អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ចម ប្រសិទ្ធ៖ ការ​ពុល​មនុស្ស​នៅ​ក្រចេះ​មក​​ពី​សារធាតុ«ត្យានីត»លាង​រ៉ែ​មាស

នៅ​ទី​បំផុត​មន្ទិល​សង្ស័យ​ពី​ការ​ពុល​មនុស្ស​រាប់​រយ​នាក់ និង​ការ​ស្លាប់​ជាង​១០​នាក់​នៅ​ខេត្ត​ក្រចេះ​ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បញ្ជាក់​ថា​មក​ពី​ការ​ប្រើ​ប្រាស់​សារធាតុ«ត្យានីត» សម្រាប់​លាង​រ៉ែ​មាស ដែល​រក្សា​ទុកមិន​ត្រឹម​ត្រូវ ហើយ​​បណ្តាល​ឲ្យ​ហូរ​ចូល​ទន្លេ ពុល​ដល់​អ្នក​ប្រើ​ប្រាស់​ទឹក​នោះ។ ការ​បញ្ជាក់​ បែប​នេះ​ធ្វើ​កាល​ពី​ម្សិល​មិញ ខណៈ​ក្រសួង​សុខាភិបាល​អះ​អាង​ថា ពលរដ្ឋ​ដែល​ស្លាប់​គឺ​មក​ពី​ពុល​ស្រា ហើយ​អ្នក​មិន​ទាន់​ស្លាប់​គឺ​មក​ពី​ពុល​ទឹក។

លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សន្និសិទ​សារព័ត៌មាន​មួយ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​ធ្វើ​ពិសោធន៍​បាន​រក​ឃើញ​ថា ប្រជាជន​មួយ​ចំនួន​ពុល​ដោយ​សារ​ទឹក​ទន្លេ​ព្រែក​តេ នៅ​ខេត្ត​ក្រចេះ ដែល​ហូរ​ចាក់​មក​ពី​ខេត្ត​មណ្ឌលគិរី។ ខេត្ត​មណ្ឌលគិរី ដែល​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ ដោយ​ប្រើ​ប្រាស់​សារធាតុ«ត្យានីត» សម្រាប់​លាង​សម្អាត​រ៉ែ​មាស ដោយ​រក្សា​ទុក​មិន​បាន​ត្រឹម​ត្រូវ ​បណ្តាល​ឲ្យ​សារធាតុ​នេះ​ហូរ​ចូល​ទឹក​ទន្លេ​ព្រែក​តេ។

លោក ចម ប្រសិទ្ធ បាន​គូស​បញ្ជាក់​ថា ទឹក​ទន្លេ​ព្រែក​តេ មាន​សារធាតុ«ត្យានីត»ខ្ពស់​បណ្តាល​ឲ្យ​ពុល​ស្លាប់​មនុស្ស​តែ​ម្តង។ ​លើស​ពី​នេះ​ទៀត លោក​ថា សារធាតុ​នេះ​បាន​ហូរ​ចូល​មក​ដល់​ទន្លេ​មេគង្គ​ផង​ដែរ តែ​ដោយ​សារ​តែ​ទឹក​ទន្លេ​មេគង្គ​ច្រើន អាច​បន្សាប​សារធាតុ​ពុល​នេះ​បាន​ខ្លះ ទើប​មិន​ពុល​ដល់​អ្នក​ប្រើ​ប្រាស់។

ការ​បញ្ជាក់​របស់​ក្រសួង​ឧស្សាហកម្ម និង​ សិប្បកម្ម នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​អះអាង​ថា ពលរដ្ឋ​ដែល​ពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ​គឺ​មក​ពី​ពុល​ស្រា​ដែល​មាន​ជាតិ​មេតាណុល​ខ្ពស់ ហើយ​អ្នក​ដែល​ពុល​ដែរ​តែ​មិន​ទាន់​ស្លាប់​គឺ​មក​ពី​ពុល​ទឹក​ទន្លេ​ព្រែ​តេ។

បើ​តាម លោក ចម ប្រសិទ្ធ ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ​ដោយ​ប្រើ​ប្រាស់​សារធាតុ«ត្យានីត» បណ្តាល​ឲ្យ​ពុល​ដល់​ប្រជាជន​នេះ លោក​សង្ស័យ​ថា ជា​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុស​ច្បាប់។

បើ​តាម​មន្រ្តី​សុខាភិបាល យ៉ាង​ហោច​ណាស់ មនុស្ស​ចំនួន​១៣​នាក់ បាន​ស្លាប់ និង​ជិត​២០០​នាក់​ទៀត បាន​ពុល​នៅ​ស្រុក​ចិត្របុរី ​ខេត្ត​ក្រចេះ តាំង​ពី​ដើម​ខែ​ឧសភា​មក​នេះ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់ នៅ​​មន្ទីរពេទ្យ​ខេត្ត និង​អ្នក​ពុល​ធ្ងន់​ធ្ងរ​ត្រូវ​បញ្ជូន​មក​កាន់​ពេទ្យ​កាល់ម៉ែត្រ ក្នុង​ក្រុង​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ