អានតួអត្ថបទ
កម្ពុជា

លោក ​សម រង្ស៊ី ​ស្វាគមន៍​ការ​យាង​ត្រលប់​របស់​សម្តេច​ក្រុម​ព្រះ​ មក​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ បន្ទាប់​ពី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ រយៈពេល​ជិត២សប្តាហ៍។ ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ លោក សម រង្ស៊ី​ បាន​ធ្វើ​សន្និសីទ​កាសែត​ខ្លី​មួយ​ដោយ​ផ្តោត​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ ពិសេស​លើ​ករណី​យាង​ត្រលប់​របស់​សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឬទ្ធិ​ មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើង​វិញ។

លោកសម​ រង្ស៊ី​​ ក្នុង​ដំណាល​ត្រឡប់​មក​ពី​បំពេញ​ទស្សនៈ​កិច្ច​នៅ​អឺរ៉ុប​ រយៈពេ​លជិត​២​សប្តាហ៍។​
លោកសម​ រង្ស៊ី​​ ក្នុង​ដំណាល​ត្រឡប់​មក​ពី​បំពេញ​ទស្សនៈ​កិច្ច​នៅ​អឺរ៉ុប​ រយៈពេ​លជិត​២​សប្តាហ៍។​ @Long Ry/FB
ផ្សាយពាណិជ្ជកម្ម

លោក​ សម រង្ស៊ី ​មិន​បារម្ភ​ទេ​ថា​ វត្តមាន​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឬទ្ធិ​ ក្នុង​វិស័យ​នយោបាយ​ ដោយ​វិល​ទៅ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចាស់​របស់​ព្រះអង្គ​នោះ​ នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។ ​ជាមួយ​នឹង​ការ​ថ្លែង​បែបនេះ​ លោក​ សម រង្ស៊ី​ ក៏​បាន​ប្រកាស​ស្វាគមន៍​ និង​បាន​ចាត់​ទុកថា​ វា​ជា​សិទ្ធិសេរីភាព​របស់​អ្នក​នយោបាយ​គ្រប់រូប។ ​ប៉ុន្តែ​លោក​ សម រង្ស៊ី​ បាន​ទុក​លទ្ធភាព​នៃ​ការ​សម្រេច​ចិត្ត​នេះ​ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​បោះឆ្នោត​គាំទ្រ។

សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឬទ្ធិ​ បាន​សម្រេច​ព្រះទ័យ​យាង​ទៅ​ដឹកនាំ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​ ក្រោយ​ពី​មាន​ការ​យាង​ពី​ព្រះ​អនុជ ​នរោត្តម​ អរុណរស្មី ​និង​លោក ​ញឹក ប៊ុនឆៃ ​កាល​ពី​ថ្ងៃ​ទី​១​ខែមករា​ឆ្នាំ​២០១៥។​ វត្តមាន​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឬទ្ធិ​ នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា​ នឹង​ធ្វើអោយ​ម្ចាស់ឆ្នោត​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​បោះឆ្នោត​គាំទ្រ​នៅ​ឆ្នាំ២០១៨​ខាង​មុខ។ ​ប៉ុន្តែ ​បើតាម​លោក ​សម រង្ស៊ី ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ជឿទុកចិត្ត​ថា​ មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ​ប៉ុណ្ណោះ​ ដែល​អាច​ដឹកនាំ​អោយ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន។

ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី​ នេះ ​បាន​ធ្វើ​ឡើង​ ខណៈដែល​លោក​បានធ្វើ​ដំណើរ​វិល​ត្រលប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ។ ​ទាំង​លោក​ សម រង្ស៊ី ​និង​ទាំង​ លោក កឹម សុខា ​សុទ្ធ​តែ​ជា​អតីតមន្ត្រី​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។​ លោក សម រង្ស៊ី​ ដែល​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឆ្នាំ១៩៩៣​ ខណៈ​ដែល​លោក​ កឹម សុខា ​ធ្លាប់​ជា​សមាជិក​រដ្ឋសភា​របស់​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​នេះ។

ក្រៅពី​ករណី​របស់​សម្តេច​ក្រុម​ព្រះ ​នរោត្តម ​រណឬទ្ធិ​ លោក ​សម រង្ស៊ី​ ក៏​បាន​លើកឡើង​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ជិត​ពីរ​សប្តាហ៍​នៅ​ទ្វីបអឺរ៉ុប​ផងដែរ។ ​បើតាម​លោក ​សម រង្ស៊ី ​ប្រជាពលរដ្ឋ​នៅ​ឯនាយសមុទ្រ​នៅតែ​បន្ត​គាំទ្រ ​និង​ជឿជាក់​មក​លើ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដដែល។ ចំណែក​ឯ​ករណី​របស់​អ្នកស្រី ឡាក់ សុភាព ​ដែល​ត្រូវបាន​គណបក្ស​សម្រេច​បណ្តេញ​ចេញ​ពី​បក្ស​នោះ​ ត្រូវ​បាន​លោក​សម រង្ស៊ី ​បញ្ជាក់ថា​ លោក​មិន​ចាប់​អារម្មណ៍​នោះទេ។ ​លោក​ចាប់អារម្មណ៍​តែ​លើ​អ្វី​ដែល​ជា​ការ​ពិត​ និង​មាន​ប្រយោជន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ