អានតួអត្ថបទ
កម្ពុជា- ការងារ

កម្ពុជា ស្នើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ជួយ​សម្រួល​ការងារ​ដល់​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង

​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី ១៧ មេសា នេះ បាន​ស្នើ​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង ចំនួន ៧ ចំណុច ដើម្បី​ជួយ​សម្រួល​ឲ្យ​ពលករ​កម្ពុជា ដែល​កំពុង​បម្រើការងារ​នៅ​ទី​នោះ ឲ្យ​ទទួល​បាន​នូវ​ការ​ធានា​រ៉ាប់​រ៉ង​សុខមាលភាព​សង្គម​កាន់​តែ​ប្រសើរ។ ការស្នើ​សុំ​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​កម្ពុជា និង ប្រធាន​អង្គការ​សុខមាល​ភាព​និង​គ្រោះ​ថ្នាក់​ការងារ​នៃ​សាធារណ​រដ្ឋ​កូរ៉េ។

លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​គណៈ​ប្រតិភូ​ នា​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Shim Khuong-Woo ប្រធាន​អង្គ​ភាព​សុខុមាល​ភាព ​និង​គ្រោះថ្នាក់​ការ​ងារ​ នៃ​សាធារណរដ្ឋកូរ៉េ (COMWEL) នៅសណ្ឋាគារ Skyfarm ប្រទេសកូរ៉េ។
លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​គណៈ​ប្រតិភូ​ នា​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Shim Khuong-Woo ប្រធាន​អង្គ​ភាព​សុខុមាល​ភាព ​និង​គ្រោះថ្នាក់​ការ​ងារ​ នៃ​សាធារណរដ្ឋកូរ៉េ (COMWEL) នៅសណ្ឋាគារ Skyfarm ប្រទេសកូរ៉េ។ @Ith Samheng/ FB
ផ្សាយពាណិជ្ជកម្ម

ចំណុច​ទាំង​ ៧ ដែល​ត្រូវ​បាន​ដាក់​ស្នើ​ដោយ លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ ទៅកាន់​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នោះ​រួម​មាន៖ ទី១-ជួយ​ធ្វើ​ការ​អបរំ ផ្សព្វ​ផ្សាយ​អំពី​ការ​ធានា​រ៉ាប់​រង និង​ការ​ផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ពី​របប​នេះ​ដល់​ពលករ​កម្ពុជា​ឲ្យ​បាន​គ្រប់​ៗ​គ្នា។ ទី២-ជួយបង្កើន​ការ​អប​រំ​ផ្សព្វ​ផ្សាយ​ការ​បង្ការ ទប់​ស្កាត់​ហានិភ័យ​ការងារ​ផ្សេង​ៗ ​ដែល​នឹង​អាច​កើត​ជាយ​ថា​ហេតុ ហើយ​មាន​ផល​ប៉ះពាល់​ដល់​ពលករ​កម្ពុជា​។ ទី៣-បង្កើន​កម្មវិធី​អប់​រំ​ផ្សេង​ៗ​ឲ្យ​បានកាន់​តែ​ច្រើន​ថែម​ទៀត​ដល់​ពលករ​កម្ពុជា​។ ទី៤-ជួយ​រៀប​ចំ​ឱ្យ​មាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​ក្នុង​ការផ្តល់​មុខ​ជំនាញ​បច្ចេក​ទេស​ដល់​ពលករ​កម្ពុជា​ ដើម្បី​មាន​ជំនាញ​ច្បាស់​លាស់​នៅពេល​ដែល​ត្រឡប់​ទៅ​កម្ពុជា​វិញ ហើយ​អាច​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ឬ​បន្ត​ទៅ​ក្រៅ​ស្រុក និង​ប្រកបរបរ​ដោយ​ខ្លួន​ឯង​បាន​។

សំណើ ទី៥-សុំ​បង្កើត​ការ​ទំនាក់​ទំនង​រវាង​ស្ថាប័ន​សន្តិសុខ​សង្គម​នៃ​ប្រទេស​ទាំង​ពីរ លើ​ការអនុវត្ត​ផ្នែក​សោធននិវត្តន៍​ តាមរយៈ​ការ​បង្កើត​នូវ​ប្រព័ន្ធ​មួយ​ច្បាស់​លាស់​ដើម្បី​គ្រប់​គ្រង​ក្នុង​ផ្តល់​របប​នេះ​ឲ្យ​បាន​ល្អ ជៀស​វាង​បាត់​បង់​អតីត​ភាព​ការងារ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​។ ទី៦-ស្នើ​សុំ​កូរ៉េ​បន្ត​ជួយ​លើ​ផ្នែក​ហានិភ័យ​ការងារ តាម​រយៈ​ការ​បន្ត​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ស្ថាប័ន​ទាំង​ពីរ ដែល​បាន​ព្រមព្រៀង​តាំង​ពី​ឆ្នាំ២០១០ មក។ 

ចុងក្រោយ សុំជួយ​ផ្តល់​បទ​ពិសោធន៍​ក្នុង​ការ​អនុវត្ត​របបសោធននិវត្តន៍​ដល់​កម្ពុជា បន្ទាប់​ពី​របប​ថែ​ទាំ​សុខភាព ដែល​បេឡាជាតិ​របប​សន្តិសុខ​សង្គម​របស់​កម្ពុជា​កំពុង​អនុវត្ត​។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ភាគីកូរ៉េ បាន​ទទួល​យក និង​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​របស់​កម្ពុជា និង​សន្យា​ថា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​ការ​គាំពារ​សង្គម​ដល់​ពលករ​កម្ពុជា​ឱ្យ​បានកាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

សូម​បញ្ជាក់​ថា បើ​តាម​លោក ឡុង ឌីម៉ង់ ​ឯក​អគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូង ​ គិត​ត្រឹម​ដើមឆ្នាំ ២០១៧ នេះ ពលរដ្ឋ​ខ្មែរ​ជាង ៩ ម៉ឺន កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ពួក​គេភាគ​ច្រើន​ជា​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ស្ត្រី​រៀប​ការ​ទៅ​រស់​នៅ​ជាមួយបុរស​ជន​ជាតិ​កូរ៉េ និង​និស្សិត​ដែល​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ