អានតួអត្ថបទ
កម្ពុជា

ព្រឹទ្ធ​សមាជិក​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​ដែល​រង​បណ្តឹង​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក​កែម ឡី បាន​សុំ​លា​លែង

លោក​ស្រី ថាក់ ឡា​នី ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី និង​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្តឹង​ពី​រឿង​ចោទ​រដ្ឋ​អំណាច​ថា​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក​កែម ឡី នោះ បាន​សុំ​លា​លែង​ពី​តួនាទី​នៅ​ក្នុង​គណបក្ស​សម រង្ស៊ី។ ការ​សុំ​លា​លែង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ទាំង​បក្ស​សង្រ្គោះ​ជាតិ និង​សម រង្ស៊ី បាន​លា​លែង​ជា​បន្ត​បន្ទាប់​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។

លោក​ស្រី ​ថាក់ ​ឡានី​ ដៃ​កាត់​ក្បាល​ម៉េក្រូ​ថ្លែង​នៅ​ក្នុង​ពិធី​សាសនា​នៅ​វត្ត​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។​
លោក​ស្រី ​ថាក់ ​ឡានី​ ដៃ​កាត់​ក្បាល​ម៉េក្រូ​ថ្លែង​នៅ​ក្នុង​ពិធី​សាសនា​នៅ​វត្ត​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។​ @Faceboook
ផ្សាយពាណិជ្ជកម្ម

មូល​ហេតុ​នៃ​ការ​សុំ​លា​លែង​នេះ គឺ​លោក​ស្រី​ថាក់ ឡា​នី បាន​គូស​បញ្ជាក់​ប្រាប់​លោកទាវ វណ្ណុល ប្រធាន​ស្តីទី​គណបក្ស​សម រង្ស៊ី ថា ដោយ​សារ​តែ​មូល​ហេតុ​ផ្ទាល់​ខ្លួន​។ លោក​ស្រី​ថាក់ ឡានី បាន​សុំ​លា​លែង​ពី​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​នាយក​គណបក្ស​សម រង្ស៊ី។ គួរ​កត់​សម្គាល់​ថា ការ​លា​លែង​របស់​លោក​ស្រី​ថាក់ ឡានី នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោក​អ៊ុំ សំអាន​តំណាង​រាស្រ្ត និង​លោក​មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​សុំ​លា​លែង​ពី​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​ព្រម​គ្នា​តែ​ម្តង​កាល​ពី​យប់​ថ្ងៃ​ទី ២៣ កុម្ភៈ​ពី​ពន្ធនាគារ​ព្រៃ​ស។

បើ​តាម​លោក​មាជ សុវណ្ណារ៉ា ការ​សុំ​លា​លែង​របស់​ពួក​គេ​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​គណបក្ស​ប្រឆាំង​តាម​ឧបសគ្គ​ច្បាប់​ស្តី​គណបក្ស​នយោបាយ​ថ្មី​ត្រង់​មាត្រា​ទី ១៨​ថ្មី ដែល​បាន​ចែង​ថា«ប្រធាន អនុប្រធាន និងសមាជិក​គណៈកម្មាធិការ​នាយក​ដែល​មាន​ទោស មិន​ត្រូវ​ឲ្យ​មាន​តួនាទី​ក្នុង​គណបក្ស»។ ក្នុង​ន័យ​នេះ បើ​ទោះ​បី​ពួក​គេ មិន​លា​លែង​ក៏​គង់​តែ​ត្រួវ​អស់​តួ​នាទី​នៅ​ក្នុង​គណបក្ស​ដដែល​នៅ​ពេល​ដែល​ច្បាប់​ស្តី​ពី​គណបក្ស​ថ្មី​ត្រូវ​អនុវត្ត​នោះ។ ហើយ​នេះ ក៏​ជា​អ្វី​ដែល​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ធ្លាប់​បាន​ធ្វើ​ផង​ដែរ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។

ការ​សុំ​លា​លែង​ពី​តួនាទី​នៅ​ក្នុង​គណបក្ស​របស់​លោក​ស្រី​ថាក់ ឡានី ក៏​ដូច​ជា​មន្រ្តី​ទាំង​នេះ បាន​កើត​ឡើង​មុន​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ថ្មី​នឹង​ត្រូវ​ចូល​ជា​ធរមាន​នា​ពេល​ខាង​មុខ​នេះ។ ច្បាប់​ថ្មី​នេះ ត្រូវ​បាន​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​ទាំង​ឡាយ​មើល​ឃើញ​ថា​នឹង​ក្លាយ​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាប​សង្កត់​ទៅ​លើ​គណបក្ស​សង្រ្គោះ​ជាតិ បើ​ទោះ​បី​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ហើយ​ថា អនុវត្ត​គ្រប់​គណបក្ស​ទាំង​អស់​រួម​ទាំង​គណបក្ស​កាន់​អំណាច​ផង។

សូម​បញ្ជាក់​ថា លោក​ស្រី​ថាក់ ឡានី ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្តឹង​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» បន្ទាប់​ពី​បាន​អត្ថាធិប្បាយ​ថា រដ្ឋ​អំណាច​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​កែម ឡី​។ តាម​បណ្តឹង​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​លោក​ស្រី​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ២​ឆ្នាំ និង​បង់ប្រាក់​ជំងឺ​ចិត្ត ១០០​រៀល តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន​។ បច្ចុប្បន្ន​នេះ លោក​ស្រី​ថាក់ ឡានី កំពុង​ស្នាក់​នៅ​ឯ​ប្រទេស​ស៊ុយអែត បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​នៅ​ទី​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ