អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា បាន​ខ្ទាស់​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ច្រាន​ចោល​ចំពោះ​ព័ត៌មាន​ ដែល​បាន​ចោទ​ប្រកាន់​ថា កម្ពុជា​ជា​អ្នក​ខ្ទាស់​ក្នុង​ការ​ដាក់​សាល​ក្រម​តុលាការ​មជ្ឈត្តិកម្ម​អន្តរជាតិ ទៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ ហ្វីលីពីន​ខ្លួន​ឯង​ទេ ដែល​បាន​ស្នើ​ឲ្យ​ដក និង​បាន​ចាត់​ទុក​ថា វា​ជា​រឿង​ទ្វេភាគី​រវាង​ចិន​និង​ហ្វីលីពីន។

រូបថតចាស់៖ ​លោក​ ប្រាក់ សុខុន ពេល​ចាក​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ (រូបថត ខែ​សីហា ២០១១)។
រូបថតចាស់៖ ​លោក​ ប្រាក់ សុខុន ពេល​ចាក​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ (រូបថត ខែ​សីហា ២០១១)។ © AKP
ផ្សាយពាណិជ្ជកម្ម

“រដ្ឋ​មន្រ្តី​ការ​បរទេស​ហ្វីលីពីន​ខ្លួន​ឯង​បាន​ទទួល​ស្គាល់​ថា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន មិន​មែន​ជា​ជម្លោះ​រវាង​អាស៊ាន​ជាមួយ​ចិន​នោះ​ឡើយ”។ នេះ​គឺ​ជា​ការ​បំភ្លឺ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ​ និង​អន្តរជាតិ ដែល​បាន​ចុះ​ផ្សាយ ដោយ​ចោទ​ប្រកាន់​ថា កម្ពុជា​គឺ​ជា​អ្នក​ខ្ទាស់​មិន​ឲ្យ​អាស៊ាន ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម ស្តីពី បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ប៉ុន្តែ លោក ជុំ សុន្ទរី អ្នក​នំា​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​បាន​អម​ដំណើរ​រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា លោក​ ប្រាក់ សុខុន មក​ពី​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​លើក​ទី​៤៩ នៅ​ប្រទេស​ឡាវ​ នា​រសៀល​ថ្ងៃ​ទី​២៧​កក្កដា​នេះ​ថា រដ្ឋ​មន្រ្តី​ហ្វីលីពីន​ខ្លួន​ឯង​ទេ ដែល​ជា​អ្នក​ស្នើ​ឲ្យ​ដក​សាល​ក្រម​របស់​តុលាការ​មជ្ឈត្តិកម្ម​អចិន្រ្តៃយ៍​អន្តរជាតិ​ទីក្រុង​ឡាអេ ទៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ចេញ​ពី​សេចក្តី​ការណ៍​រួម​របស់​អាស៊ាន​នេះ។ លោក​បាន​លើក​ឡើង​ថា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​បញ្ហា​ទ្វេ​ភាគី ពោល​គឺ​មិន​មែន​ជា​បញ្ហា​រវាង​ចិន​និង​អាស៊ាន​នោះ​ទេ។

គួរ​ជម្រាប​ជូន​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ​ និង​អន្តរជាតិ​បាន​ចុះ​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី​១​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​លើក​ទី​៤៩ នៅ​ទីក្រុង​វៀងចន្ទ​ប្រទេស​ឡាវ​ថា កម្ពុជា​និង​ឡាវ គឺ​ជា​អ្នក​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ខ្ទាស់​មិន​ឲ្យ​មា​ន​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន។

លោក ជុំ សុន្ទរី ក៏​បាន​ច្រាន​ចោល​ផង​ដែរ ចំពោះ​ការ​ចុះ​ផ្សាយ​ថា កម្ពុជា​ព្យាយាម​មិន​ឲ្យ​មាន​ការ​លើក​ឡើង​ពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ផ្សេង​ទៀត។ មិន​តែ​ប៉ុណ្ណោះ លោក ជុំ សុន្ទរី បាន​គូស​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ លោក​ទេស​រដ្ឋ​មន្រ្តី ប្រាក់ សុខុន តែងតែ​បាន​លើក​ឡើង​ពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​បាន​ទាមទារ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ រួម​គ្នា​កាត់​បន្ថយ​កម្តៅ​ដែល​កំពុង​តែ​កើន​ឡើង​ស្រាប់​ទៅ​ហើយ បន្ទាប់​ពី​សេចក្តី​សម្រេច​របស់​តុលាការ​មជ្ឈត្តិ​កម្ម​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១២​កក្កដា​ឆ្នាំ​២០១៦។

យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​លើក​ទី​៤៩​នេះ កម្ពុជា​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា កម្ពុជា​នឹង​មិន​លូក​ដៃ ឬ​គាំទ្រ​លើ​ភាគី​ណាមួយ​នោះ​ទេ និង​បាន​អំពាវ​នាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដោះ​ស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី ពោល​គឺ ប្រើ​យន្តការ​អាស៊ាន​-ចិន ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​សេចក្តី​ថ្លែង​ការណ៍ ស្តី​ពី ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង (DOC) និង​ខិត​ខំ​តាក់​តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង (COC) រវាង​អាស៊ាន​-ចិន និង​ប្រទេស​ពាក់ព័ន្ធ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេ​សកម្ពុជា​ក៏​បាន​ចាត់​ទុក​ថា ការ​ភ្ជាប់​ជំនួយ​ឥត​សំណង​របស់​ចិន​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​អាមេរិក​ទៅ​នឹង​កាដូ ឬ​រង្វាន់​សម្រាប់​កម្ពុជា​គាំទ្រ​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ថា គឺ​ជា​ការ​ប្រមាថ​មក​លើ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ