អានតួអត្ថបទ
កម្ពុជា

UN Women ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ គាំទ្រ​និង​ការពារ​ពលករ​ធ្វើ​ការងារ​ផ្ទះ

ទីភ្នាក់ងារ​សហប្រជាជាតិ​ដើម្បី​សមភាព​យេនឌ័រ ហៅ​កាត់​ថា UN Women នៅ​ថ្ងៃ​សៅរ៍​នេះ បាន​រៀបចំ​សិក្ខាសាលា​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ជុំ​វិញ​លក្ខខ័ណ្ឌ​ការងារ​និង​អាកប្បកិរិយា ដែល​ពលករ​ទេសន្ដរ​ការងារ​ផ្ទះ ជួប​ប្រទះ​នៅ​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី​។ របាយការណ៍​នេះ​រក​ឃើញ​ថា ពលករ​ខ្មែរ​ធ្វើ​ការងារ​ផ្ទះ​ដែល​ភាគ​ច្រើន​ជា​ស្ដ្រី មិន​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់ ហើយ​ពេល​ខ្លះ​ត្រូវ​ប្រឈម​នឹង​ការ​រើស​អើង​។ តាម​រយៈ​របាយការណ៍​នេះ UN Women ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ គាំទ្រ​​និង​​ការពារ​ពលករ​ធ្វើ​ការងារ​ផ្ទះ ដើម្បីលើកតម្លៃ និងលើកកម្ពស់វិស័យការងារផ្ទះនេះ។សេចក្ដី​រាយការណ៍​ដោយ ព្រឿន បញ្ញារី

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​សង្ខេប​កម្រាស់​ជិត​៤០​ទំព័រ ដែល​មាន​ចំណង​ជើង​ថា «ពលករ អ្នក​ជួយ​ការងារ​ផ្ទះ មីង អ្នក​បម្រើ​តាម​ផ្ទះ» គឺ​ជា​ការ​សិក្សា​មួយ​ក្នុង​ចំនោម​ការ​សិក្សា​ដំបូង​ៗ ដែល​បាន​ផ្ដោត​ទៅ​លើ​អាកប្បកិរិយា និង​ឥរិយាបថ​របស់​និយោជក​និង​អ្នក​ផ្ដល់​សេវា​ទៅ​លើ​កម្មករ​ការងារ​ផ្ទះ​។ ក្រៅពី​នេះ កិច្ច​ស្រាវ​ជ្រាវ​ក៏​បាន​រួម​បញ្ចូល​នូវ​អាកប្បកិរិយា​របស់​សាធារណជន​ទៅ​លើ​កម្មករ​ការងារ​ផ្ទះ និង​វិសាលភាព​នៃ​ការ​ផ្ដល់​ការ​ការពារ​តាម​ផ្លូវ​ច្បាប់ ក៏​ដូច​ជា​លក្ខខ័ណ្ឌ​ការងារ​នៅ​កម្រិត​បុគ្គល​និង​កម្រិត​គ្រួសារ​ផង​ដែរ​។

គោល​បំណង​នៃ​ការ​ស្រាវ​ជ្រាវ​របស់ UN Women នេះ គឺ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​ដល់​សង្គម​ស៊ីវិល​ទាំង​អស់ ជុំ​វិញ​គុណ​តម្លៃ​នៃ​ការងារ​ផ្ទះ ពី​ព្រោះ​ថា​ការងារ​ផ្ទះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​គាំទ្រ​ដល់​ការ​រស់​នៅ​របស់​មនុស្ស​។

ជា​ការ​កត់​សម្គាល់ ការងារ​ផ្ទះ​គឺ​ជា​ប្រភេទ​ការងារ​ដែល​កន្លង​មក​ពុំ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ណា​ទេ បើ​ធៀប​នឹង​ការងារ​បាន​កម្រៃ​ដែល​ធ្វើ​ក្រៅ​ផ្ទះ​។ ការងារ​ផ្ទះ មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការងារ​ត្រឹម​ត្រូវ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ការងារ​ផ្ទះ​អាច​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ការ​ទទួល​បាន​សិទ្ធិ​និង​ការ​ការពារ​ដូច​ពលករ​ទូទៅ ឬ​អាច​ទទួល​រង​ការ​រើស​អើង​ក្នុង​បញ្ញត្តិ​ច្បាប់​នានា​។

លោក ហេង សុជាតិ ប្រធាន​កម្មវិធី​ថ្នាក់​ជាតិ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ច្បាប់​ការងារ​ដែល​មាន​នៅ​កម្ពុជា​សព្វ​ថ្ងៃនេះ​ពុំ​ទាន់​មាន​ច្បាប់​គ្រប​ដណ្ដប់​ទៅ​លើ​ពលករ​ការងារ​ផ្ទះ​នៅ​ឡើយ​ទេ ទើប UN Women សម្រេច​សហការ​ជាមួយ​អង្គការ​អន្ដរជាតិ​ខាង​ការងារ ដើម្បី​បង្កើត​គោលការណ៍​ច្បាប់​ការងារ​ក្នុង​ស្រុក ព្រម​ទាំង​ច្បាប់​ការងារ​ក្រៅ​ស្រុក ដើម្បី​ការពារ​ពលករ​ចំណាក​ស្រុក ដែល​បម្រើ​ការ​ជា​ពលករ​ការងារ​ផ្ទះ​នៅ​ឯ​ក្រៅ​ប្រទេស​។

លោក​បន្ថែម​ថា ការងារ​នេះ ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម និង​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល តាម​រយៈ​ការ​ផ្ដល់​សច្ចាប័ន ដើម្បី​ការពារ​ពលករ​ការងារ​ផ្ទះ​ទាំង​អស់​។ ក្រៅ​ពី នេះ យុវជន​ក៏​ដូច​ជា​សង្គម​ស៊ីវិល អាច​ចូល​រួម​លើក​កម្ពស់​វិស័យ​ការងារ​ផ្ទះ​ផង​ដែរ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​និង​ពាក្យ​សម្ដី​ដែល​ធ្លាប់​មាន​ពីមុន​។ និយាយ​ឲ្យ​ចំ​គឺ​ត្រូវ​ផ្លាស់​ប្ដូរ​ពាក្យ​ស្ដ្រី​មេផ្ទះ ទៅ​ជា​អ្នក​គ្រប់​គ្រង​ផ្ទះ ចៀសវាង​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ដែល​ទម្លាក់​តម្លៃ​ការងារផ្ទះ​។

គួរ​ជម្រាប​ជូន​ថា ការងារ​ផ្ទះ គឺ​ជា​វិស័យ​ការងារ​ដែល​សម្បូរ​ស្ដ្រី​ធ្វើ​ការ​ច្រើន ហើយ​នៅក្នុង​ចំណោម​ចំនួន​កម្មករ​ការងារ​ផ្ទះ​សរុប មាន​ប្រមាណ​៨០​ភាគ​រយ​គឺ​ជា​ស្ដ្រី​។ អ្នក​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​ជា​ច្រើន​នាក់ គឺ​ជា​ជន​ទេសន្ដរ​ប្រវេសន៍ ដែល​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ជនបទ ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ទីក្រុង ឬ​ធ្វើ​ចំណាក​ស្រុក​ឆ្លង​ដែន ដែល​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ