អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ហ៊ុន សែន មិន​ឲ្យ​តម្លៃ​លើ​ការ​វិភាគ​របស់​អង្គការ​អន្តរជាតិ​មួយ​ដែល​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​ផ្តាច់​ការ

អង្គការ​ស្រាវជ្រាវ និង​វិភាគ​របស់​អង់គ្លេស​មួយ​ឈ្មោះ​ថា​ Economist Intelligence Unit កាល​ពី​ម្សិល​មិញ​បាន​ចេញ​សន្ទស្សន៍​ស្តី​ពី ស្ថានភាព​ប្រជាធិបតេយ្យ​របស់​បណ្តា​ប្រទេស​នានា​លើ​ពិភព​លោក​នៅ​ក្នុង​ឆ្នាំ​២០១៧។ ក្នុង​នោះ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​អង្គការ​នេះ ចាត់​ចូល​ជា​ប្រទេស​ប្រើ​អំណាច​ផ្តាច់​ការ​ដូច​ប្រទេស​វៀតណាម​និង​ចិន​ដែរ។ ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​បញ្ហា​នេះ​ទេ ដោយ​លោក​អះអាង​ថា អ្នក​សរសេរ​ចេះ​សរសេរ​តាម​ចិត្ត។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កុម្ភៈ
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កុម្ភៈ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ កុម្ភៈ។ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី បើ​ទោះ​បី​ជា​អង្គការ Economist Intelligence Unit ចាត់​ទុក​កម្ពុជា​បែប​ណា​ក៏​ដោយ ប៉ុន្តែ​លោក​បាន​អះអាង​ថា អ្វីៗ វា​មិន​ស្ថិត​នៅ​លើ​អ្នក​សរសេរ​នោះ​ទេ។

ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ​ស្រាវជ្រាវ និង​វិភាគ​របស់​អង់គ្លេស​មួយ​ឈ្មោះ​ថា​ Economist Intelligence Unit បាន​ចាត់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ប្រទេស​ផ្តាច់​ការ​ដែល​មាន​វៀតណាម ឡាវ ចិន និង​កូរ៉េ​ខាង​ជើង​ជា​ដើម។ តាម​សន្ទស្សន៍​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​ក្នុង​ឆ្នាំ​២០១៧ អង្គការ Economist Intelligence Unit បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​នៅ​លេខ​រៀង​ទី​១២៤ ​ក្នុង​ចំណោម​ប្រទេស ១៦៧​នៅ​លើ​ពិភព​លោក។ ចំណាត់​ថ្នាក់​នេះ គឺ​បាន​ធ្លាក់​ចុះ​១២​លេខ​បើ​ប្រៀប​ធៀប​នឹង​ចំណាត់​ថ្នាក់​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ។

ការ​ចាត់​ចំណាត់​ថ្នាក់​លើ​ប្រទេស​កម្ពុជា​ដូច្នេះ គឺ​អង្គការ Economist Intelligence Unit សំអាង​ថា​ដោយ​សារ​តែ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ទាប​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត និង​ដំណើរ​ការ​ពហុបក្ស បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​បំផុត​កាល​ពី​អំឡុង​ខែ​វិច្ចិកា ឆ្នាំ​២០១៧។ ដូច្នេះ​ហើយ អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ផ្តល់​ពិន្ទុ​ដល់​កម្ពុជា​តែ​៣,៦៣​ប៉ុណ្ណោះ​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​ទៅ។ ពិន្ទុ​នេះ គឺ​ទាប​ជាង​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ថៃ​ទៅ​ទៀត។ តែ​យ៉ាង​ណា​ក៏​ខ្ពស់​ជាង​ប្រទេស​ចិន វៀតណាម ឡាវ និង​ប្រទេស​កូរ៉េ​ខាង​ជើង​ដែរ។

ចំពោះ​ការ​ផ្តល់​ពិន្ទុ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដែល​ចាត់​ទុក​ការ​សរសេរ​របាយការណ៍ និង​ការ​ដាក់​ពិន្ទុ​នេះ​ធ្វើ​ឡើង​ដោយ​មនុស្ស​តែ​ប៉ុន្មាន​នាក់​នោះ បាន​បរិហារ​ថា​ក្រុម​នេះ​មិន​ដឹង​ជា​យក​ពិន្ទុ​នេះ​ពី​ណា​មក​ទេ​មក​ដាក់​ឲ្យ​កម្ពុជា។ គួរ​ជំរាប​ជូន​ថា ក្រៅ​ពី​តែ​ផ្តល់​ពិន្ទុ​ទាប​ដល់​ប្រទេស​កម្ពុជា​លើ​បញ្ហា​ប្រជាធិបតេយ្យ​នោះ អង្គការ Economist Intelligence Unit ក៏​បាន​វាយ​តម្លៃ​ថា ការ​បោះ​ឆ្នោត​សាកល​នៅ​ខែ​កក្កដា ខាង​មុខ​នេះ ក៏​នឹង​មិន​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌​នោះ​ដែរ ព្រោះ​ថា​មាន​ការ​រំលាយ​បក្ស​ប្រឆាំង​មុន​នឹង​ការ​បោះ​ឆ្នោត​នេះ​មក​ដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ