អានតួអត្ថបទ
កម្ពុជា

លោក ​ស ខេង ​ចាត់តំណាង​ឲ្យជួប​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះជាតិ​​​​

នៅ​ទីបំផុត​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី២៤មីនា​នេះ បាន​ចាត់​តំណាង​របស់ខ្លួន​ដើម្បី​ជួប​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី២៩មិនា​ខាងមុខ។ ជំនួប​នេះ​នឹងធ្វើ​ឡើងជា​លក្ខណៈ​បច្ចេក ដែល​គ្រោង​ពិភាក្សា​ទៅលើ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានជ្រើសរើស​ក្បាលម៉ាស៊ីន​គណបក្ស​ដោយមាន ប្រធាន ១រូប និង​អនុប្រធាន ៣រូប ដែល​ចំណុច​នេះ​ត្រូវ​ក្រសួងមហាផ្ទៃ​ចាត់ទុកថា ផ្ទុយ​ពី​លក្ខន្តិកៈ​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 
មន្ត្រី​បច្ចេកទេស​ដែល​លោក ស ខេង ចាត់​ឲ្យ​ទៅ​ជួប​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី២៩មិនា​នោះ គឺ​លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​រួម​នឹង​មន្ត្រី​ជំនាញ​ផ្សេងទៀត។  មុន​ចាត់​តំណាង​របស់ខ្លួន​ឲ្យ​ទៅ​ជួប​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​លោក ស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បដិសេធ​សំណើរ​សុំ​ជួប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​លក្ខខណ្ឌ​នយោបាយ។

ការបដិសេធ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នេះ គឺធ្វើឡើង​ក្នុង​លិខិត​ឆ្លើយតប​ទៅកាន់​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិ​ប​ត្ត​គណបក្ស ដែល​បាន​សរសេរ​លិខិត​កាលពី​ថ្ងៃ​ម្សិលមិញ​ស្នើសុំ​ចាត់​អ្នកតំណាង​បក្ស​ចំនួន ៥រូប​ជួប​លោក ស ខេង ឬ​តំណាង​ក្រសួង​ពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប។ ជាការ​ដោះស្រាយ​លើ​ការអនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានជ្រើសរើស​ក្បាលម៉ាស៊ីន​គណបក្ស ប្រធាន ១រូប និង​អនុប្រធាន ៣រូប​ដែល​ក្រសួងមហាផ្ទៃ​ចាត់ទុកថា ផ្ទុយ​ពី​លក្ខន្តិកៈ​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ។

សូម​រំលឹកថា គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី ០២ មីនា​កន្លងទៅ​បានធ្វើ​សមាជ​វិសាមញ្ញ​ផ្លាស់ប្តូរ​លក្ខន្តិកៈ​គណបក្ស និង​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី​ដើម្បី​ជំនួស​លោក​សម រង្ស៊ី​ដែល​បាន​លាលែង។ ក្នុងនោះ​គឺ​លោក​កឹម សុខា គឺជា​ប្រធាន និង​អនុប្រធាន​បី​រូប​ផ្សេងទៀត។ ប៉ុន្តែ​ការកែប្រែ​លក្ខន្តិកៈ​ថ្មី និង​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី​ក្នុង​ថ្ងៃ​តែមួយ​នេះ គឺ​បាន​ផ្ទុយ​ទៅតាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់ទុក​ស្របច្បាប់​នៅ​ក្រសួងមហាផ្ទៃ។

ត្រង់ចំណុច​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គណបក្សប្រឆាំង​ត្រូវធ្វើ​សំណើរ​មកកាន់​ក្រសួងមហាផ្ទៃ​ឱ្យទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី សិន ទើប​គណបក្ស​អាច​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី​ដែលមាន​ប្រធាន ១រូប និង​អនុប្រធាន ៣រូប​ដូច​បច្ចុប្បន្ន​បាន។ បន្ថែម​ពីនេះ ក្រសួងមហាផ្ទៃ បានស្នើ​សុំឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កែសម្រួល​ឡើងវិញ មុននឹង​ក្រសួងមហាផ្ទៃ​អាច​ផ្តល់​សុពលភាព​ដល់​ក្បាលម៉ាស៊ីន​គណបក្សប្រឆាំង​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ