អានតួអត្ថបទ
កម្ពុជា-ច្បាប់

អ្នកផ្តល់សេវាពពោះ ត្រូវបាន បង្គាប់ឲ្យប្រមូលលុយឲ្យម្តាយពពោះជំនួសដើម្បីចិញ្ចឹមកូន

សំណុំ​រឿង​សេវា​ពពោះ​ជំនួស ជន​ជាតិ​អូស្រ្តាលី​ម្នាក់ និង ជន​ជាតិ​ខ្មែរ​ពីរនាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់តុលាការ​ហើយ និង ប្រកាស​សាល​ក្រម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ជន​ទាំង​បី ក៏​ត្រូវ​បាន​បង្គាប់​ឲ្យ​ប្រមូលលុយ​ដែល​ទទួល​បាន​សេវា ដើម្បី​ចិញ្ចឹម​ទារក​ដែល​ម្តាយ​ជា​អ្នក​ស៊ី​ឈ្នួល​ពពោះ​ជំនួស។ នេះ​បើ​តាម​ការបញ្ជាក់​ពី អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​កម្ពុជា។  

ស្រ្តីមានផ្ទៃពោះ ៨ ខែ នៅក្នុងទីក្រុងបាងកក។
ស្រ្តីមានផ្ទៃពោះ ៨ ខែ នៅក្នុងទីក្រុងបាងកក។ Reuters/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

ជន​ទាំង​បី​នាក់ ដែល​ជា​អ្នក​ផ្តល់​សេវា​ពពោះ​ជំនួស កាល​ពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជធានីចេញ​ដីការ​ចាប់​ខ្លួ​នពី​បទ​ធ្វើ​អន្តរការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​តាម​មាត្រា​៣៣២ និង​បទ​សុំ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត​តាម​មាត្រា​៦៦២ នៃ​ក្រម​ព្រហ្មទណ្ឌ។ យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ តុលាការ​មិន​ទាន់​សម្រេច​ថា ជន​ទាំង​បី​ដែល​ជា​អ្នក​ផ្តល់​សេវា​ពពោះ ជំនួស​នោះ នឹង​ទទួល​ទោស​កម្រិតណា​នោះ​ទេ​ ក៏​ប៉ុន្តែ​បើ​តាម​មាត្រា​នៃ​ក្រម​ព្រហ្មទណ្ឌ ពួក​គេនឹង​ត្រូវ​ជាប់​ពន្ធនាគារ ពី ៦​ខែ ទៅ​២ឆ្នាំ​។

 
លោក ស្រី ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្រ្តៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស បញ្ជាក់​ថា ដោយ​សារ​តែ​នេះ ជា​ករណី​ទី​មួយ ដែល​ប៉ូលីស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រុង​ភ្នំពេញ បាន​ចាប់​ផ្តើម​វិធាន​ការ​ក្តៅបង្រ្កាប​សេវា​ពពោះ​ជំនួស​នៅ​កម្ពុជា ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម ដោយ​ផ្អែក​លើ​ច្បាប់​នានា ដើម្បី​ទាញ​យក​មក​ដាក់​បន្ទុក។

ជាមួយ​គ្នា​នេះ ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស បាន​បង្គាប់​ឲ្យ​ជន​ជាតិ​អូស្រ្តាលី​ម្នាក់ និង ខ្មែរ​ពីរនាក់ ដែល​ជា​អ្នក​ផ្តល់​សេវា​ពពោះ​នេះ ត្រូវ​ប្រមូល​លុយ ចំនួន ៥ ម៉ឺនដុល្លារ ទៅ​ឲ្យ​អ្នក​ស៊ី​ឈ្នួល​ពពោះជំនួស​ដើម្បី​ចិញ្ចឹម​កូន​ជា​បន្ត​ទៀត​ ។

លោក​ស្រី ជូ ប៊ុនអេង បាន​អំពាវនាវ​ទៅ​កាន់​ឪពុកម្តាយ​ដែល​ជា​ម្ចាស់​មេជីវិត ឲ្យ​បង្ហាញ​ខ្លួន​ស្នើ​សុំ​ចំពោះសមត្ថកិច្ច ដើម្បី​ទទួល​យក​កូន​ទៅ​ចិញ្ចឹម។​ ចណែក​ឯ​ស្រ្តី​ដែល​ជា​អ្នក​រក​ស៊ី​ពពោះ​វិញ អាជ្ញាធរ​នឹង​មិនចាត់​វិធានការណ៍​អ្វី​ទេ ក្រោម​ហេតុផល​ថា ស្រ្តី​ទាំង​នោះ មិន​ទាន់​បាន​យល់​ដឹង​ច្បាស់​ពី​អាជីវកម្ម ខុសច្បាប់​នេះ។ ក៏​ដូច​ជា​អំពាវនាវ​អោយ​ ស្ត្រី​ទាំង​នោះ​ចេញ​មុខ ដើម្បី​ទទួល​បាន​សេវាកម្ម​ស្រប​ច្បាប់ ជាពិសេស​គឺ​ការ​ថែរក្សា​គភ៌ និង​អនាគត​របស់​កុមារ។

ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ដែល​ពួក​គេ​បង្កើត​បណ្តាញ​ទទួល​ពពោះ​ជំនួស​នេះ ពួក​គេ​បាន​រក​ស្ត្រី​២៣​នាក់​ ដែល​ជា​អ្នក​ពពោះ​ជំនួស ហើយ​មាន​៥​នាក់​បាន​ផ្តល់​កំណើត​ទារក​៥​រួច​មក​ហើយ​។ នេះ​បើ​តាម​លោក​កែវ ធា ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​រាជ​ធានី​ភ្នំពេញ។

កាលពីសប្តាហ៍មុន ជន​ជាតិ​អូស្ត្រាលី​ម្នាក់ និង​ជំនួយ​ការ​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​ប៉ូលីស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រុងភ្នំ​ពេញ​ចាប់​ខ្លួន ក្រោយ​ពី​បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា​ពួក​គេ​ជា​ខ្សែ​បណ្តាញ​ផ្តល់​សេវាពពោះ​ជំនួស​នៅ​កម្ពុជា​។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា ពិចារណាបង្កើត​ច្បាប់​ស្តីពី​ការ​ពពោះ​ជំនួស។ ​ជន​ជាតិ​អូស្ត្រាលី​ជាស្រ្តី ឈ្មោះ Tammy Davis-Charles អាយុ​៤៩​ឆ្នាំ បាន​ធ្វើអាជីវ​កម្ម​ផ្តល់​សេ​វា​ពពោះ​ជំនួស​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ដោយ​សារ​តែ​ប្រទេស​ថៃ​រឹត​បន្តឹង​ច្បាប់ ទើប​គេ​រត់​មក​រកស៊ី​បែប​នេះ​នៅ​កម្ពុជា​វិញ ដោយ​សារ​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​លើ​ផ្នែក​នេះ​នៅ​ឡើយ។

សូម​បញ្ជាក់​ថា​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​ផ្តល់​សេវា​ពពោះ​ជំនួស​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រកាស​មិន​ឲ្យ​មាន​ការ​ធ្វើ​អាជីវ​កម្ម​ពពោះ​ជំនួស​ក្នុង​​កម្ពុជា ដោយ​ចាត់​ទុក​ថា​នេះ​គឺ​ជា​ការ​ជួញដូរ​មនុស្ស​។ កាល​ខែ​តុលា​កន្លង​ទៅ លោក​ស្រីរ៉ូណា​ស្មីត អ្នក​រាយ​កាណ៍​ពិ​សេស​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្សកម្ពុជា ក្នុង​ជំនួប​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ស្វាគមន៍​ក្រសួង​យុត្តិ​ធម៌​ក្នុង​ការ​បង្កើត​ច្បាប់​ស្តីពី​ការពពោះ​ជំនួស ដើម្បី​ទប់​ស្កាត់​ការ​ពពោះ​ជំនួស​ក្នុង​ប្រទេស​កម្ពុជា និង​ចូល​រួម​ការ​ពារ​សិទ្ធិ​ស្ត្រី និង​កុមារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ