អានតួអត្ថបទ
កម្ពុជា

កម្ពុជា និង​អាហ្វ្រិក​កណ្តាល​រៀប​ចំ​ពិធី​ប្រារព្ធ​វិញ្ញាណក្ខន្ធ​កង​ទ័ព​មួក​ខៀវ​កម្ពុជា ដែល​ទទួល​មរណៈភាព

កម្ពុជា​នៅ​ថ្ងៃ​នេះ រៀប​ចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​កង​ទ័ព​មួក​ខៀវ​ចំនួន ៤​រូប នៅ​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កម្លាំង​រក្សា​សន្តិភាព ខណៈ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​ក៏​មាន​រៀប​ចំ​ពិធី​នេះ​ដូច​គ្នា​ដោយ​មាន​ការ​ចូល​រូម​ពី​ប្រេសិត​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ និង​កង​កម្លាំង​រក្សា​សន្តិភាព​មក​ពី​ប្រទេស​ចំនួន ៤១។ នៅ​ក្នុង​សន្និសីទ​ជុំវិញ​មរណភាព​ទាហាន​មួក​ខៀវ​ទាំង ៤​រូប អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា សព​របស់​កង​ទ័ព​ទាំង​៤ នឹង​បញ្ជូន​មក​កម្ពុជា ក្នុង​រយៈ​ពេល ១ ទៅ ២ សប្តាហ៍​ខាង​មុខ​នេះ ដើម្បី​រៀប​ចំ​ពិធី​បុណ្យ​សព​នៅ​គេហដ្ឋាន​របស់​ពួក​គេ។

កម្ពុជា និង​​អាហ្វ្រិក​​កណ្តាល​​រៀប​​ចំ​​ពិធី​​ប្រារព្ធ​​វិញ្ញាណក្ខន្ធ​​កង​​ទ័ព​​មួក​​ខៀវ​​កម្ពុជា ដែល​​ទទួល​​មរណៈភាព​
កម្ពុជា និង​​អាហ្វ្រិក​​កណ្តាល​​រៀប​​ចំ​​ពិធី​​ប្រារព្ធ​​វិញ្ញាណក្ខន្ធ​​កង​​ទ័ព​​មួក​​ខៀវ​​កម្ពុជា ដែល​​ទទួល​​មរណៈភាព​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ ឧសភា នេះ មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា ព្រម​ទាំង​តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក ថៃ វៀតណាម និង​ស្ថានទូត​មួយ​ចំនួន​ទៀត​ប្រចាំ​នៅ​កម្ពុជា​បាន​ចូល​រួម​ជា​បន្ត​បន្ទាប់​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​កង​ទ័ព​មួក​ខៀវ​កម្ពុជា ៤ រូប ដែល​បាន​ពលី​ក្នុង​បេសកកម្ម​ការពារ​សន្តិភាព​ពិភព​លោក​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ។

ចំណែក​ឯ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​ខាង​ត្បូង​វិញ នៅ​វេលា​ម៉ោង ៦​ល្ងាច​នេះ (ត្រូវ​នឹង​ម៉ោង ១២ ថ្ងៃ​ត្រង់ ម៉ោង​នៅ​កម្ពុជា) ក៏​នឹង​រៀប​ចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​កង​ទ័ព​មួក​ខៀវ​កម្ពុជា ៤ រូប និង កង​ទ័ព​មួក​ខៀវ​ម៉ារុក​ម្នាក់​ទៀត ដោយ​មាន​ការ​ចូល​រួម​ពី​ប្រេសិត​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ មេ​បញ្ជាការ​ជាន់​ខ្ពស់ ព្រម​ទាំង​កង​កម្លាំង​រក្សា​សន្តិភាព​ពី​ប្រទេស​ជាង ៤០ ទៀត។ នេះ​បើ​តាម នាយ​ឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃ​មជ្ឈមណ្ឌល​កង​កម្លាំង​រក្សា​សន្តិភាព បោស​សំអាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ។

គិត​មក​ត្រឹម​ពេល​នេះ មាន​កង​ទ័ព​មួក​ខៀវ​ច្រក​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ ៥ នាក់ ក្នុង​នោះ​កង​ទ័ព​កម្ពុជា ៤ រូប និង ម៉ារុក ១ រូប ដែល​បាន​បាត់​បង់​ជីវិត និង របួស​ជិត ១០ នាក់ ផ្សេង​ទៀត នៅ​ក្នុង​ការ​ស្ទាក់​វាយ​ប្រហារ​ក្បួន​រថយន្ត​បេសកកម្ម​រក្សា​សន្តិភាព​ដោយ​ក្រុម​ឧទ្ទាម​គ្រិស្ត​សាសនា anti-Balaka នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល។

នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃ​មជ្ឈមណ្ឌល​កង​កម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​របស់​យោធិន​កម្ពុជា​ទាំង ៤​រូប ដែល​បាន​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ពី​ពួក​ឧទ្ទាម ​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល នឹង​ទទួល​បាន​សំណង ប្រមាណ ៧​ម៉ឺន​ដុល្លារ សម្រាប់​សព​ម្នាក់​ពី​អង្គការ​សហប្រជាជាតិ ហើយ​ក្រៅ​ពី​សំណង​របស់​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​ក៏​មាន​របប​គោល​នយោបាយ​ផ្សេង​ទៀត​សម្រាប់​ជន​រង​គ្រោះ​ផង​ដែរ។

សូម​រំឮក​ឡើង​វិញ​ថា ថា​ទាហាន​មួក​ខៀវ​កម្ពុជា ៤​រូប​នោះ បាន​ពលី​ជីវិត​នៅ​ប្រទេស​អាហ្រិ្វក​កណ្តាល បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ ក្រុម​ឧទ្ទាម​ទៅ​លើ​ក្បួន​យុទ្ធ ដំណើរ​របស់​កម្លាំង Minusca របស់​អង្គការ​សហប្រជាជាតិ កាល​ពី​យប់​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ ២០១៧។ ក្នុង​នោះ​រួម​មាន៖ លោក​ពលបាលឯក (ឋានន្តរស័ក្ត​ពិត​ប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិក​បើក​បរ ប៊ុលដូស៊ែរ, លោក​អនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយ​ការ​ត្រួត​ពិនិត្យ​គុណភាព, លោក​ពលបាល​ឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយ​ការ​បើក​បរ​អ៊ិស្ការវ៉ាទ័រ និង លោក​អនុសេនីយ៍​ត្រី ម៉ៅ អេង (អនុសេនីយ៍​ឯក) បុគ្គលិក​ពេទ្យ​ផង​ដែរ។ ចំណែក​ទាហាន​រក្សា​សន្តិភាព​របស់​ម៉ារ៉ុក​ម្នាក់​ទៀត ​ដែល​បាន​បាត់​ខ្លួន អំឡុង​ពេល​វាយ​ឆ្មក់​លើ​ក្បួន​រថយន្ត​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ត្រូវ​បាន​រក​ឃើញ​ថា​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​ទី ១១ ឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ