អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការ​បរទេស​៖ នៅ​ពេល​នេះ ទូត​ខ្មែរ​កំពុង​រិះ​រក​វិធី​ជួយ​កម្មករ​៥​នាក់​ដែល​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ខ្លួន

តាម​រយៈ​សេចក្តី​ជូន​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ៍ ទី​០១ មីនា​នេះ លោក​ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ត្រូវ​រិះរក​វិធី​ជួយ​ដល់​កម្មករ​ខ្មែរ​ទាំង​៥​នាក់ និង​ផ្តល់​មេធាវី​ការពារ​ពួក​គេ​នៅ​ពេល​ឡើង​តុលាការ។ ការ​ណែនាំ​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​កម្មករ​ទាំង​៥​នាក់​នេះ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួន និង​ត្រៀម​បញ្ចូន​ទៅ​កាន់​តុលាការ​ពាក់​ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​រំលោភ​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង​នៅ​លើ​កោះ​មួយ​នៅ​ក្នុង​ប្រទេស​ថៃ។

ជនជាតិ​ខ្មែរ​៥​នាក់​ ជា​អ្នក​នេសាទ​​ ត្រូ​វ​​បា​ន​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៨ ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​ជនជាតិបា​រាំង​នៅលើ​កោះ​គុត​ ​ក្នុង​​ខេត្ត​​ត្រាត​ ប្រទេស​​ថៃ​។
ជនជាតិ​ខ្មែរ​៥​នាក់​ ជា​អ្នក​នេសាទ​​ ត្រូ​វ​​បា​ន​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៨ ខែ​កុម្ភៈ ​ឆ្នាំ​២០១៦ ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​ជនជាតិបា​រាំង​នៅលើ​កោះ​គុត​ ​ក្នុង​​ខេត្ត​​ត្រាត​ ប្រទេស​​ថៃ​។ google
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​នេះ​កម្មករ​ខ្មែរ​ទាំង​៥​នាក់​នោះ កំពុង​ត្រូវ​បាន​ប៉ូលិស​ថៃ​បញ្ចូន​ទៅ​កាន់​ស្នងការ​ដ្ឋាន​ខេត្ត​ត្រាត ដើម្បី​កសាង​សំណុំ​រឿង ត្រៀម​បញ្ជូន​ទៅ​កាន់​តុលាការ​ធ្វើ​ការ​កាត់​ទោស។ ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ប្រមុខ​ការ​ទូត​ខ្មែរ លោក​ហោ ណាំហុង បាន​ណែ​នាំ​​ឲ្យ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ​ត្រូវ​តែ​រិះរក​វិធី​ជួយ​ដល់​កម្មករ​ទាំង​នោះ និង​ផ្តល់​មេធាវី ដើម្បី​ជួយ​ការពារ​ពួក​គេ​នៅ​ពេល​ឡើង​តុលាការ។ លោក​ជុំ សន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នៅ​ពេល​នេះ ប៉ូលិស​ថៃ​ប្រមូល​ភស្តុតាង​បាន​ច្រើន​ហើយ​ចំពោះ​ករណី​នេះ។ ថ្វី​បើ​មិន​ទទួល​បាន​ព័ត៌មាន​ជាក់​លាក់​អំពី​ថ្ងៃ​បើក​សវនាការ​លើ​រឿង​នេះ​ក្តី ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា ជឿ​ថា សវនាការ​អាច​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

សូម​ជម្រាប​ជូន​ថា កម្មករ​ខ្មែរ​លើ​ទូក​នេសាទ​ទាំង​៥​នាក់ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ពួកគេ​ទាំង​នោះ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា និង​រំលោភ​លើ​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង​មួយ​ក្រុម​នៅ​លើ​កោះ​គុត ​ក្នុង​ខេត្ត​ត្រាត ប្រទេស​ថៃ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​។ កាសែត​បាងកក​ប៉ុស្តិ៍ថៃ បាន​ចុះ​ផ្សាយ​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​ ខណៈ​ដែល​ជន​ជាតិ​បារាំង​ចំនួន​៤​នាក់​បាន​ដើរ​ចេញ​ពី​កន្លែង​ដែល​ពួកគេ​កំសាន្ត​ត្រឡប់​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​វិញ ដើម្បី​បរិភោគ​អាហារ​ពេល​ល្ងាច។ ​កាសែត​ថៃដដែល​បា​ន​បញ្ជាក់​ថា​ អ្នក​នេសាទ​ខ្មែរ​ពីរ​នាក់​បាន​និយាយ​លេង​ជាមួយ​ជនជាតិ​បារាំង​ទាំង​នោះ ហើយ​នៅ​ពេល​ដែល​ពួកគេ​រៀបនឹង​ចាកចេញ កម្មករ​ខ្មែរ​៣​នាក់​ផ្សេង​ទៀត​បាន​ចេញ​ពី​ព្រៃ​ និង​បាន​ចាប់​រំលោភ​ស្រ្តី​បារាំង​ពីរ​នាក់​ ព្រម​ទាំង​បាន​វាយ​ទៅ​បុរសជន​ជាតិ​បារាំង​ពីរ​នាក់​ទៀត​ឲ្យ​រង​របួស។ ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP​ បាន​ឲ្យ​ដឹង​ដែរ​ថា កម្មករ​ខ្មែរ​ទាំង​៥​នាក់​ បាន​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​កំាបិត និង​ដំបង។ បន្ទាប់​ពី​ចាប់​ខ្លួន ប៉ូលិស​ថៃ​ បាន​ចោទ​ប្រកាន់​កម្មករ​ខ្មែរ​ទាំង​នោះ​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា និង​រំលោភ​សេព​សន្ទវៈ។

នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៦​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​គូស​បញ្ជាក់​ថា កម្មករ​ខ្មែរ​ទាំង​៥​នាក់​នោះ បាន​ទទួល​សារភាព​ថា បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ប្រើ​អំពើ​ហិង្សា និង​រំលោភ​លើ​ភ្ញៀវទេសចរ​បារាំង​ពិត​ប្រាកដ​មែន ហើយ​ការ​ប្រព្រឹត្ត​នោះ បាន​ធ្វើ​ឡើង​ក្នុង​ស្ថានភាព​ដែល​ពួកគេ​ស្រវឹង​ស្រា។ បើ​តាម​ក្រសួង​ការ​បរទេស កម្មករ​ខ្មែរ​ទាំង​នោះ សុទ្ធ​តែ​មាន​វ័យ​ក្មេង​អាយុ​តិច​ជាង​២៥​ឆ្នាំ ហើយ​ក្នុង​នោះ ៣​នាក់​មិន​ចេះ​អក្សរ​ និង​ពីរ​នាក់​ទៀត​ រៀន​បាន​តិច​តូច​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ