អានតួអត្ថបទ
កម្ពុជា

តុលាការ​កោះ​ហៅ​លោកសុខ ឥសាន និង​លោក អ៊ូវីរៈ ក្នុង​រឿង​បរិហារ​កេរ្តិ៍

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ចូល​ខ្លួន​ដើម្បី​ផ្តល់​សក្ខី​កម្ម​ពី​បណ្តឹង​បរិហារកេរ្តិ៍​លោក​អ៊ូ វីរៈ។ លោក​សុខ ឥសាន​អះអាង​ថា​មាន​ភស្តុតាង​រឹង​ម៉ាំ​នៅ​ក្នុង​ដៃ។ ដោយ​ឡែក​លោក​អ៊ូ វីរៈ​វិញ បាន​លើក​ឡើង​ថា​បណ្តឹង​នេះ​តុលាការមិនគួរ​ចាត់​វិធាន​ការ​ទេ។

លោក អ៊ូ វីរៈ(ឆ្វេង)​ និង​លោក ​សុខ ​ឥសាន (ស្តាំ)។​
លោក អ៊ូ វីរៈ(ឆ្វេង)​ និង​លោក ​សុខ ​ឥសាន (ស្តាំ)។​
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃទី៦ ឧសភា​ខាងមុខនេះ លោក សុខ ឥសាន នឹងត្រូវ​ចូលខ្លួន​ផ្តល់​ចម្លើយ​ទៅ​តុលាការ​ក្នុង​សំណុំរឿង​បណ្តឹង​លោក​អ៊ូ វីរៈ។ ដោយឡែក​លោក​អ៊ូ វីរៈ​វិញ នឹងត្រូវ​ឆ្លើយបំភ្លឺ​នៅ​ចំពោះ​មុខ​​តុលាការ​នៅ​ថ្ងៃទី១២ ឧសភា​ខាងមុខនេះ។ ក្នុង​សំណុំ​រឿងនេះ លោក សុខ ឥសាន បាន​អះ​អាងថា លោក​មាន​ភស្តុតាង​យ៉ាង​រឹង​ម៉ាំ​ដើម្បី​ចោទប្រកាន់​ចុង​ចោល​ពីបទ​បរិហារកេរ្តិ៍​គណបក្ស​​ជា​សាធារណៈ។ ភស្តុតាង​នោះ​គឺ​ខ្សែអាត់​សំឡេង​របស់លោក​អ៊ូ​វីរៈ។

 
សូមបញ្ជាក់ថា លោក សុខ​ឥសាន បានដាក់​ពាក្យបណ្តឹង​លោក​អ៊ូ វីរៈ អ្នកវិភាគ​សង្គម​នយោបាយ និង​ជា​ប្រធាន​អង្គការ​វេទិកា​អនាគត​កាលពី​ថ្ងៃទី២៤ មេសា ពីបទ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​ជា​សាធារណៈ បន្ទាប់ពី​អ្នកវិភាគ​រូបនេះ បានផ្តល់​ការអត្ថាធិប្បាយ​រិះគន់​គណបក្សកាន់អំណាច​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ បណ្តឹង​នេះ លោក សុខ ឥសាន បាន​ទារ​សំណង​ជំងឺ​ចិត្ត១០០ លាន​រៀល។

ដោយឡែក​ខាង​លោក​អ៊ូ វីរៈ​វិញ បាន​ត្រៀម​មេធាវី​រួចហើយ​ចំពោះ​ករណីនេះ។ សម្រាប់​អ្នកវិភាគ​សង្គម​នយោបាយ​រូបនេះ តុលាការ​មិនគួរ​ចាត់ការ​លើ​បណ្តឹង​រឿងនេះ​ទេ​ព្រោះថា ការអត្ថាធិប្បាយ​របស់​លោក គឺគ្រាន់តែ​ជា​សិទ្ធ​នៃ​ការបញ្ចេញមតិ​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក​អ៊ូ​វីរៈ​នៅតែ​រិះគន់​ចំពោះ​ចំណាត់ការ​នេះ​ថា គឺជា​គំនាប​ដើម្បី​បំបិទ​សិទ្ធិសេរីភាព​ក្នុង​ការរិះគន់​រដ្ឋាភិបាល។ អ្នកវិភាគ​ដែលមាន​សញ្ជាតិ​ខ្មែរ និង​អាមេរិកកាំង​រូប​នេះ បាន​អះអាង​ក្រៅពី​យន្តការ​នៅក្នុង​ស្រុក លោក​ក៏មាន​ជម្រើស​ជា​យន្តការ​ក្រៅ​ស្រុក​ផងដែរ​ប្រសិនបើ​លោក​ទទួលរង​ភាពអយុត្តិធម៌។

សូម​រំលឹក​បន្តិច​ថា សំណុំរឿង​ក្តីក្តាំ​រវាង​លោក សុខ ឥសាន និង​លោក អ៊ូ​វីរៈ គឺ​ហូរ​ចេញពី​សំណុំរឿង​អាស្រូវ​ភ្លូវ​ភេទ​រវាង​ស្ត្រី​ម្នាក់ និង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ហើយ​ប​ច្ចុ​ប្បន្ន សំណុំរឿង​ស្នេហា​ដ៏​ស្មុគស្មាញ​នេះ បាន​អូសទាញ​សង្គម​ស៊ីវិល​មួយចំនួន និង មន្ត្រីជាន់ខ្ពស់​គ.ជ.ប ឱ្យ​ជាប់​ក្នុង​សំណាញ់​តុលាការ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ