អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី មេ​បក្ស​សង្គ្រោះ​ជាតិ​ភៀស​ខ្លួន​ ដោយ​ស្ពាយ​បណ្តឹង​បរិហា​កេរ្តិ៍​រួម​រឹត​កាយ

ម្សិលមិញ មាន​ដីកា​កោះ​ហៅ លោក​សម រង្ស៊ី អោយ​ចូល​ទៅ​ ជំនុំ​ជម្រះ​ផ្ទាល់ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី បទ​បរិហាកេរ្តិ៍​។ នេះ​ជា សំណុំ​ក្តី​ក្តាំ តាម​ផ្លូវ​តុលាការ​ថ្មី​មួយ​ទៀត ទៅ​លើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅ​ប្រទេស។ ស្រី​ សុភក្រ្ត័ សូម​ឆ្លៀត​ឱកាស​នេះ រំលឹក​ឡើង​វិញ​ នូវ​សំណុំ​រឿង តាម​ផ្លូវ​តុលាការ​ ដែល​កំពុង​រួម​រឹត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ តែ​មិន​ទាន់​បាន​បញ្ចប់។

លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ខែ​កក្កដា នេះ លោក សោម សឿន ជា​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ទី៤ ហើយ ដែល​បាន​ចោទ​ប្រកាន់​លោក សម រង្ស៊ី លើ​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ខណៈ​ប្រមុខ​បក្ស​សង្រ្គោះជាតិ​ កំពុង​រស់​និរទេស​ខ្លួន​ឯក្រៅ​ប្រទេស​។

ដីកា អយ្យការ​អម​សាលា​ដំបូង ចុះ​ថ្ងៃ​ទី​៨ កក្កដា ២០១៦ សន្និដ្ឋាន​ថា លោក សម រង្ស៊ី ពាក់​ព័ន្ធ​នឹង​បណ្តឹង​ បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា ៣០៥ ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្តិ​នៅ ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩​ មីនា ២០១៦។ អង្គហេតុ ផ្តើម​ពី អត្ថបទ​បង្ហោះ​លើ​ហ្វេសប៊ុក ឈ្មោះ សម រង្ស៊ី រៀបរាប់​ថា ឈ្មោះ សោម សឿន ទីប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់ មន្រ្តី​របស់​ខ្លួន បង្កើត​គណនីយ​ក្លែង​ក្លាយ ក្នុង​គោល​បំណង​ ផ្តល់​ការ LIKE សិប្បនិមិត្ត​ ដល់​ទំព័រ​ហ្វេសប៊ុក របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។ អយ្យការ​អម​សាលា​ដំបូង រាជធានី​ភ្នំពេញ បាន​ចេញ ដីកា​កោះ​ហៅ ប្រធាន​បក្ស​សង្រ្គោះ​ជាតិ មក​ជំនុំ​ជម្រះ​ផ្ទាល់ នៅថ្ងៃទី​១៧ តុលា ២០១៦។ ​

បណ្តឹង​មួយ​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​២ ធ្នូ ២០១៥ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា កោះ​ហៅ ​លោក សម រង្ស៊ី អោយ​ចូល​ខ្លួន​សាកសួរ​ករណី បណ្តឹង​បរិហាកេរ្តិ៍ លោក ហេង សំរិន ប្រធាន​រដ្ឋសភា។ ដើមហេតុ​នៃ​បណ្តឹង​គឺ ដោយសារ វិដេអូ​ឃ្លីប​មួយ​របស់​លោក សម រង្ស៊ី នា​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ អត្ថាធិប្បាយ​ថា របប​កុម្មុយនីស្ត​នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ បាន​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ នៅ​ពេល​ដែល​គេ​ដឹង​ឮ​ថា លោក ហេង សំរិន  គឺ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ក្នុង​របប​នោះ។ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ផ្ទាល់​លើ​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​លោក ហេង សំរិន នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា​ឆ្នាំ ២០១៦ ខាង​មុខ​នេះ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដដែល ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ បាន​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ទាក់​ទង​នឹង​ សំណុំរឿង បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​អោយ​មាន​ការ​រើស​អើង លើ​រូប លោក ហោ ណាំហុង អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស។ បណ្តឹង​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ ​ដែល​មិន​សុខ​ចិត្ត​នឹង សុន្ទរកថា​មេបក្ស​ប្រឆាំង កាល​ខែ​មេសា ឆ្នាំ​នោះ ថ្លែង​នៅ មជ្ឈមណ្ឌល ប្រល័យ​ពូជសាសន៍​ជើង​ឯក ភ្ជាប់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ទៅ​ក្នុង​រឿង​គុក​បឹង​ត្របែក​សម័យ​ខ្មែរ​ក្រហម។ សាលក្រម​ដែល​មិន​ទាន់​បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១១​នេះ ជា​ដើម​ហេតុ​ជម្រុញ​អោយ លោក សម រង្ស៊ី ភៀស​ខ្លួន​ទៅ​បរទេស​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន រហូត​មក​ដល់​បច្ចុប្បន្ន​។ ​​​​

សំណុំ​រឿង​ផ្សេង​ទៀត ដែល​មិន​ទាន់​បញ្ចប់​នៅ​ឡើយ គឺ​តុលាការ​បាន​ចោទ លោក សម រង្ស៊ី ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​ញុះញង់​បង្ក​អោយ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្តិ​ទៅ​នៅថ្ងៃ​ទី​១២ និង ១៣ សីហា ២០១៥ ទាក់​ទង​នឹង ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម។ កាលពី​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៥ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​​មក​តុលាការ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​រួច​យក​ទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​​ហ្វេសប៊ុក។ រឿង​ក្តី​នេះ​ចៅក្រម​ស៊ើបសួរ​ បាន​បញ្ជូន​សំណុំ​រឿង​ឱ្យ​ព្រះរាជអាជ្ញា ​ដើម្បី​សន្និដ្ឋាន​ជា​ស្ថាពរ​ថា​ គួរ​​ចោទប្រកាន់ ឬ​ទម្លាក់​ចោល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ