការបែងចែក​តួនាទី​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​និង​រដ្ឋសភា​រវាង​គណបក្ស​ឈ្នះឆ្នោត​សំឡេង​ភាគច្រើន​និង​គណបក្ស​ដែលមាន​សំឡេង​ភាគតិច​នេះដែរ។ ដំណោះស្រាយ​នយោបាយ​តាមរយៈ​ការបែងចែក​ឋានៈ តួនាទី​គ្នា​នេះហើយ​ដែល​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​តែង​ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​បើទោះជា​ពេលខ្លះ​វា​បានអូសបន្លាយ​រយៈពេល​យូរ​ក៏ដោយ។

ជាការ​ពិតណាស់ គេ​ប្រហែលជា​មិនអាច​បន្ទោស​អ្នកនយោបាយ​បានទេ​ពីព្រោះ​ជាទូទៅ គោល​ដៅ​សំខាន់​មួយ​របស់​អ្នកនយោបាយ​គឺ​ការ​ឈោង​ចាប់​អំណាច។ ម្យ៉ាងទៀត សំឡេង​ឆ្នោត​​ដែល​ប្រជាពលរដ្ឋ​ផ្តល់​ការគាំទ្រ​ដល់​គណបក្ស​មួយ​គួរ​គប្បី​ក្លាយជា​តំណាង​ដែលមាន​តុល្យភាព​ក្នុង​រដ្ឋសភា​គឺ​មិនមែន​គណបក្ស​ឈ្នះ​សំឡេង​ភាគច្រើន​កាន់កាប់​អំណាច​ផ្តាច់មុខ​នោះទេ។ ប៉ុន្តែ នៅ​កម្ពុជា ពាក្យ​តុល្យភាព​អំណាច​ហាក់ដូចជា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជា​លេស​​បិទបាំង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើនជាង​ដើម្បី​ផលប្រយោជន៍​សាធារណៈ។

ឥឡូវនេះ រូបមន្ត​ដដែល​និង​ហេតុផល​ដដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​វិបត្តិ​នយោបាយ​ម្តងទៀត។ ដូច្នេះ គេ​អាច​និយាយបានថា នេះ​ជា​ទម្លាប់​ដោះស្រាយ​វិបត្តិ​នយោបាយ​តាមរបៀប​ខ្មែរ​ក៏​ថា​បាន។ ជាក់ស្តែង គណបក្សប្រឆាំង​យល់ព្រម​ចូល​អង្គុយ​ក្នុង​រដ្ឋសភា​បន្ទាប់ពី​បានទទួល​តំណែង​អនុប្រធាន​ទី១ និង​ប្រធាន​គណៈកម្មការ​សភា​ចំនួន។ គណបក្ស​សង្គ្រោះ​ជាតិ​យល់ព្រម​ទទួលយក​កំណែទម្រង់​ការបោះឆ្នោត​ប​ន្ទា​ប់​ពី​ទទួលបាន​តួនាទី​សមាជិក គ.ជ.ប ស្មើគ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ចុងក្រោយ​បំផុត​នេះ កិច្ចព្រមព្រៀង​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្សប្រឆាំង​បានទទួល​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី...

ពិត​ហើយ​ថា នេះ​ជាការ​បោះជំហាន​ដ៏​សំខាន់​មួយទៀត​ក្នុង​ទំនាក់ទំនង​រវាង​គណ​បក្ស​ជាប់ឆ្នោត​ទាំងពីរ។ សំខាន់​នៅត្រង់ថា គណបក្សប្រឆាំង​កាន់តែ​មាន​តួនាទី​ច្រើនឡើង​ទាំង​នៅក្នុង​ក្របខណ្ឌ​រដ្ឋសភា​ក៏ដូចជា​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពីព្រោះ​សូម​កុំភ្លេចថា ក្នុង​របប​ប្រជាធិបតេយ្យ តួនាទី​របស់​សំឡេង​ភាគតិច​មិនអាច​ត្រូវគេ​បំភ្លេចចោល​បានឡើយ។ ប៉ុន្តែ សំណួរ​ដែល​ចោទឡើង​នៅពេលនេះ​គឺថា តើ​តួនាទី​ច្រើន​របស់​បក្សប្រឆាំង​ពិតជា​អាច​ធានា​តុល្យភាព​អំណាច​បាន​មែនឬ?

ប្រសិនបើ​គេ​ក្រឡេក​ថយក្រោយ​បន្តិច គេ​នឹង​ឃើញថា ដំណោះស្រាយ​នយោបាយ​តាមរយៈ​ការបែងចែក​ឋានៈ តួនាទី​បាន​បន្សល់ទុក​ផលវិបាក​អវិជ្ជមាន​សំខាន់​ពីរ​ដែល​គួរ​ឲ្យ​កត់​សម្គាល់៖ ទី១ គឺ​ទម្លាប់​នេះ​ហាក់​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​អស់ជំនឿ​ទៅលើ​អ្នកនយោបាយ​​ដោយសារ​ថា ទីបំផុត​ទៅ​ដំណោះស្រាយ​នយោបាយ​គ្មានអ្វី​ប្លែក​ក្រៅពី​ការ​បែង​ចែក​​ឋានៈ​និង​តួនាទី​គ្នា​នោះឡើយ។ ទី២ ដំណោះស្រាយ​នយោបាយ​តាមរយៈ​ការ​បែង​ចែក​តួនាទី​គ្នា​នេះហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ក្បាល​ធំ​សំពីងសំពោង ចំណាយ​ថវិកា​ច្រើនតែ​ការងារ​ខ្វះ​ប្រសិទ្ធភាព​រហូតមកទល់​ស​ព្វ​ថ្ងៃ។

រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ពាក្យ​ថា​តុល្យភាព​អំណាច​ហាក់​គ្រាន់តែ​ជា​លេស​ដើម្បី​បិទបាំង​ការបែងចែក​អំណាច​រប​ស់​អ្នកនយោបាយ​តែប៉ុណ្ណោះ។ ការបង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគតិច​ក្នុង​សភា​ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ពេលនេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​មើលឃើញថា ស្ថិតក្នុង​សេណារីយោ​ចាស់​ដដែល​ពោលគឺ​វា​ច្រើនតែ​ជា​មុខ«តំណែង​ខ្យល់»ដែល​គ្មាន​ឥទ្ធិពល​អ្វី​ទាំងអស់។

ដូច្នេះ ដើម្បី​ស្តា​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ  ជាបឋម​គេ​គួរ​ប្រែក្លាយ​ពាក្យ​ថា តុល្យភាព​អំណាច​ឲ្យ​ទៅជា​ឧបករណ៍​ការពារ​ផលប្រយោជន៍​សាធារណៈ​ជាជាង​ការពារ​តែ​ផល​ប្រយោជន៍​​នយោបាយ។ បន្ទាប់មកទៀត ដំណោះស្រាយ​នយោបាយ​គួរតែ​ផ្តោតលើ​មូល​ដ្ឋាន​​នៃ​កំណែទម្រង់​ជាក់ស្តែង​ឲ្យ​បាន​ច្រើនជាង​ឈរលើ​មូលដ្ឋាន​នៃ​ការបែងចែក​អំណាច​គ្នា។

និង​ចុងក្រោយ ពី​អំណឹះតទៅ អ្នកនយោបាយ​គួរតែ​ប្រើការ​ឃោសនា​ដោយ​គិតពី​លទ្ធភាព​ដែល​អាច​ធ្វើបាន​ជាជាង​ការសន្យា​ហួសមាឌ ក្នុង​បរិបទ​ដែល​សម័យនេះ អ្នកបោះឆ្នោត​ស្គាល់​ចរិត​របស់​អ្នកនយោបាយ​កាន់តែច្បាស់​ជាង​មុន។ នយោបាយ​ប្រជាភិថុតិ នឹងធ្វើ​ឲ្យ​អ្នកនយោបាយ​ផុងខ្លួន​មិនអាច​ត្រឡប់ក្រោយ​វិញ​បាន​នៅពេល​ណាមួយ​ជាមិនខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ