អានតួអត្ថបទ
កម្ពុជា

អ្នកការទូត​៧​ប្រទេស​នៃ​សហភាព​អឺរ៉ុបបញ្ចប់​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នៅ​ខេត្ត​កោះកុង

សមាជិក​អ្នក​ការទូត​៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​រយៈពេល​៤​ថ្ងៃ​ ទៅ​កាន់​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​នៅ​ខេត្ត​កោះកុង រួម​មាន​បញ្ហា សិទ្ធិ​មនុស្ស ការ​ធ្វើ​ចំណាក​ស្រុក និង​បញ្ហា​ជម្លោះ​ដី​ធ្លី​ជា​ដើម។ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ របស់​អ្នក​កាទូត​អន្តរជាតិ និង​អ្នក​ជំនាញ​សិទ្ធិ​មនុស​អង្គការ​សហប្រជាជាតិ​លោក​ស្រី រ៉ូណាស្មីត ទៅ​កាន់​ខេត្ត​ភាគ​ខាង​លិច​នៃ​ទីក្រុង​ភ្នំពេញ។

សមាជិក​អ្នក​ការ​ទូត​៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៤​ថ្ងៃ​ ទៅ​កាន់​ខេត្ត​កោះកុង​នៅ​ថ្ងៃព្រហស្បតិ៍​ ទី០១ ខែតុលា ឆ្នាំ២០១៥នេះ​។​​
សមាជិក​អ្នក​ការ​ទូត​៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​៤​ថ្ងៃ​ ទៅ​កាន់​ខេត្ត​កោះកុង​នៅ​ថ្ងៃព្រហស្បតិ៍​ ទី០១ ខែតុលា ឆ្នាំ២០១៥នេះ​។​​ @European Union in Cambodia
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​អ្នក​ការ​ទូត​ទាំង​៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប​នា​ថ្ងៃ​ព្រហស្បតិ៍​ទី​១​ខែ​តុលានេះ​ ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ឃុំ​ឬស្សី​ជ្រុំ ស្រុក​ថ្ម​បាំង​ ខេត្ត​កោះកុង។ នៅ​ទីនោះ​សមាជិក​អ្នក​ការ​ទូត​ទាំង​៧​ប្រទេស រួម​មាន ប្រទេស​បែលហ្ស៊ិក​ សាធារណ​រដ្ឋ​ឆែក, អាល្លឺម៉ង់, ហ្វាំងឡង់ បារាំង ហូឡង់ និង​ប្រទេស​ស៊ុយអែត បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​យុវជន​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អារ៉ែង ជា​ទី​ដែល​ធ្លាប់​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងខ្លា ទៅ​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ស្ទឹង​ជាយ​អារ៉ែង រហូត​ដល់​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុប​ចោល​ទៅ​វិញ និង​រហូត​ដល់​មាន​ការ​បណ្តេញ​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជនជាតិ​អេស្បាញ​ចេញ​ពី​ប្រទេស​កម្ពុជា​យ៉ាង​ចម្រូង​ចម្រាស់ កាល​ពី​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ។

បើ​តាម​លោក អ៊ីន គង់ចិត្រ មន្រ្តី​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះកុង បាន​ថ្លែង​ថា នៅ​ទី​នោះ សមាជិក​អ្នក​កាទូត​ទាំង​៧​ប្រទេស បាន​ស្តាប់​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​អារ៉ែង និង​ការ​វិវត្ត​នៅ​ក្នុង​តំបន់​នោះ ព្រម​ទាំង​កង្វល់​របស់​ប្រជាពលរដ្ឋ​លើ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​ផង។

សូម​បញ្ជាក់​ថា សមាជិក​អ្នក​ការ​ទូត​ទាំង​៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប​នេះ បាន​ទៅ​ដល់​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កញ្ញា ដោយ​បាន​ជួប​ប្រជុំ​ជាមួយ​អភិបាល​ខេត្ត អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន ព្រម​ទាំង​បាន​ទៅ​ទស្សនកិច្ច នៅ​ពន្ធនាគារ​ខេត្ត​កោះកុង ដែល​ជា​កន្លែង​សហភាព​អឺរ៉ុប​បាន​ផ្តល់​មូលនិធិ​ដល់​បណ្ណាល័យ​ សម្រាប់​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ផង​ដែរ។ បេសកកម្ម​នេះ គឺ​ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​សំខាន់​ៗ​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​លិច​នៃ​ទីក្រុង​ភ្នំពេញ​នេះ ដូចជា បញ្ហា​សិទ្ធិ​មនុស្ស ការ​ធ្វើ​ចំណាកស្រុក បញ្ហា​យេនឌ័រ បញ្ហា​ជនជាតិ​ដើម​ភាគ​តិច និង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​បញ្ហា​ដីធ្លី វារី​អគ្គិសនី និង​ការ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​ជនបទ​ជា​ដើម។ គណៈប្រតិភូ​នេះ​មាន​សមាសភាព ចូលរួម​ពី​សមាជិក​អ្នក​ការ​ទូត​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ផង។

ប៉ុន្តែ បើ​តាម​លោក អ៊ីន គង់ចិត្រ សមាជិក​គណៈប្រតិភូ​នេះ មិន​បាន​ស្នើ​សុំ​ទៅ​កាន់​អាជ្ញាធរ​កម្ពុជា ឲ្យ​មាន​ការ​ដោះលែង​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​បី​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧​សីហា​កន្លង​ទៅ​នោះ​ទេ។

នេះ​គឺជា​គណៈប្រតិភូទី៣​ហើយ ត្រឹមតែ​រយៈពេល​១​ខែ​ប៉ុណ្ណោះ ដែល​អ្នក​កាទូត​បរទេស​បាន​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​កោះកុង បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ភារៈ​ធារី​ស្ថានទូត​អាមេរិក​កាល​ពី​ដើម​ខែ​កញ្ញា និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី រ៉ូ ណាស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៥៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ