អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តម្រង់​ទិសសិស្សបញ្ចប់​បាក់ឌុប ដើម្បី​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​​ប្រឡង​បាក់ឌុប សន្មត់​ថា​ចប់​ជា​ស្ថាពរ​ហើយ បន្ទាប់​ពី​ប្រកាស​លទ្ធផល​ចប់​សព្វ​គ្រប់​​កាល​ពី​ម្សិលមិញ។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ការងារ​អប់រំ​សម្រាប់​សិស្ស​ដែល​ទើប​តែ​បញ្ចប់​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​​ទេ​។ ការ​តម្រង់​ទិស​សម្រាប់​សិស្ស​ជាប់​បាក់ឌុប និង​សិស្ស​ធ្លាក់​បាក់ឌុប គឺ​ជា​ការងារ​ដែលគ្រប់​ភាគី​ពាក់ព័ន្ធ​​ត្រូវ​ធ្វើបន្ត ដើម្បី​ធានា​ថា ​សិស្ស​ទាំង​អស់ ជ្រើស​រើស​ជំនាញ​សិក្សាបាន​​ត្រឹម​ត្រូវ​។ ការ​ជ្រើស​រើស​ជំនាញ​សិក្សា​បាន​ត្រឹម​ត្រូវ ដែល​​ជា​កត្តា​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​។

យុវជន​សិក្សា​ជំនាញ​បច្ចេកទេស នៅសមាគម​សម្ព័ន្ធ​យុវជន​ខ្មែរ​​ដើម្បី​បង្កើត​ការងារ​
យុវជន​សិក្សា​ជំនាញ​បច្ចេកទេស នៅសមាគម​សម្ព័ន្ធ​យុវជន​ខ្មែរ​​ដើម្បី​បង្កើត​ការងារ​ សហការី
ផ្សាយពាណិជ្ជកម្ម

អត្រា​យុវជន​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា មាន​កម្រិត​ប្រមាណ​០,៧​ភាគ​រយ។ នេះ​បើ​ផ្អែក​តាម​​របាយការណ៍​ចុង​ក្រោយ​របស់​​ធនាគារ​ពិភពលោក ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣​។ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៣​នោះ​ដែរ អត្រា​គ្មាន​ការងារ​ធ្វើ​នៃ​យុវជន​កម្ពុជា​ជា​ទូទៅ មាន​កម្រិត​ប្រមាណ​២,១​ភាគ​រយ ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​ដែល​ទទួល​បាន​ការ​សិក្សា​ខ្ពស់ មាន​កម្រិត​ខ្ពស់​រហូត​ដល់​ទៅ​៣,៨​ភាគ​រយ​ឯ​ណោះ​។

ភាព​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​កម្ពុជា​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​​បន្ទោស​ទៅ​លើ​ការ​រើស​ជំនាញ​សិក្សា​ខុស ក្រោយ​ពី​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​រួច​។ កន្លង​មក យុវជន​មួយ​ចំនួន​ដោយ​សារ​តែ​មិន​ស្គាល់​ខ្លួន​ឯង​ច្បាស់ ក្រោយ​ពេល​ប្រឡង​បាក់ឌុប​រួច បាន​ជ្រើស​រើស​ជំនាញ​សិក្សា​តាម​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ ប៉ុន្តែ​នៅ​ពេល​រៀន​ចប់ ក៏​បាន​ងាក​មក​ធ្វើ​ការងារ​ដែល​ខ្លួន​ចូល​ចិត្ត​វិញ​​។ យុវជន​មួយ​ចំនួន​ទៀត នៅ​ពេល​បញ្ចប់​ការ​សិក្សា ក៏​​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ទៅ​តាម​មុខ​ជំនាញ​ដែល​ខ្លួន​សិក្សា​នោះ ទាំង​​មិន​សូវ​ពេញ​ចិត្ត។ ចំណែក​យុវជន​មួយ​ចំនួន​ទៀត ជ្រើស​រៀន​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​ហើយ ប៉ុន្តែ​នៅ​ពេល​រៀន​ចប់ បែរ​ជា​ពិបាក​រក​ការងារ​ធ្វើ​ទៅ​វិញ​។ ពិបាក​រក​ការងារ​ធ្វើ ដោយ​សារ​តែ​ជំនាញ​ដែល​ពួក​គេ​រៀន​នោះ គឺ​មិន​សូវ​មាន​តម្រូវ​ការ​ទីផ្សារ​ការងារ​។

នៅ​ក្នុង​បរិបទ​ដូច្នេះ និង​ជា​ពិសេស​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ការងារ​សម្រាប់​យុវជន ការ​តម្រង់​ទិសសម្រាប់​​សិស្ស​ដែល​ទើប​តែ​ប្រឡង​បាក់ឌុប​ គឺ​ជា​រឿង​ចាំបាច់​ដែល​ស្ថាប័ន​អប់រំ និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ធ្វើ​។

ទី​មួយ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​យុវជន​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​។ នេះ​គឺ​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​យុវជន ជ្រើស​រើស​មុខ​ជំនាញ​សិក្សា ឲ្យ​ត្រូវ​នឹង​ចំណង់ចំណូល​ចិត្ត ក៏​ដូច​ជា​គោលដៅ​អនាគត​របស់​ពួក​គេ​។ ស្ថាប័ន​អប់រំ និង​ជា​ពិសេស​ក្រុម​គ្រួសារ ត្រូវ​គាំទ្រ​ការ​ស្វែង​រក​ខ្លួន​​ឯង​របស់​សិស្ស​។ ពោល គឺ​ត្រូវ​ជួយ​ឲ្យ​ពួក​គេ​ស្គាល់​ខ្លួន​ឯង ដឹង​ថា​ខ្លួន​ឯង​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​អ្វី​ខ្លះ​? មាន​ទេព​កោសល្យ​អ្វី​? ចូល​ចិត្ត​ធ្វើ​ការងារ​អ្វី? និង​ចង់​ក្លាយ​ទៅ​ជា​អ្វី​នា​ពេល​អនា​គត​?

ទី​ពីរ​គឺ​យុវជន​ខ្លួន​ឯង មិន​ត្រូវ​ជ្រើស​រើស​ជំនាញ​សិក្សា​តាម​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ​ឡើយ​។ បន្ទាប់​ពី​ស្វែង​យល់​ពី​ខ្លួន​ឯង​បាន​ច្បាស់​លាស់​ហើយ អ្នក​ជំនាញ​ផ្នែក​អប់រំ​ផ្ដល់​យោបល់​ឲ្យ​យុវជន​ជ្រើស​រៀន​តាម​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត រៀន​ទៅ​តាម​អ្វី​ដែល​ជា​ទេពកោសល្យ​របស់​ខ្លួន និង​ជា​ពិសេស​គឺ​សម​ស្រប​ទៅ​តាម​ទី​ផ្សារ​ការងារ​ផង​ដែរ​។

ការ​សិក្សា​មុខ​ជំនាញ​ដែល​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ គឺ​ជា​រឿង​កត្តា​សំខាន់​ទី​បី ដែល​អាច​ធានា​សុវត្ថិភាព​ការងារ​សម្រាប់​យុវជន​នៅ​ពេល​រៀន​ចប់​។ ក្នុង​នោះ ស្ថាប័ន​អប់រំ ក្រសួង​អប់រំ ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​សហការ​គ្នា​ផ្ដល់​ព័ត៌មាន​ដល់​យុវជន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​ជំនាញតម្រូវ​ការ និង​​ទីផ្សារ​ការងារ​។

ឧទាហរណ៍​ថា ​យុវជន​ដែល​ជាប់​បាក់​ឌុប មាន​ទេពកោសល្យ​និង​មាន​ចំណង់​ចំណូល​ចិត្ត​ផ្នែក​ទេសចរណ៍​ តើ​មាន​ជំនាញ​អ្វី​ខ្លះ​ដែល​ពួក​គេ​អាច​សិក្សា​បាន? ​ហើយ​ថា​តើ​ពួក​គេ​គួរ​តែ​ជ្រើស​សិក្សា​ជំនាញ​អ្វី ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ទី​ផ្សារ​ការងារ​បច្ចុប្បន្ន និង​ទៅ​អនាគត​? ដោយ​ឡែក ចំពោះ​យុវជន​ដែល​ធ្លាក់​បាក់ឌុប ពួក​គេ​​ត្រូវ​ការ​កម្លាំង​ចិត្ត​និង​ការ​ចង្អុល​បង្ហាញ​ពី​ផ្លូវ​មួយ​ចំនួន​ដែល​ពួក​គេ​អាច​ដើរ​បាន​។ ថាតើ​ពួក​គេ​គួរ​តែ​រៀន​ត្រួត​ថ្នាក់​ដើម្បី​រង់​ចាំ​ការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​ក្រោយ ឬ​គួរ​តែ​រៀន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​រង ឬ​គួរ​តែ​ប្ដូរ​ទៅ​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស​​​?

ជា​ការ​ពិត ការ​ជ្រើស​រើស​មុខ​ជំនាញ សំខាន់​ណាស់ ព្រោះ​ប្រសិន​បើ​ជ្រើស​ខុស វា​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ការងារ​របស់​យុវជន​នៅ​ពេល​រៀន​ចប់​។ ការ​ជ្រើស​រើស​មុខ​ជំនាញ​ខុស​ គឺ​ជា​បញ្ហា​ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​យុវជន​ខ្មែរ​ជា​ច្រើន គ្មាន​ការងារ​ធ្វើ​។ ដូច្នេះ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​ចូល​រួម​​តម្រង់​ទិស​យុវជន ជា​ពិសេស​​សិស្ស​ជាប់​បាក់ឌុប និង​សិស្ស​ធ្លាក់​បាក់ឌុប ដើម្បី​ធានា​ថា ​សិស្ស​ទាំង​អស់ ជ្រើស​រើស​ជំនាញ​សិក្សាបាន​​ត្រឹម​ត្រូវ​។ ការ​ជ្រើស​រើស​ជំនាញ​សិក្សា​បាន​ត្រឹម​ត្រូវ ដែល​​ជា​កត្តា​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ