អានតួអត្ថបទ
កម្ពុជា

សមាគម​ប៊ិច​កម្ពុជា​ ប្រកាស​ពានរង្វាន់​អក្សរសិល្ប៍​ប្រចាំឆ្នាំ​លើក​ទី១

សមាគម​ប៊ិច​កម្ពុជា ​ឬ PEN Cambodia ​បាន​រៀបចំ​ពិធី​ប្រកាស​រង្វាន់​ជ័យលាភី​អក្សរសិល្ប៍​ប្រចាំឆ្នាំ​ជា​លើកដំបូង​របស់​ខ្លួន​ ដល់​យុវជន​ កវី ​និង​អ្នកនិពន្ធ​វ័យក្មេង។ ​សមាគម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​លើក​កម្ពស់​វប្បធម៌​និង​គុណភាព​នៃ​ការ​តែង​និពន្ធ​នៅ​កម្ពុជា។ បន្ទាប់ពី​ជ្រើសរើស​ជម្រុះ​ចម្រាញ់​ស្ទើរតែ​ពេញ​មួយឆ្នាំ​ចំពោះ​ស្នាដៃ​បេក្ខជន​ដែល​បានដាក់​ទៅ​ប្រលង​ សមាគម​ប៊ិច​កម្ពុជា ​បានប្រកាស​ឈ្មោះ​យុវជន​ជាប់​ជ័យ​លាភី​ប្រចាំឆ្នាំ​២០១៤ នៅ​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ។

សមាគម​ប៊ិច​កម្ពុជា​ ឬ ​PEN Cambodia ​បាន​រៀបចំ​ពិធី​ប្រកាស​រង្វាន់​ជ័យ​លាភី​អក្សរ​សិល្ប៍​ប្រចាំឆ្នាំ​ជា​លើក​ដំបូង​របស់​ខ្លួន​ ដល់​យុវជន​ កវី​ និង​អ្នក​និពន្ធ​វ័យ​ក្មេង។​
សមាគម​ប៊ិច​កម្ពុជា​ ឬ ​PEN Cambodia ​បាន​រៀបចំ​ពិធី​ប្រកាស​រង្វាន់​ជ័យ​លាភី​អក្សរ​សិល្ប៍​ប្រចាំឆ្នាំ​ជា​លើក​ដំបូង​របស់​ខ្លួន​ ដល់​យុវជន​ កវី​ និង​អ្នក​និពន្ធ​វ័យ​ក្មេង។​ សហការី
ផ្សាយពាណិជ្ជកម្ម

គឺជា​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ប្រចាំឆ្នាំ​២០១៤ ​លើ​ផ្នែក​កំណាព្យ​ និង​រឿង​ខ្លី​ និង​ជា​ពានរង្វាន់​លើក​ដំបូង​ដែល​សមាគម​ប៊ិច​កម្ពុជា​ បាន​រៀបចំ​ឡើង​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ខាងត្បូង​វិមានឯករាជ្យ​ ក្នុង​ក្រុង​ភ្នំពេញ។ ​ស្នាដៃ​រឿង​ខ្លី​ចំនួន​ពីរ​ត្រូវ​បាន​ជាប់​លេខ​១​និង​លេខ៣ ​ហើយ​កំណាព្យ​ចំនួន​៤អត្ថបទ​ ត្រូវបាន​ជ្រើសរើស​ថា​ជា​ស្នាដៃ​ឆ្នើម​ប្រចាំឆ្នាំ​២០១៤។ អ្នក​ជាប់​ជ័យលាភី​៦នាក់​បានទទួល​បណ្ណ​កោត​សរសើរ​ដែល​បញ្ជាក់​ពី​សមាគម​ និង​ប្រាក់ឧបត្ថម្ភ​មួយ​ចំនួន​ទៀត។ ​លើស​ពីនេះ​ ស្នាដៃ​ល្អ​ទាំងអស់នោះ​ នឹងត្រូវ​រៀបចំ​បោះពុម្ព​ផ្សព្វផ្សាយ​នៅ​ពីរ​បី​ខែ​ទៀត​ ខាង​មុខនេះ។

លោក ហង្ស បូរិន្ទ​ ជា​អ្នកនិពន្ធ​វ័យក្មេង​ និង​ជា​គណៈកម្មាការ​រូប​មួយ​ បាន​បញ្ជាក់​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ថា​ វណ្ណ​កម្មជាប់​ជ័យលាភី​ទាំងអស់នោះ​ ត្រូវ​បាន​សមាគម​ប៊ិច​កម្ពុជា​សម្រេច​ឲ្យ​ជាប់​រង្វាន់​ គឺ​ដោយសារ​តែ​ពិនិត្យ​ឃើញថា​ ទឹកដៃ​សរសេរ​មាន​ទឹកដម​ ពិរោះ ​មាន​ភាព​ឆ្នៃប្រឌិត​ខ្ពស់​ និង​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​នៅក្នុង​សង្គម​ ព្រមទាំង​ម្ចាស់​ស្នាដៃ​ទាំងនោះ​ អាច​នឹងមាន​ភាព​ដុះដាល​ក្លាយ​ទៅជា​កវី​និង​អ្នកនិពន្ធ​ល្អ​ទៅ​ថ្ងៃ​អនាគត។

លោក​ ហង្ស បូរិន្ទ​ បន្តថា​ ធ្វើ​ជា​អ្នក​និពន្ធ​ ទាល់​តែ​រក​ឲ្យ​ឃើញ​ពី​អត្តសញ្ញាណ​របស់​ខ្លួន​មួយ​ច្បាស់លាស់​ ហើយ​និង​ប្រកាន់​អត្តភាព​ជា​អ្នកនិពន្ធ​របស់ខ្លួន​នោះ​ជាប់​រហូត។ ​ចំពោះ​លោក​ ហង្ស បូរិន្ទ​ អ្នក​ដែល​ជាប់​ជ័យលាភី​នៅពេលនេះ​ គឺជា​ម្ចាស់​ស្នាដៃ​ដែល​ភាគច្រើន​មាន​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​មួយ​ក្នុង​ភាពជា​អ្នកនិពន្ធ​ និង​ជា​កវី។

ការ​ប្រគល់​ពាន់រង្វាន់​តែង​និពន្ធ​រឿង​ខ្លី និង​កំណាព្យ​របស់​សមាគម​ប៊ិច​កម្ពុជា​លើក​នេះ គឺ​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​អ្នកនិពន្ធ​និង​កវី​វ័យក្មេង​ ដែល​បេក្ខជន​គឺជា​សិស្ស​សាលា ​និង​និស្សិត​នៅ​សាកលវិទ្យាល័យ។ ​លោក ​ហេង ស្រ៊ាង ​ប្រធាន​សមាគម​ប៊ិច​កម្ពុជា​បាន​បញ្ជាក់​ថា ​នៅ​ឆ្នាំ២០១៥​នេះ ​សមាគម​ប៊ិច​កម្ពុជា​ នឹង​រៀបចំ​ប្រកាស​ទទួល​ស្នាដៃ​អក្សរសិល្ប៍​ប្រកួត​ប្រជែង​ជា​បន្តទៀត​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ដោយសារ​តែ​ប្រធាន​សមាគម​រូបនេះ​យល់​ឃើញថា​ យុវជន​ខ្មែរ​មួយចំនួន​មិនសូវ​ចូលចិត្ត​អាន​ និង​នៅ​មិនទាន់​ចូលចិត្ត​សរសេរ​ស្រាវជ្រាវ​ច្រើន​នៅឡើយ​ លោក​បាន​បង្កើត​វគ្គ​បង្រៀន​តែង​និពន្ធ​ និង​បង្កើត​កម្មវិធី​ប្រលង​ជ្រើស​ស្នាដៃ​តែង​និពន្ធ​ គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ចេះ​ចង់​អាន​និង​សរសេរ។ ​ចំពោះ​លោក​ ហេង ស្រ៊ាង ​ដើម្បី​បណ្តុះ​និង​ពង្រីក​វប្បធម៌​អាន​និង​សរសេរ​ គឺ​ត្រូវ​ចាប់ផ្តើម​ពីក្មេងៗ​និង​យុវជន​ឡើងទៅ។

សមាគម​ប៊ិច​កម្ពុជា​ បាន​បង្កើត​នៅ​ឆ្នាំ២០១០​ ហើយ​បាន​ចូល​ជា​សមាជិក​អង្គការ​ប៊ិច​អន្តរជាតិ ​(Pen International) ​ដែល​បច្ចុប្បន្ន​មាន​សមាជិក​១៤៦ប្រទេស។ ​កន្លង​ទៅ​ សមាគម​នេះ ​បាន​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​អ្នក​និពន្ធ​និង​កវី​វ័យក្មេង​នៅតាម​បណ្តា​ខេត្ត​ និង​នៅ​រាជធានី​ភ្នំពេញ​ផងដែរ។​ លោក​ ហេង ស្រ៊ាង ​បាន​បញ្ជាក់​ថា​ សមាគម​នេះ​កំពុង​ជំរុញ​សកម្មភាព​ដើម្បី​ឲ្យ​អ្នកនិពន្ធ​វ័យក្មេង​ឈាន​ទៅ​ដល់​លំដាប់​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ៕

អត្តបទដោយ៖ ហេង ឧត្តម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ