អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សាលា​បង្រៀន​តែង​និពន្ធជា​តម្រូវ​ការ​ចាំបាច់​ដើម្បី​លើក​ស្ទួយ​វប្បធម៌​ជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​ម្សិលមិញ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​កោះ​ហៅ​អ្នក​តំណាង​ផលិត​កម្ម​ចម្រៀង និង​អ្នក​និពន្ធ​ទំនុក​ច្រៀង​ ទៅ​ដុស​ក្អែល​។ គឺ​ជា​ការ​ដាស់​តឿន​ណែនាំ បន្ទាប់​ពី​ចម្រៀង​មួយ​បទ ដែល​ត្រូវ​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ថា បាន​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស​និង​វប្បធម៌​ជាតិ។​ ទន្ទឹម​នឹង​នេះ គេ​មើល​ឃើញ​ថា​ វិធាន​ការ​ក្រើន​រម្លឹក​ និង​ការ​គ្រោង​ដាក់​ចេញ​នូវ​«​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​និពន្ធ» គឺ​មិន​ទាន់​គ្រប់​គ្រាន់​ទេ! ប្រការ​សំខាន់ ​អ្នក​និពន្ធ​ខ្មែរ​ គួរ​តែ​មាន​សាលា​បង្រៀន​ជាក់​លាក់ ​ទើប​ជា​ការ​ប្រសើរ។

@HEAM Chetra
ផ្សាយពាណិជ្ជកម្ម

មិន​មែន​ជា​រឿង​ថ្មី​ទេ ដែល​បទ​ចម្រៀង​សម័យ​ថ្មី​នេះ​ ត្រូវ​រង​ការ​រិះគន់​ពី​មហាជន​ថា ចម្រៀង​គ្មាន​ភាព​ថ្លៃថ្នូរ​ជា​របស់​ខ្មែរ និង​បាន​លួច​ចម្លង​ពី​បរទេស​ ហើយ​បទ​ចម្រៀង​ខ្លះ មិន​ត្រឹម​តែ​​គ្មាន​រសជាតិ​ខ្មែរ​ គ្មាន​ខ្លឹមសារ​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ពិត​នោះ​ទេ​ ហើយ​ថែម​ទាំង​កាន់​តែ​ធ្វើ​ឲ្យ​អាប់​ឱន​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ជាតិ​ ថែម​ទៀត​ផង​។ ហេតុ​នេះ​ ការ​ប្រកាស​បិទ​មិន​ឲ្យ​ផ្សព្វ​​ផ្សាយ​បទ​ចម្រៀង​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ​ និង​ការ​កោះ​ហៅ​អ្នក​និពន្ធ​ទៅ​ដាស់​តឿន ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​ឧទាហរណ៍​ស្រាប់។

លើស​ពី​នេះ​! មិន​មែន​តែ​ត្រឹម​វិស័យ​ចម្រៀង​ទេ ដែល​កំពុង​ជួប​វិបត្តិ​បែប​នេះ​ នៅ​មាន​ផ្នែក​ផ្សេង​ទៀត​ ដូច​ជា​វិស័យ​ភាព​យន្ត រាប់​ទាំង​កុន​ខ្នាត​ខ្លី​ កុន​ភាគ​វែង​ៗ​​ រហូត​ទៅ​ដល់​ការ​សរសេរ​សៀវភៅ​ថែម​ទៀត ក៏​មាន​រូប​ភាព និង​សាច់​រឿង​អាសអាភាស​ផ្ទុយ​ពី​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​ខ្មែរ​ ព្រម​ទាំង​មាន​ការ​លួច​ចម្លង​ពី​ប្រទេស​ជិត​ខាង និង​បស្ចឹម​លោក។ រីឯ​ស្នាដៃ​ខ្លះ ​ត្រូវ​ម្ចាស់​ដើម​គេ​មើល​ឃើញ ហើយ​យក​ទៅ​បក​អាក្រាត​ រិះគន់ យ៉ាង​ចាស់​ដៃ ចំពោះ​ខ្មែរ​ដែល​ធ្លាប់​តែ​មាន​វប្បធម៌​ជាតិ​ដ៏​ល្អ​ផូរផង់​នោះ។

យ៉ាង​ណា​ក៏​ដោយ គេ​លំបាក​នឹង​បន្តុះបង្អាប់​អ្នក​និពន្ធ​ខ្មែរ​ណាស់​! ត្បិត​គេ​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ថា​នៅ​ស្រុក​ខ្មែរ អ្នក​និពន្ធ​ភាគ​ច្រើន​លើស​លុប​ គឺ​មិន​បាន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ នៅ​សាលា​ដែល​មាន​ឯកទេស​និពន្ធ​ត្រឹមត្រូវ​នោះ​ឡើយ​។ គឺ​មាន​តែ​ការ​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង ឬ​រៀន​សរសេរ​បន្តិច​បន្តួច នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ​, ឬ​​សាលា​រចនា និង​ការ​រៀន​វគ្គ​ខ្លីៗ​តិច​តួច​ នៅ​​«សមាគម​អ្នក​និពន្ធ​ខ្មែរ» និង​សាលា​ឯកជន​ខ្លះៗ ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ ការ​សិក្សា​ខ្លីៗ​ទាំង​ឡាយ​នោះ ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​នៅ​មិន​គ្រប់​គ្រាន់​នោះ​ទេ ពោល​គឺ​នៅ​តែ​រៀន​បែប​សើៗ លំ​ៗ និង​ពុំ​ស៊ី​ជម្រៅ ច្បាស់​លាស់​នៅឡើយ​។

ដូច្នេះ អ្នក​និពន្ធ​ខ្មែរ​ គួរ​តែ​ត្រូវ​មាន​សាលា​បង្រៀន​តែង​និពន្ធ​ជាក់​លាក់ គឺ​ជា​ការ​ចាំបាច់។ ចាំបាច់​ព្រោះ​ថា​ តិច​ឬ​ច្រើន តាម​រយៈ​សំណេរ​របស់​អ្នក​និពន្ធ​ ​គឺ​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​អក្សរសាស្ត្រ អក្សរសិល្ប៍ និង​វប្បធម៌​ជាតិ។ ចំណែក​ឯ​អ្នក​និពន្ធ​ទំនុក​ច្រៀង​វិញ​ គេ​អាច​នឹង​ធ្វើ​ឲ្យ​បទ​ចម្រៀង​របស់​ខ្លួន ​ល្បី​រន្ទឺ​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ។ ធំ​ដុំ​ជាង​នេះ​ទៅ​ទៀត អ្នក​និពន្ធ​អត្ថបទ​ភាពយន្ត​ខ្លះ​ ក៏​កាន់​តែ​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ ដែល​ធ្វើ​ឲ្យ​ពិភព​លោក ​ស្គាល់​ប្រពៃណី​វប្បធម៌​ខ្មែរ និង​មុខ​មាត់​ពិត​ប្រាកដ​របស់​ប្រទេស​កម្ពុជា។

ការ​មាន​សាលា​បង្ហាត់​បង្រៀន​វិជ្ជា​តែង​និពន្ធ​នេះ គឺ​ច្បាស់​ជា​នឹង​ផ្តល់​មូលដ្ឋាន​ចំណេះ​ដឹង​​ដល់​អ្នក​និពន្ធ​និង​កវី បាន​ត្រឹមត្រូវ ដោយ​ឈរ​នៅ​លើ​គ្រឹះ​វប្បធម៌ រសជាតិ ក្លិន​ពណ៌​សម្បុរ​ ជា​ខ្មែរ​។ ក្រៅ​ពី​បញ្ជ្រាប​អត្តសញ្ញាណ​ជាតិ​, សាលា​បង្រៀន​វិជ្ជា​និពន្ធ នៅ​មាន​កាតព្វកិច្ច​ចម្បង​ថែមទៀត ក្នុង​ការ​ផ្តល់​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ផ្នែក​តាក់​តែង​និពន្ធ​ ដែល​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​រិះរក​គំនិត​ច្នៃ​ប្រឌិត​ថ្មី ដែល​ធ្វើ​ឲ្យ​ចាក​ឆ្ងាយ​ពី​ការ​ចម្លង​ស្នាដៃ​ជន​ដទៃ​។

បើ​និយាយ​តែ​ពី​ផ្នែក​សរសេរ​វិញ​នោះ, សាលានិពន្ធ​ច្បាស់​ជា​បង្រៀន​ជំនាញ​បច្ចេក​ទេស​បាន​ល្អ​ រាប់​តាំង​ពី​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍ សម្ព័ន្ធ​ឃ្លោងឃ្លា​ផ្សេង​ៗ​... ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម​ស្រប​ទៅ​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ។ ចំណែក​ចរិត​នៃ​សាច់​រឿង ឬ​ចរិត​នៃ​បទ​ចម្រៀង​ ប្រាកដ​ជា​អាច​កាត់​បន្ថយ​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភាព​ថ្លៃថ្នូរ​ និង​សីលធម៌​សង្គម​។ ហើយ​បើ​ទោះ​បី​ជា​មាន​ការ​ប៉ះពាល់​ខ្លះ ក៏​អាច​ជៀសវាង​បាន​ច្រើន​ជា​មិន​ខាន។​ ព្រោះ​ថា អ្នក​និពន្ធដែល​ឆ្លង​កាត់​សាលា​ទាំង​នោះ ​ត្រូវ​បាន​បញ្ជ្រាប​ការ​យល់​ដឹងពី​ក្រម​សីលធម៌​របស់​អ្នក​និពន្ធ​ តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ​ គឺ​មុន​ពេល​ដែល​ចូល​ប្រកប​អាជីព​ជា​អ្នក​កាន់​ស្លាប​ប៉ាកកា។

ជារួម​ទៅ ការ​តែង​ទំនុក​ច្រៀង​ ការ​សរសេរ​សៀវភៅ និង​និពន្ធ​អត្ថបទ​ភាពយន្ត, វិស័យ​ទាំង​អស់​នេះ គឺ​សុទ្ធ​សឹង​តែ​កើត​ចេញ​ពី​ស្នាដៃ​របស់​អ្នក​និពន្ធ ដែល​រួម​ចំណែក​ចាំបាច់​បំផុត ដើម្បី​ឲ្យ​វណ្ណកម្ម​មួយ​សម្រេច​ឡើង។ ពួក​គេ​ទាំង​នេះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ជ្រាប​ការ​យល់​ដឹង ផ្សព្វផ្សាយ​វប្បធម៌ និង​សារ​អប់រំ​ផ្សេងៗ​ រាប់​តាំង​ពី​ការ​សរសេរ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​អំពាវវនាវ​ឲ្យ​គេ​មក​ទស្សនា​ ឬ​មក​លេង​ស្រុក​ខ្មែរ ក៏​ត្រូវ​ការ​អ្នក​និពន្ធ​សរសេរ​ឲ្យ​ដែរ។​

សម្រេច​សម្រួល​ទៅ ការ​មាន​សាលា​បង្រៀន​តែង​និពន្ធជា​តម្រូវ​ការ​ចាំបាច់​ដើម្បី​លើក​ស្ទួយ​វប្បធម៌​ជាតិ​ផង និង​លើក​ស្ទួយ​វិស័យ​ផ្សេងៗ​ថែម​ទៀត​ដែរ​។ ក្រៅ​ពី​បង្កើត​សាលា​បង្រៀន​ជាក់​លាក់​ថ្មី​បន្ថែម​ទៀត​នេះ​ គេ​ក៏​ត្រូវ​ពង្រីង​បន្ថែម​សាលា​ខ្លះ​ដែល​មាន​ស្រាប់​ផង។ ដូច​ជា​ «សមាគម​អ្នក​និពន្ធ​ខ្មែរ» ជា​ដើម​ ដែល​កើត​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៤ ហើយ​ធ្លាប់​បង្រៀន​វគ្គ​ខ្លី​ដល់​កូន​សិស្ស​អ្នក​និពន្ធ​ និង​កវី​បាន​ចំនួន​៣១​វគ្គ​មក​ហើយ​នោះ​។ ក៏​ប៉ុន្តែ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះគ្មាន​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​អ្វី​ថ្មីទេ​ គឺ​សមាគម ហាក់​បាន​កំពុង​សម្ងំ​លាក់​ខ្លួន​យ៉ាង​ស្ងៀម​ស្ងាត់​នៅ​ក្នុង​វត្ត​បទុម ក្រុង​ភ្នំពេញ​។

ពិត​ណាស់​ថា ប្រភព​ទ្រទ្រង់​ថវិកា​ និង​ធនធាន​មនុស្ស​ គឺ​អាច​ជា​ចំណោទ​ខ្លាំង​ក្នុង​កិច្ច​ទាំង​នេះ។ ក៏​ប៉ុន្តែ​វា​គួរ​តែ​មិន​អាច​នៅ​តែ​ជា​វិបត្តិ​ ដែល​ត្រូវ​តែ​បន្ត​អូស​បន្លាយ​ ធ្វើ​ឲ្យ​ខ្ទេច​ខ្ទាំ​ដល់​​វប្បធម៌​ជាតិ​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ ការ​ប្រកាស​បិទ​បទ​ចម្រៀង​ ឬ​ការ​បញ្ជា​មិន​ឲ្យ​ចាក់​បញ្ចាំង​រឿងកុន ឬ​ក៏​មិន​ឲ្យ​លក់​សៀវភៅ​ណាមួយ​ ដែល​ខុស​នឹង​ប្រពៃណី​វប្បធម៌​ជាតិ ពុំ​មែន​ជា​ដំណោះ​ស្រាយ​តែ​មួយ​នោះ​ទេ​។ ហើយ​ការ​ហៅ​ អ្នក​និពន្ធ​ទៅ​ដុស​ក្អែល ឬ​ទៅ​ពន្យល់​ណែនាំ ដោយ​មិនមាន​បាន​បណ្តុះ​បណ្តាល​អី​ធំដុំ​ដល់​ពួក​គេ​ជា​មុន​ផង​នោះ​ ក៏​ពុំ​មែន​ជា​រឿង​សមហេតុ​ផល​តែ​​រហូត​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ