អានតួអត្ថបទ
កម្ពុជា

សកម្មជន​នៅ​អាមេរិក​ស្នើ​ឱ្យ​លោក សម រង្ស៊ី​ហ៊ាន​ចូល​គុក

ក្នុង​វេទិកា​ជួបជុំ​នៅ​ទីក្រុង​ឡូវែល សហរដ្ឋ​អាមេរិក​កាល​ពីថ្ងៃ​ទី១៩​ ខែ​មិថុនា​ ប៉ុន្តែ​ទើប​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃនេះ សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចោទ​ជា​សំណួរ និង​ស្នើ​ឱ្យ​លោក​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​កុំ​ខ្លាច​ប្រព័ន្ធ​តុលាការ​កម្ពុជា ហើយ​ហ៊ាន​ប្រឈម​មុខ​ជា​ជាង​រត់​គេច​ខ្លួន​ដូច​សព្វ​ថ្ងៃ។ ជា​ការ​ឆ្លើយ​តប​លោក សម រង្ស៊ី ថា​ខ្លួន​កំពុង​តស៊ូ​ពី​ក្រៅ​ប្រទេស។ 

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត នាពេលកន្លងមក។
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត នាពេលកន្លងមក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី គួរ​ហ៊ាន​ជាប់​ពន្ធនាគារ និង​មិន​ត្រូវ​រត់​ចោល​ស្រុក។ នេះ​គឺ​ជា​សំណួរ និង​ការ​ស្នើ​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ ដែល​រស់​នៅ​អាមេរិក។ នេះ​គឺ​ជា​លើក​ទី​១ ហើយ​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​សំណួរ​នេះ​ទៅ​កាន់​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន បន្ទាប់​ពី​តុលាការ​កម្ពុជា​សម្រេច​អនុវត្ត​ឡើងវិញ​នូវ​សាលក្រម ដែល​ជា​បណ្តឹង​បរិហាកេរ្តិ៍​របស់​លោក ហោ ណាំហុង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា។ តាម​រយៈ​វីដេអូ​ខ្លីប ដែល​បង្ហោះ​លើ​គេហទំព័រ​លោក សម រង្ស៊ី បាន​បក​ស្រាយ​ថា លោក​គឺ​កំពុង​តែ​ធ្វើ​ចលនា​ពី​ខាង​ក្រៅ​ប្រទេស​ ដែល​យក​គំរូ​តាម​ព្រះបរមកោដ្ឋ។ នៅ​ក្នុង​ខ្លីប​វីដេអូ​ប្រមាណ​ជាង​បី​នាទី​លោក សម រង្ស៊ី ក៏​បាន​វាយ​ប្រហារ​ និង​ឌឺដង​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ដែល​ជា​ដៃ​គូ​បដិបក្ខ​ផង​ដែរ។

 
ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នេះ គឺ​នៅ​តែ​តាន​តឹង​រក​ផ្លូវ​បញ្ចប់​គ្មាន​ បើ​ទោះ​បី​ជា​អន្តរជាតិ​ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ​ជួប​ចរចា​ឡើង​វិញ​ក៏​ដោយ។ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​អះអាង​ថា ជា​អ្នក​រងគ្រោះ​នៅ​តែ​ប្រមូល​ផ្តុំ​សកម្មជន​របស់​ខ្លួន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ ដើម្បី​រង​ចាំ​ការ​ចរចា។ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​នយោបាយ​បច្ចុប្បន្ន​ឈាន​ដល់​ការ​ទាល់ច្រក និង​កំពុង​ស្ថិត​ក្នុង​វិបត្តិ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នេះ នៅ​តែ​អំពាវនាវ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិល​ចូល​តុ​ចរចា។​

ក្រុម​អ្នក​វិភាគ​នៅ​កម្ពុជា បាន​មើល​ឃើញ​ថា​ស្ថានការណ៍​នេះ​នៅ​តែ​បន្ត​ ព្រោះ​តែ​គណបក្ស​ដែល​កំពុង​មាន​ជម្លោះ​នឹង​គ្នា នៅ​តែ​ប្រកាន់​គោល​ជំហរ និង​របៀបវារៈ​ពីរ​ផ្សេង​គ្នា។ ហើយ​ក្រុម​អ្នក​វិភាគ បាន​អះអាង​ថា សំណើ​សុំ​ឱ្យ​ប្រធាន​គណបក្ស​ប្រឆាំង​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ​នោះ​គឺ​មិន​អាច​ទៅ​រួច​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ