អានតួអត្ថបទ
កម្ពុជា

រឿង​អេដស៍​នៅ​បាត់ដំបង៖ តុលាការ​កំពុង​ពិនិត្យ​ភស្តុតាង​ប្រឆាំង​គ្រូ​ពេទ្យ​ភូមិ

ក្រោយ​អាជ្ញាធរ​បាន​បញ្ជូន​លោក​គ្រូ​ពេទ្យ យ៉ែម ជ្រិន ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​ករណី​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​នៅ​ស្រុក​សង្កែ​នោះ តុលាការ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ចន្ទ​នេះ មិន​ទាន់​សម្រេច​ចោទ​ប្រកាន់​លោក​គ្រូពេទ្យ​ភូមិ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​អ្នក​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​អេដស៍​រាប់រយ​នាក់​ពី​បទ​អ្វី​នោះ​ទេ ព្រោះ​តែ​តុលាការ​កំពុង​ពិនិត្យ​ភស្តុតាង​។

រូបភាព​ផ្សព្វផ្សាយ​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​នៅ​កម្ពុជា
រូបភាព​ផ្សព្វផ្សាយ​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​នៅ​កម្ពុជា ©​ សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម

តុលាការ​សាលា​ដំបូង​ខេត្ត​បាត់ដំបង កំពុង​ពិនិត្យ​ភស្ដុតាង ដាក់​បន្ទុក​ទៅ​លើ​លោក​គ្រូ​ពេទ្យ​ភូមិ យ៉ែម ជ្រិន ទាក់ទង​ករណី​រាល​ដាល​មេរោគ​អេដស៍​មនុស្ស​រាប់​រយ​នាក់ នៅ​ក្នុង​ភូមិ​រកា ខេត្ត​បាត់ដំបង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក នួន សាន ព្រះ​រាជ​អាជ្ញា​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ចន្ទ ទី​២២​ធ្នូ​នេះ​។

 
លោក​យ៉ែម ជ្រិន ដែល​ជា​គ្រូ​ពេទ្យ​មាន​ប្រជាប្រិយភាព​ក្នុង​ភូមិ​រកា ខេត្ត​បាត់ដំបង ត្រូវ​អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​កាល​ពី​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ ដោយ​សំអាង​ភស្តុតាង​ដាក់​បន្ទុក​ចំនួន​៣​។ នោះ​គឺ​គ្រូ​ពេទ្យ យ៉ែម ជ្រិន គ្មាន​វិជ្ជាជីវៈ​ពិត​ប្រាកដ ព្យាបាល​ជំងឺ​ខុស​បច្ចេកទេស និង​ទី​៣ ការ​ប្រើ​ប្រាស់​សារ៉ាង​ចាក់​ថ្នាំ​គ្មាន​អនាម័យ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ជេត វន្នី ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង។

លោក​ស្នងការ​រង​បាន​បន្ត​ថា ភស្តុតាង​ទាំង​បី ពាក់ព័ន្ធ​នឹង​ការ​រីក​រាលដាល​មេរោគ​អេដស៍​នេះ គឺ​ជា​ការ​រក​ឃើញ​របស់​​ក្រុម​ការងារ​ស៊ើប​អង្កេត​ចម្រុះ​របស់​រដ្ឋាភិបាល​លើ​ករណី​ផ្ទុះ​មេរោគ​អេដស៍ ដែលមាន​គ្រប់​ភាគី​ពាក់ព័ន្ធ​។ លោក​សង្កត់ធ្ងន់​ថា ក្រុម​ការងារ​ចម្រុះ​បាន​សន្និដ្ឋាន​បឋម​ប្រឆាំង​នឹង​គ្រូ​ពេទ្យ​ភូមិ យ៉ែម ជ្រិន នេះ គឺ​ការ​ធ្វេស​ប្រហែស​។

សូម​រំលឹក​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ​ទាំង​ប្រុស​ស្រី រួម​ទាំង​កុមារ​ផង ជា​ច្រើន​រយ​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ផ្ទុក​មេរោគ​អេដស៍​ដោយ​មិន​ដឹង​ពី​មូលហេតុ​។ រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​កំណត់​ពី​មូលហេតុ​នេះ ការ​ឆ្លង​មេរោគ​អេដស៍​រាលដាល​ដល់​មនុស្ស​រាប់​រយ​នាក់​នៅ​ឡើយ​នោះ​ទេ​។ ប្រធាន​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ លោក មាន ឈីវុន មាន​ប្រសាសន៍​ខ្លី​ថា ក្រុម​ការងារ​កំពុង​តែ​ពិនិត្យ សិក្សា​រក​មូលហេតុ​ជា​បន្ត​បន្ទាប់​។

សូម​បញ្ជាក់​ថា កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅនេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ចំនួន​អ្នក​ផ្ទុកមេរោគអេដស៍​បាន​កើន​ឡើង​ពី​៩០​នាក់ ទៅ​ដល់​១៤០​នាក់ ត្រូវ​បាន​បញ្ជាក់​ថា មាន​ផ្ទុក​មេរោគ​អេដស៍ បន្ទាប់​ពីការ​ធ្វើ​តេស្ត​បញ្ជាក់​រហូត​ដល់​ទៅ​៣​ដង​។

ខណៈ​ដែលមាន​មនុស្ស​ជា​ច្រើន​រយ​នាក់ បាន​ឆ្លង​ជំងឺ​អេដស៍​នៅ​ខេត្ត​បាត់ដំបង​នោះ ការ​ព្យាបាល​គ្មាន​បច្ចេកទេស និង​ការ​ប្រើ​ប្រាស់​សឺរ៉ាង​គ្មាន​អនាម័យ​របស់​លោក​គ្រូ​ពេទ្យ យ៉ែម ជ្រិន គឺ​ជា​មូលហេតុ​បឋម​ដែល​អាជ្ញាធរ​បញ្ជូន​គ្រូ​ពេទ្យ​ភូមិ​នេះ ទៅ​កាន់​តុលាការ​។ យ៉ាង​ណា​ក៏​ដោយ តុលាការ​នៅមិន​ទាន់​ហ៊ាន​ចោទ​ប្រកាន់​ច្បាស់​នៅ​ឡើយ​នោះ​ទេ ត្បិត​អ្នកជំនាញ​បញ្ជាក់​ថា សឺរ៉ាង​តែ​មួយ​មុខ មិន​អាច​ចម្លង​បាន​មនុស្ស​រាប់​រយ​នាក់​នោះ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ