អានតួអត្ថបទ
កម្ពុជា

បាក់​ឌុប​២០១៥៖ និទ្ទេស A ១០៨​នាក់ ក្នុង​នោះ ៤៨​នាក់​នៅ​ភ្នំពេញ

លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ២០១៥​នេះ ជាប់ជាង​៥៥​ភាគ​រយ កើន​លើស​ឆ្នាំ​មុន​១៥​ភាគ​រយ​។ នេះបើតាមការបញ្ជាក់របស់លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡានៅថ្ងៃទី ១២ កញ្ញានេះ។ ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានរហូតដល់ទៅ​១០៨​នាក់ ​ខណៈ​ឆ្នាំ​២០១៤​កន្លង​ទៅ មាន​អ្នក​ជាប់​និទ្ទេស A ត្រឹមតែ​១១​នាក់​ប៉ុណ្ណោះ​។ បើ​តាម​លោក​រដ្ឋ​មន្ដ្រី សិស្ស​ដែល​ជាប់និទ្ទេស A ចំនួន​៤៨​នាក់ គឺ​ជា​សិស្ស​នៅ​ទីក្រុង​ភ្នំពេញ​។

បេក្ខជនរីករាយនៅពេលឃើញឈ្មោះរបស់គេមិនមានស្នាមឆូតប៊ិចក្រហមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៤
បេក្ខជនរីករាយនៅពេលឃើញឈ្មោះរបស់គេមិនមានស្នាមឆូតប៊ិចក្រហមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៤ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​ស្តី​ពី​លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៥​នេះ ថា​បេក្ខជន​ទទួល​បាន​និទេ្ទស A មាន​ចំ​នួន​១០៨នាក់ និទ្ទេស B មាន​ចំនួន ១,០៨៥ និទ្ទេស C មាន​ចំនួន​៣,២៩២​នាក់ និទ្ទេស D មាន​ចំនួន​៦, ០៩៣​នាក់ និង​និទ្ទេស E មាន​ចំនួន ៣៥,៩៨២​នាក់​។ ក្នុង​ចំណោម​បេក្ខជន​ទទួល​បាន​និទ្ទេស A ចំនួន​១០៨​នាក់ មាន​អ្នក​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៤៨​នាក់ សៀមរាប ១៤នាក់ បាត់​ដំបង ៧​នាក់ ត្បូង​ឃ្មុំ​និង​តាកែវ ៦​នាក់ ​ក្នុង​មួយ​ខេត្ត កណ្តាល​និង​កំពង់​ចាម​៥​នាក់ ក្នុង​មួយ​ខេត្ត កំពត​៤​នាក់ ព្រះ​វិហារ កំពង់​ធំ បន្ទាយ​មាន​ជ័យ ក្រចេះ និង​ព្រះសីហនុ ២នាក់ ក្នុង​មួយ​ខេត្ត ហើយ​កំពង់​ស្ពឺ ស្វាយ​រៀង និង​បៃលិន ១នាក់ ក្នុង​មួយ​ខេត្ត​។

 
បេក្ខជន​ប្រឡង​ជាប់​ក្នុង​សម័យ​ប្រឡង​ឆ្នាំ ២០១៥​នេះ មាន​ចំនួន​ជាង ៤​ម៉ឺន​នាក់ (៤៦,៥៦០នាក់)  ក្នុង​ចំណោម​បេក្ខ​ជន​ជាង​៨​ម៉ឺន​នាក់ (៨៣,៣២៥នាក់) ត្រូវជា ៥៥,៨៨ភាគ​រយ​។ ក្នុង​នោះ​មាន​បេក្ខជន​ដែល​ប្រឡង​ជាប់​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់ (៣៩,៦៨៨នាក់) ក្នុង​ចំណោម​បេក្ខ​ជន​ជាង ៧​ម៉ឺន​នាក់ (៧៣,៦៧០នាក់) ត្រូវ​ជា​ ៥៣,៨៧​ភាគ​រយ​។ ហើយ​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ជាង ៦ពាន់​នាក់ (៦,៨៧២នាក់) ក្នុង​ចំណោម​បេក្ខ​ជនជាង ៩ពាន់នាក់ (៩,៦៥៥នាក់) ត្រូវ​ជា ៧១,១៨ភាគរយ​។

ការ​ប្រឡង​សញ្ញា​បត្រមធ្យម​សិក្សា​ទុតិយ​ភូមិ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ២៤-២៥ ខែ​សីហា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ មាន​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី ខេត្ត​សរុប ១៥០ មណ្ឌល មាន​បន្ទប់​ប្រឡង ៣៤២៧ បន្ទប់ និង​បេក្ខជន​ប្រឡង​សរុប​ជាង ៨​ម៉ឺន​នាក់ (៨៣,៣២៥នាក់) ដែល​ក្នុង​នោះ​មាន​បេក្ខជន​ជាង ៧ម៉ឺន​នាក់ (៧០,៩៧៣នាក់) មកពី​គ្រឹះ​ស្ថាន​សិក្សា​រដ្ឋ បេក្ខ​ជន​ជាង​៩ពាន់​នាក់ (៩,៥២៧នាក់) មកពី​គ្រឹះស្ថាន​សិក្សា​ឯកជន និង​បេក្ខជន​ចំនួន​ជាង​៩​ពាន់​នាក់ទៀត (៩,៤៣៤នាក់) ជា​បេក្ខជន​ស្វៃរិន។ ការ​ប្រកាស​លទ្ធផល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី ១២ កញ្ញា សម្រាប់​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅ​ព្រឹក​ថ្ងៃ​ទី ១៣ កញ្ញា​សម្រាប់​ខេត្ត​ដទៃ​ទៀត​។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ