អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សុខ ឥសាន ថា​លោក សម រង្ស៊ី បំផ្លាញ​គណបក្ស​ប្រឆាំង

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​បាន​អះ​អាង​ថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ កំពុង​តែ​បំផ្លាញ​គណបក្ស​ប្រឆាំង ដោយ​ថា​លោក សម រង្ស៊ី បាន​ចុះ​ហត្ថលេខា​នៅ​លើ​លិខិត​រួម​មួយ​ កាល​ពី​ម្សិល​មិញ ជា​មួយ​តំណាង​រាស្ត្រ​ជាង​៤០​រួប​ផ្សេង​ទៀត។ គឺ​ជា​លិខិត​ដែល​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ប្តេជ្ញា​ចិត្ត ​មិន​ចាក​ចេញ​ពី​គណបក្ស​នេះ។ ប៉ុន្តែ​លោក សម រង្ស៊ី បាន​ឆ្លើយ​តប​ថា លោក​មិន​ខ្វល់​នឹង​”ច្បាប់​ឡប់​ឡែ”ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​នេះ​ទេ។

លោក សម រង្ស៊ី (ឆ្វេង)​ និង​លោក ​សុខ ​ឥសាន (ស្តាំ)។​
លោក សម រង្ស៊ី (ឆ្វេង)​ និង​លោក ​សុខ ​ឥសាន (ស្តាំ)។​ @RFI
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖​ អ៊ឹង ប៊ុនថន

លោក សុខ ឥសាន អ្នក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក ការ​ចុះ​ហត្ថលេខា របស់ សម រង្ស៊ី គឺ​ជា​ការ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រង់​មាត្រា​៦ ថ្មី ពីរ។ ​ច្បាប់​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​តាម​សំណើ​របស់​លោក ហ៊ុន សែន គឺ​បាន​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​មាន​ពាក់​ព័ន្ធ​នឹង​ទណ្ឌិត ទាំង សំឡេង រូបភាព ឬ​សកម្មភាព​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​គណបក្ស​នយោបាយ។

លោក សុខ ឥសាន អះអាង​ថា ការ​ចុះ​ហត្ថលេខា​របស់​លោក សម រង្ស៊ី គឺ​លោក សម រង្ស៊ី ជា​អ្នក​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ផ្ទាល់​ដោយ​មិន​អាច​ប្រកែក​បាន។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ បន្ថែម​ថា ការ​ចុះ​ហត្ថលេខា​របស់​លោក សម រង្ស៊ី គឺ​ជា​ទឡ្ហីករណ៏​សម្រាប់​តុលាការ​មាន​ភ័ស្តុតាង​បន្ថែម​ទៀត​សម្រាប់​ដាក់​បន្ទុក​លើ​គណបក្ស​សង្គ្រោះ​ដែល​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។

ប៉ុន្តែ​ជា​ការ​ឆ្លើយ​តាម​រយៈ​អ៊ីម៉ែល មក​កាន់​វិទ្យុ​បារាំង​អន្តរជាតិ លោក សម រង្ស៊ី អះ​អាង​ថា លោក​មិន​ខ្វល់​នឹង​ “ច្បាប់​ឡប់​ឡែ” ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ដើម្បី​ប្រឆាំង​នឹង​រូប​លោក និង​គណបក្ស​សង្រ្គោះ​ជាតិ​នេះ​ទេ។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី​៨​វិច្ឆិកា តំណាង​រាស្ត្រ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៤៣​រូប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ប្ដេជ្ញា​រក្សា​និង​ការពារ​រចនាសម្ព័ន្ធ​បក្ស ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រង​ការ​ គំរាម​រំលាយ​ចោល​ជា​រៀង​រាល់​ថ្ងៃ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក៏​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ដោះ​លែង​ លោក កឹម សុខា ដែល​ជា​ប្រធាន​បក្ស ព្រម​ទាំង​អ្នក​នយោបាយ​ដទៃ​ទៀត​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ