អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អ្នក​នាំ​ពាក្យ៖ ការ​បោះ​ឆ្នោត​នឹង​មិន​លើក​ពេល​នោះ​ទេ ទោះ​ខេត្ត​ក្រុង​មួយ​ចំនួន​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​អះអាង​ថា ការ​បោះ​ឆ្នោត​ជាតិ​នៅ​ចុង​ខែ​កក្កដា​នេះ នឹង​មិន​មាន​ការ​ពន្យា​ពេល​នោះ​ទេ បើ​ទោះ​បី​ជា​ខេត្ត​ក្រុង​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ក៏​ដោយ។ គួរ​ជំរាប​ជូន​ថា កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​អាទិត្យ ទី ២៩ ខែ​កក្កដា ចុង​សប្តាហ៍​នេះ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប @nec
ផ្សាយពាណិជ្ជកម្ម

កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី​៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ កក្កដា ខាង​មុខ ដោយ​ឥត​មាន​ការ​ប្រែ​ប្រួល​នោះ​ទេ បើ​ទោះ​បី​ជា​ខេត្ត ក្រុង មួយ​ចំនួន​របស់​កម្ពុជា កំពុង​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ក៏​ដោយ។ តែ​អ្វី​ដែល​អាច​ប្រែ​ប្រួល នោះ​គឺ​ទី​តាំង​ការិយាល័យ​នៃ​ការ​បោះ​ឆ្នោត​ដែល​រង​ការ​លិច​លង់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប។

គួរ​ជំរាប​ជូន​ថា អស់​ពី​ជំនន់​ទឹក​ភ្លៀង​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ខេត្ត​ចំនួន​៧​នៅ​ភាគ​នីរតី និង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ហើយ ខេត្ត​នៅ​ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា គឺ​ខេត្ត​រតនគីរី ក៏​កំពុង​ជន់​លិច​ដោយ​សារ​តែ​ទឹក​ទន្លេ​សេសាន។ ទឹក​ទន្លេ​សេសាន​ដែល​បាន​ហក់​ឡើង​ខ្ពស់​ដល់ ៨,៣០​ម៉ែត្រ ហួស​ពី​ការ​ប្រកាស​អាសន្ន ០,៣០​ម៉ែត្រ កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា បាន​បណ្តាល​ឲ្យ​ជន់​លិច​ស្រុក​ចំនួន​៤​នៃ​ខេត្ត​រតនគីរី ​គឺ​ស្រុក​អណ្តូង​មាស ស្រុក​តាវែង វ៉ឺនសៃ និង​ស្រុក​អូយ៉ាដាវ​ជា​ដើម។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និច​ហ្វិក បាន​ដាក់​ការ​ព្រួយ​បារម្ភ​ថា​ ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទីតាំង​ការិយាល័យ​នៃ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​អះអាង​ថា គ.ជ.ប ​បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ទប់​ទល់​នឹង​ស្ថានភាព​នេះ។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ចុង​សប្តាហ៍​នេះ នឹង​មិន​ផ្លាស់​ប្តូរ​នោះ​ឡើយ។ ប៉ុន្តែ​ថា ទឹក​ជំនន់​អាច​រំខាន​តិច​តួច ទៅ​ដល់​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​ដែល​ត្រូវ​លិច​ទឹក។ បើ​តាម​លោក ហង្ស ពុទ្ធា គ.ជ.ប បាន​ត្រៀម​ផែនការ (ខ) រួច​ហើយ បើ​ផែនការ (ក) មិន​អាច​ធ្វើ​ទៅ​បាន នោះ​គឺ​ការ​ផ្លាស់​ប្តូរ​ទី​តាំង​ការិយាល័យ​បោះ​ឆ្នោត ប្រសិន​បើ​ការិយាល័យ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង ត្រូវ​បាន​ជន់​លិច​នៅ​ថ្ងៃ​បោះ​ឆ្នោត។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង​៨​លាន​នាក់ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត នឹង​ចេញ​ទៅ​​បោះ​ឆ្នោត នៅ​ថ្ងៃ​អាទិត្យ ទី ២៩ កក្កដា ចុង​សប្តាហ៍​នេះ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូល​រួម។ ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​២២៩៦៧ ការិយាល័យ​នៅ​ទូទាំង​ប្រទេស ចាប់​ពី​វេលា​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៣​រសៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ