អានតួអត្ថបទ
កម្ពុជា

តំបន់​ខ្ពង់​រាប​នៅ​កម្ពុជា នឹង​បន្ត​ទទួល​រង​គ្រោះ​ជំនន់​ទឹក​ភ្លៀង

កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​វិសម្ពាធ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្នុង​សប្តាហ៍​នេះ។ ឥទ្ធិពល​នៃ​វិសម្ពាធ​នេះ នឹង​ធ្វើ​ដំណើរ​ឡើង​ទៅ​កៀក​នឹង​ឆ្នេរ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​ ដែល​អាច​បង្ក​ជា​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង ​ដល់​តំបន់​ខ្ពង់​រាប និង​តំបន់​ទំនាប​កណ្តាល​ មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សូម​បញ្ជាក់​ថា វិសម្ពាធ​នេះ​នឹង​ធ្វើ​ការ​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​ ១៨​ ខែ កញ្ញា​នេះ។​អត្ថបទដោយ៖ ព្រឿន បញ្ញារី

ទឹកជំនន់នៅក្នុងប្រទេសកម្ពុជាដែលបានជនលិចភូមិ នាឆ្នាំកន្លងទៅ។
ទឹកជំនន់នៅក្នុងប្រទេសកម្ពុជាដែលបានជនលិចភូមិ នាឆ្នាំកន្លងទៅ។ siv channa
ផ្សាយពាណិជ្ជកម្ម

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ និង​ជា​ប្រធាន​ខុទ្ទកាល័យ​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន បា្រប់​វិទ្យុ​បារាំង​ថា​វិសម្ពាធ​នេះ​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​តំបន់​ខ្ពង់​រាប គឺ​នៅ​ចន្លោះ​ព្រំដែន​ប្រទេស​ឡាវ និង​កម្ពុជា ដែល​នឹង​ធ្វើ​ដំណើរ​ពី​ភាគ​ខាង​ជើង​នៃ​ខេត្ត​ស្ទឹង​ត្រែង។​ ឥទ្ធិពល​ថ្មី​នេះ​បាន​បង្ក​អោយ​មាន​ជា​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់​ខ្ពង់រាប ហើយ​ជា​បណ្តោះ​អាសន្ន​ទាំង​តំបន់​ខ្ពង់រាប​ និង​តំបន់​ទំនាប​កណ្តាល​មួយ​ចំនួន បាន​ទទួល​នូវ​របាយ​ទឹក​ភ្លៀង​លើស​ពី​ ១០០​មម​នៅ​ក្នុង​រយៈ​ពេល​២៤​ម៉ោង។

សូម​ជម្រាប​ថា​ នេះ​គឺ​ជា​កម្រិត​ទឹក​ភ្លៀង​បរិមាណ​ច្រើន ដែល​អាច​បង្ក​អោយ​មាន​ទឹក​ជំនន់​ជន់​លិច​ភ្លាម​ៗ។ រហូត​មក​ដល់​ពេល​នេះ វិសម្ពាធ​នេះ​បាន​ជះ​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ខ្ពង​រាប​មួយ​ចំនួន​រួម​មាន ​ស្រុក​ក្រឡាញ់​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ដោយ​តំបន់​នេះ​បាន​ទទួល​របាយ​ទឹក​ភ្លៀង​រហូត​ទៅ​ដល់​ ១០៥មម​។ ក្រៅ​ពី​តំបន់​នេះ អាង​តាម៉ុក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ក៏​កំពុង​តែ​រង​ឥទ្ធិពល​ពី​វិសម្ពាធ​នេះ​ផង​ដែរ ដោយ​នៅ​ក្នុង​នោះ​ចរន្ត​ទឹក​ ដែល​មាន​កម្រិត​ខ្លាំង​បាន​ហូរ​ពី​លើ​ស្ពាន ដែល​បណ្តាល​អោយ​ផ្អាក​ដំណើរការ​ធ្វើ​ចរាចរ​មូយ​រយៈ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ធនធាន​ទឹក​ក៏​បាន​ចេញ​នូវ​វិធានការណ៍​មួយ​ចំនួន​ដូច​ជា ការ​ត្រៀម​នូវ​គ្រឿង​ចក្រ​មួយ​ចំនួន​ធ្វើ​យ៉ាង​ណា​ ដើម្បី​បើក​ផ្លូវ​ទឹក​ ដើម្បី​អោយ​ចរន្ត​ទឹក​ភ្លៀង​ហូរ​ទៅ​កាន់​បឹង​ទន្លេ​សាប​អោយ​កាន់​តែ​ឆាប់​រហ័ស។ នេះ​គឺ​ជា​វិធានការណ៍​ចម្បង​មួយ ដែល​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​កើត​មាន​នូវ​ការ​ជន់​លិច​ទឹក​ភ្លៀង ក៏​ដូច​ជា​ជៀសវាង​ការ​ខូចខាត​ផ្សេង​ៗ​ ដែល​អាច​កើត​មាន។

សូម​បញ្ជាក់​ថា ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប និង​វិសម្ពាធ​នេះ​បាន​នឹង​កំពុង​បន្ត​គំរាម​កំហែង​នៅ​ស្ទើរ​តែ​គ្រប់​ក្រប​ខណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​បាន​អះអាង​ថា​ មាន​ទីតាំង​ ដែល​ប្រឈម​នូវ​ឥទ្ធិពល​នេះ​ខ្ពស់​ជាង​គេ​គឺ តំបន់​ខ្ពង់​រាប​ភាគ​ឥសាន​រួម​មាន​ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង​រួម​មាន​ព្រះវិហារ​ និង​ខេត្ត​ឧត្តរមានជ័យ ព្រម​ទាំង​តំបន់​ទំនាប​កណ្តាល​ចំនួន ២​ខេត្ត​គឺ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​សៀមរាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ