អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ ហ៊ុន សែន​ បន្ត​អំពាវនាវ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ចុះចូល​

ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ នៅ​តែ​បន្ត​​អំ​ពាវ​នាវ​ឲ្យ​​សមាជិក​គណ​បក្ស​ប្រឆាំង​​ចុះ​ចូលជា​មួយ​គណ​បក្ស​​កាន់​អំណាច ដោយ​ថា​ដើម្បី​​រក្សា​​តំណែង​​ឲ្យ​នៅ​ដដែល​ នៅ​ពេល​​គណ​បក្សសង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​។​ប៉ុន្តែ​មក​ដល់​​ថ្ងៃ​នេះ ​មាន​សមា​ជិក​គណ​បក្ស​សង្រ្គោះ​ជាតិ​តិច​តួចប៉ុណ្ណោះ​ដែល​បាន​ប្រកាស​ចុះ​ចូល​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​។ 

លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

 ដោយ អ៊ឹង ប៊ុនថន

គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ មាន​សមា​ជិក​គណ​បក្ស​ប្រឆាំង​ចំនួន​៣​នាក់ បាន​ប្រកាស​ចុះ​ចូល​ជា​មួយគណ​បក្ស​កាន់​អំណាច ខណៈ​លោក ហ៊ុន សែន នៅ​តែ​បន្ត​អំពាវ​នាវ​ឲ្យ​បន្ត​ចុះ​ចូល​ដើម្បី​​រក្សា​​តំណែង​។

មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​ប្រកាស​ចុះ​ចូល​នោះ​រួម​មាន សមា​ជិក​ក្រុម​​ប្រឹក្សា​​សង្កាត់​ច្រាំង​ចំរេះ ​លោក ស្មាន ហ៊ីម និង​​ជំទប់​ទី​១ នៅ​​ខេត្ត​​តាកែវ លោក ចាន់ ចយ ព្រម​ទាំង​លោក ឡុង ប៊ុន្នី ជា​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​។ លោក ឡុង ប៊ុន្នី បាន​ប្រកាស​ចុះ​​ចូល​ភ្លាមៗក្រោយ​ពី​ការ​អំពាវ​នាវ​របស់ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ​។

ប៉ុន្តែ​​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​​គណ​បក្ស​​សង្រ្គោះ​ជាតិ នៅ​មិន​​អាច​​បញ្ជាក់​​បាន​ទេ​ថា​ មក​ទល់​ពេលនេះ មាន​​សមា​ជិក​ប៉ុន្មាន​នាក់​​ចាក​ចេញ​ពី​គណ​បក្ស​នេះ​។

ចំណែក លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ក៏​អះអាង​ថា លោក​​នៅ​មិន​ទាន់​​ដឹង​ពី​ចំនួន​ជាក់​លាក់​នៅ​ឡើយ​។

នៅ​ក្នុង​ជំនួប​ជា​មួយ​កម្មករ​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ លោក ហ៊ុន សែន នៅ​តែ​បន្ត​​អំ​ពាវ​នាវ​​ឲ្យ​សមា​ជិក​​បក្ស​ប្រឆាំង​​បន្ត​​ចុះ​ចូល​បក្ស​កាន់​អំណាច ដោយ​ថា​ដើម្បី​​រក្សា​​តំណែង​​ឲ្យ​នៅ​ដដែល​ នៅ​ពេល​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​។

លោក ហ៊ុន សែន ថ្លែង​ថា លោក​ស្វាគមន៍​ដល់​​តំណាង​រាស្ត្រ សមា​ជិក​ក្រុម​​ប្រឹក្សា ស្រុក ខណ្ឌ ខេត្ត ក្រុង​និង​​សមា​ជិក​ក្រុម​​ប្រឹក្សា​​ឃុំ​ សង្កាត់​​ទាំង​អស់​ដែល​ចុះ​ចូល​គណ​បក្ស​ប្រជាជន​កម្ពុជា​​។​លោក ហ៊ុន សែន បាន​លើក​ឡើង​​ពី​​ការ​​ចូល​​របស់​​សមាជិក​ម្នាក់​នៃ​​ក្រុម​​ប្រឹក្សា​​ក្រុង​​ដូន​កែវ របស់​គណ​បក្ស​សង្រ្គោះជាតិ កាល​ពី​ម្សិល​មិញ​។

ក៏​ប៉ុន្តែ​លោក​ម៉ៅ មុនីវណ្ណ ប្រធាន​ស្តីទី​​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​​គណ​បក្ស​​សង្រ្គោះ​ជាតិ​ បានចាត់​ទុក​យុទ្ធ​សាស្ត្រ​​នេះ​ថា​មិន​​មែន​ជា​រឿង​​ថ្មី​ឡើយ ដោយ​ថា​វា​គ្មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ។

យ៉ាង​នេះ​ក្តី លោក ហ៊ុន សែន អះ​អាង​ថា លោក​​ចង់​​ផ្តន្ទា​ទោស​តែ​​មេ​ដឹក​នាំ​គណ​បក្ស​​ប្រឆាំង​​ប៉ុណ្ណោះ ដោយ​បាន​ប្រៀប​​ធៀប​​យុទ្ធ​សាស្ត្រ​រ​បស់​លោក​នៅ​ពេល​នេះ​ទៅ​​នឹង​​យុទ្ធ​សាស្ត្រ​​ នៃការ​ធ្វើ​សមាហរណ​កម្ម​​កម្លាំង​ខ្មែរ​ក្រហម​នោះ​ដែរ ដែល​​កាត់​​ទោស​​តែ​​មេ​​ដឹក​នាំ​​ប៉ុណ្ណោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ