អានតួអត្ថបទ
កម្ពជា

លោក​អ៊ូ វីរៈ​ផ្ញើ​​លិខិត​​ចំហ​​ទៅ​​កាន់​​ប្រមុខ​​បក្ស​​ទាំង​​ពីរ​​ពី​​គោល​​នយោបាយ​​កម្ពុជា​​ជាមួយ​ចិន​​និង​​អាមេរិក​

ប្រធាន​​វេទិកា​​អនាគត​​លោក អ៊ូ វីរៈ នៅ​​ថ្ងៃ​​ទី​​៩​​វិច្ឆិកា​​នេះ​​បាន​​ផ្ញើ​​លិខិត​​ចំហ​​មួយ​​ជូន​​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ទាក់​ទង​​នឹង​​គោល​នយោបាយ​​ការ​​បរ​ទេស​​រួម​​សម្រាប់​ប្រទេស​​កម្ពុជា​​អនុវត្ត​ជាមួយ​​អាមេរិក​ និង​​ចិន​​មុន​​ការ​​បោះឆ្នោត​​ថ្នាក់​ជាតិ​​ឆ្នាំ​​២០១៨។ ជា​គោល​​នយោបាយ​​មួយ​​ដើម្បី​​បង្ហាញ​​ទៅ​​សហគមន៍​​អន្តរជាតិ​​និង​​ប្រទេស​​ជិត​ខាង​ថា«កម្ពុជា​នឹង​​​មិន​អាច​​ក្លាយ​​ជា​​កូ​ន​​អុក​​ដែល​​គេ​​ប្រើ​​នៅ​​ក្នុង​​ការ​លេង​ ល្បែង​អំណាច​នយោបាយ​ភូមិ​សាស្ត្រ​របស់​មហា​អំណាច​ជា​ថ្មី​​ទៀត​​ឡើយ» ។

(រូបភាពឯកសារ)
(រូបភាពឯកសារ) RFI
ផ្សាយពាណិជ្ជកម្ម

លិខិត​ចំហ​ដែល​មាន​កម្រាស់​១៦​ទំព័រ​របស់​លោក អ៊ូ វីរៈ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីសង្គម​ស៊ីវិល​មួយ​រូប​ហ៊ាន​រិះគន់​រដ្ឋាភិបាល​និង​បក្ស​ប្រឆាំង​ដោយ​មិន​សំចៃ​មាត់​នោះបាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ទាក់ទង​គោល​នយោបាយ​ការ​បទេស​ទៅ​កាន់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ជាមួយ​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨។ លិខិត​ចំហ​របស់ លោក អ៊ូ វីរៈដែល​ផ្ដោត​សំខាន់​ទៅ​លើ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ ដែល​កម្ពុជា​ត្រូវ​ធានា​ខ្លួន​ថា​គោរព​ចំពោះ​ឋានៈ​មួយ​នេះ ហើយ​ត្រូវ​ស្ថិត​នៅ​អព្យាក្រឹត្យ។​

សម្រាប់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​គឺ​កម្ពុជា​ត្រូវ​តែ​ធ្វើ​ជា​មិត្តជាមួយ​មហា​អំណាច​ទាំង​ពីរ​និង​ត្រូវ​ស្ថិត​នៅ​ក្រៅ​ជម្លោះ​នៅ​ថ្នាក់​តំបន់​និង​ថ្នាក់​អន្តរ​ជាតិ។ ក្នុង​ន័យ​នេះ លោក អ៊ូ វីរៈ រម្លឹកថា ប្រសិន​បើ​កម្ពុជា​បង្ហាញ​យ៉ាង​ច្បាស់​ជា​សាធារណៈ​អំពី​ការ​គាំទ្រ​ប្រទេស​ចិន​ទាក់​ទង​ជម្លោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ កម្ពុជា​អាចបង្ក​ហានិភ័យ​នៃ​ការ​បែង​ចែក​ថ្មី​មួយ​ទៀត​ដែល​ជា​កត្តា​បង្អាក់​ដល់​ការ​អភិវឌ្ឍន៍​រវាងប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​ដែល​ប្រទេស​ទាំង​ពីរ​នេះ​អាច​ជា​កូន​អុក​ដ៏​សំខាន់នៅ​ក្នុង​យុគ​ថ្មី​នៃ​សង្គ្រាម​ត្រជាក់។

ទាំង​អាមេរិក​និង​ចិន​គឺ​ផ្ដល់​ប្រយោជន៍​ជាក់​ស្ដែង​និង​ប្រកប​ដោយ​សក្ដានុពល​ដល់​កម្ពុជា ប្រសិន​បើ​ជម្លោះ​មិន​កើត​ឡើង​ឬ​មុន​ពេល​ដែល​ជម្លោះ​កើត​ឡើង។ អាមេរិក​គឺជា​ម្ចាស់ជំនួយ​ដ៏​ធំ​ស្រាប់​ហើយ​ដោយ​បាន​វិនិយោគ​តាមរយៈ​ការ​ផ្ដល់​ជំនួយ​ជាង​ពាន់​លានដុល្លារ​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​១៩៩០​មក​នោះ។ ​អ្វី​ដែល​កម្ពុជា​ត្រូវ​ការ​ពី​អាមេរិក​ផ្នែកសេដ្ឋកិច្ច​គឺ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ។ ប្រទេស​ចិន​ក៏​បាន​វិនិយោគ​យ៉ាង​ច្រើន​នៅក្នុង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ នេះ​ជា​ការ​បន្ថែម​របស់​លោក អ៊ូ វីរៈ។

ប៉ុន្តែ​ជា​ការ​គត់សម្គាល់​ដោយ​លោក អ៊ូ វីរៈ គ្រោះ​ថ្នាក់​នៃ​ការ​ពឹង​ផ្អែក​ជ្រុល​ទៅ​លើ​ប្រទេស​ចិន​គឺប្រទេស​ផ្សេង​ទៀត​ដែល​បាន​ជួយ​ដល់​កម្ពុជា​ពី​មុន​មក​ដូច​ជា​អាមេរិក​ជា​ដើម​អាច​មើល ឃើញ​ថា​កម្ពុជា​ហាក់​ដូចជា​ជំពាក់​គុណ​ចិន​ខ្លាំង​ពេក​រហូត​ដល់​ពួក​គេ​មាន​ការ​ពិបាក់​ក្នុងការ​ជះ​ឥទ្ធិពល​ហើយ​វា​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ពឹង​ផ្អែក​ច្រើន​ឡើង​ទៅ​លើ​ប្រទេស​ចិន។

តាម​លោក អ៊ូ វីរៈ ជំនួយ​ដែល​ចិន​ផ្ដល់​កម្ពុជា​និង​ប្រយោជន៍​ដែល​ចិន​ទទួល​បាន​ពី​កម្ពុជា​វិញ​គឺ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ជា​ឧទាហរណ៍​បង្ហាញ​ស្រាប់។ ជា​រួមមក​លោក អ៊ូ វីរៈមើល​ឃើញ​ថា គោល​នយោបាយ​ចូលរួម​ដោយ​ស្មើភាព​និង​មិនចូល​បក្ស​សម្ព័ន្ធ​គឺ​មាន​សារៈ​សំខាន់​សម្រាប់​អនាគត​ប្រទេស​កម្ពុជា​ហើយ​វា​គួរ​តែ​មានការ​ព្រម​ព្រៀង​គ្នា​យ៉ាង​ច្បាស់​លាស់​ជាក់​ស្ដែង​មួយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ