អានតួអត្ថបទ
កម្ពុជា

មួយ​សប្ដាហ៍​មុន​បោះ​ឆ្នោត ការិយាល័យបោះឆ្នោតខ្លះ​នៅកម្ពុជា ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង

ជាង​មួយ​សប្ដាហ៍​មុនកម្ពុជា​រៀបចំ​​ការ​បោះ​ឆ្នោត​ជាតិនៅ​ថ្ងៃ​ទី​២៩​កក្កដា ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​ត្រូវ​រង​ការ​ជន់​លិច។ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គជប ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ដែរ កំពុង​តែ​រង់ចាំ​មើល​ស្ថានការណ៍​ទឹក​ជំនន់ ដោយ​សង្ឃឹម​ថា អាច​ស្រក​ទៅ​វិញ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​។ ប៉ុន្តែ​ប្រសិន​បើ​ទឹក​ជំនន់​ស្រក​មិន​ទាន់​ទេ គជប និង​អាជ្ញាធរ​ពាក់ព័ន្ធ នឹង​មាន​វិធានការ​ដោះ​ស្រាយ​តាម​សភាពការណ៍​ជាក់​ស្ដែង​ជា​បន្ត​ទៀត​។

ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុង ថ្ងៃ​ទី​១៩ កក្កដា ២០១៨
ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុង ថ្ងៃ​ទី​១៩ កក្កដា ២០១៨ ក្រសួង​ធនធាន​ទឹក និង ឧតុនិយម
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​បឋម​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​ដឹង​ថា ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​យ៉ាង​ហោច​ណាស់៤ កំពុង​រង​ការ​ជន់​លិច ដោយ​សារ​តែ​ជំនន់​ទឹក​ភ្លៀង​។ ក្នុង​នោះ​រួម​មាន ខេត្ត​កោះកុង​២​ការិយាល័យ កំពង់ឆ្នាំង​២​ការិយាល័យ ​កំពង់ចាម​ជន់​លិច​ជាង​១០​ការិយាល័យ​ និង​នៅ​ខេត្ត​កំពង់ស្ពឺ​មាន​ចំនួន​១២​ការិយាល័យ​​។

ការ​ជន់​លិច​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួននៅ​តាម​បណ្ដា​ខេត្ត​នេះ កើត​ឡើង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ព្យុះ​ទី​៩ ឈ្មោះ សុនទីញ ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ច្រើន​ថ្ងៃ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។ គិត​ត្រឹម​ថ្ងៃ​ទី​១៩​កក្កដា​នេះ ខេត្ត​ចំនួន​៧​រង​ការ​​ជន់​លិចនិង​ប្រឈម​នឹង​ការ​ជន់​លិច​​ដោយ​ជំនន់​ទឹក​ភ្លៀង ជា​អាថិ៍៖ ខេត្ត​កំពង់ស្ពឺ ព្រះសីហនុ កំពត កែប កោះកុង ប៉ៃលិន និង​បាត់ដំបង​។ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ព្យាករណ៍​ថា ភ្លៀង​នឹង​នៅ​តែ​បន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃ​ទី​២៤​កក្កដា ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ​។

លោក ឌឹម សុវណ្ណារុំ អ្នក​នាំ​ពាក្យ គជប បញ្ជាក់​ថា គជប កំពុង​តែ​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ចំពោះ​ស្ថានភាព​អាកាសធាតុ និង​ទឹក​ជំនន់​ដែល​បាន​ជន់​លិច​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​នៅ​កម្ពុជា​។ ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​នឹង​ឈាន​ចូល​មក​ដល់​នៅ​ចុង​សប្ដាហ៍​ក្រោយ អ្នក​នាំ​ពាក្យ​ គជប រូប​នេះ សង្ឃឹម​ថា ជំនន់​ទឹក​ភ្លៀង​ដែល​លិច​ការិយាល័យ​បោះ​ឆ្នោតមួយ​ចំនួន​នោះ ​នឹង​ស្រក​ទៅ​វិញ​ទាន់​ពេល​វេលា​។ ប៉ុន្តែ នៅ​ក្នុង​ករណី​ដែល​ទឹក​ជំនន់​ស្រក​មិន​ទាន់​ទេ ​អាជ្ញាធរ​ខេត្ត​​នឹង​ស្នើ​មក​​កាន់ គជប ឲ្យ​ផ្លាស់​ប្ដូរ​ការិយាល័យ​ដែល​ជន់​លិច​នោះ​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព​​។ លោក ឌឹម សុវណ្ណារុំ ថា គជប នឹង​ពិនិត្យ​លើ​សំណើ​របស់​អាជ្ញាធរ​ខេត្ត ហើយ​សម្រេច​ទៅ​តាម​ករណី​ជាក់​ស្ដែង ដើម្បី​ធ្វើ​យ៉ាង​ណា​​អនុញ្ញាត​ឲ្យ​ការ​បោះ​ឆ្នោតអាច​​​ដំណើរការ​ទៅ​បាន​ដោយ​គ្មាន​ការ​រាំង​ស្ទះ​​​។

សូម​បញ្ជាក់​ថា ការិយាល័យ​បោះ​ឆ្នោត​ចំនួន​២២,៩៦៧ នៅ​ទូទាំង​ប្រទេស នឹង​បើក​ទ្វារ​ដំណើរការ​នៅ​ម៉ោង​៧​ព្រឹក​ព្រលឹម​ថ្ងៃ​២៩​កក្កដា​។ ជា​ថ្ងៃ​ដែល​​ប្រជាពល​រដ្ឋ​ខ្មែរ​ជិត​៨​លាន៤សែន​នាក់ ​ត្រូវ​​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។ ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​ចំនួន​២០​​ចូល​រួម​ប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​​យក​អាសនៈ១២៥ក្នុងរដ្ឋសភា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ