អានតួអត្ថបទ
កម្ពុជា

NGO Forum ៖រាជធានី​ភ្នំពេញ​មាន​អត្រា​វិវាទ​ដីធ្លី​កើតឡើង​ខ្ពស់​ជាងគេ

រាជធានី​ភ្នំពេញ​ឈរ​នៅ​លំដាប់​ថ្នាក់ទីមួយ​ដែលមាន​អត្រា​វិវាទ​ដីធ្លី​កើតឡើង​ខ្ពស់បំផុត ហើយ​បន្ទាប់មក​ខេត្តរតនគិរី​ស្ថិតក្នុង​លំដាប់​ទី​ពីរ។ នេះ​បើ​យោងតាម​ការវិភាគ​ស្ថិតិ​ស្ដីពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៤ដែល​ផ្សព្វផ្សាយ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​នៅ​ថ្ងៃទី២២កញ្ញា​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង និង ខេត្តព្រះសីហនុ។ RFI/ វណ្ណ សុគន្ធា
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​នាំមុខ​ខេត្ត​ក្នុង​រឿង​វិវាទ​ដីធ្លី​ដោយសារតែ​ការអភិវឌ្ឍន៍​ក្រុង​ប៉ះចំ​កន្លែង​រស់នៅ​របស់​ពលរដ្ឋ និង​កំណើនប្រជាជន​ក្រីក្រ​ដែល​កំពុង​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ។ ចំពោះ​ខេត្តរតនគិរី​ដែល​សំបូរ​ទៅដោយ​ជនជាតិដើម​ភាគតិច​រស់នៅ​នោះ​គឺ​ដោយសារ​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ប៉ះពាល់​ដល់​ធនធាន​រួម​របស់​ជនជាតិដើម​ភាគតិច។ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​មាន​វិវាទ​កើតឡើង​រវាង​ក្រុមហ៊ុន​និង​ជនជាតិដើម​ភាគតិច។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល។

បើតាម​លោក តឹក វណ្ណ​រ៉ា វិវាទ​ដីធ្លី​ទាំងនេះ​គឺជា​ផ្នែក​មួយ​ដែល​រកឃើញ​នៅក្នុង​ការវិភាគ​ស្ថិតិ​ស្ដីពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៤របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​(NGO Forum)។ បើតាម​របាយកាណ៍​វិភាគ​នេះ​ឆ្នាំ២០១៤វិវាទ​ដីធ្លី​នៅ​ទូទាំងប្រទេស​កើត​មាន​៣៥២​ករណី ហើយ​ក្នុង​មួយ​ករណី NGO Forum ធ្វើ​ការ​វិភាគ​ទៅ​លើ​ជម្លោះ​ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ចាប់​ពី​ប្រាំ​គ្រួសារ​ឡើង​ទៅ។ ក្នុង​ចំណោម​វិវាទ​ដីធ្លី​កើត​មាន​៣៥២​ករណី​នេះ​គឺ ៦៨ករណី​ត្រូវ​បាន​ដោះស្រាយ ១៤ករណី​ត្រូវ​បាន​បោះបង់​ចោល​ដោយ​ភាគី​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ និង ២៧០ ករណី​កំពុង​ធ្វើ​ការ​ដោះស្រាយ​បន្ត។ ក្នុង​ចំណោម ២៧០ ករណី​ដែល​​កំពុង​ដោះស្រាយ​បន្ត​នេះ​មាន​៤៩ករណី​បាន​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំបី។

លោក អេ ប៊ុន​អឿន ជា​មន្ត្រី​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ​របស់​ក្រសួង​ដែនដី​ដែល​ចូលរួម​ក្នុង​វេទិកា​នេះ​មិនបាន​បង្ហាញ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​អំពី​ការចូលរួម​របស់​ក្រសួង​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​នៅ​សេ​សល់​ចំនួន២៧០ករណី​នោះទេ។ ព្រោះ​ក្រសួង​មិន​ដែល​បាន​ទទួល​ពាក្យ​បណ្ដឹង​ទាំង​នេះ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ​លោក អេ ប៊ុន​អឿន បាន​បញ្ជាក់​ដោយ​ខ្លី​ថា ការ​អនុវត្ត​ទៅ​តាម​គោល​នយោបាយ​ចុះ​បញ្ជី​ដី​តាម​បទបញ្ជា​០១​ចាប់​ពី​ឆ្នាំ​២០១២​មក​ទំនាស់​ដីធ្លី​មាន​ការ​ថយ​ចុះ។

ការ​វិភាគ​ដដែល​បង្ហាញ​ទៀតថា សម្បទាន​ដី​សេដ្ឋកិច្ច​គឺជា​មូលហេតុ​ចម្បង​នៃ​វិវាទ​ដីធ្លី​មាន​ចំនួន​រហូត​ដល់​ទៅ​៨៦ករណី​ហើយ​បង្ក​ទៅ​ជា​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៧.១៥០​គ្រួសារ។ សូម​បញ្ជាក់​ថា គោល​បំណង​នៃ​របាយការណ៍​នេះ​គឺ​ដើម្បី​ផ្ដល់​ភស្ដុតាង​ជា​ឯកសារ​នៃ​វិវាទ​ដីធ្លី​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ២០១៤និង​ចូលរួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ស្ថានភាព​បច្ចុប្បន្ន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ