អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ហ៊ុន សែន​ប្តឹង​អ្នកវិភាគ​គឹម សុខ ទារ​សំណង៥០ម៉ឺន​ដុល្លារ

មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​បាន​ថ្លែង​ឱ្យ​ប្តឹង​លោក​គឹម សុខ អ្នកវិភាគ​សង្គម​ទៅកាន់​តុលាការ នៅ​ថ្ងៃទី១៣ កុម្ភៈ​នេះ ដំណើរការ​នីតិវិធីតុលាការ បានចាប់ផ្តើម​ហើយ។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្តឹង​អ្នកវិភាគ​រូបនេះ ទាមទារ​សំណង​ជំងឺ​ចិត្ត៥០ម៉ឺន​ដុល្លារ ពីព្រោះ​បើតាម​ប្រសាសន៍​របស់លោក​ហ៊ុន សែន ការអត្ថាធិប្បាយ​របស់​លោក​គឹម សុខ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​នៅ​ពីក្រោយ​ការសម្លាប់​លោក​បណ្ឌិត​កែម​ ឡី។ 

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​បានកើត​ឡើង​កាលពី​ថ្ងៃទី១១កុម្ភៈ។ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី លោក​គឹម សុខ អ្នកវិភាគ​សង្គម បាន​និយាយថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ...មិន​ឃើញថា គាត់​ធ្វើ​ដើម្បី​ចង់បាន​បង្កើន​ប្រជាប្រិយភាព​អី​ទេ... និយាយឱ្យចំ​តែម្តងទៅ បន្ត​ប្លន់​អំណាច​...»។

លោក​គឹម សុខ​បន្ត​ប្រាប់​អាស៊ីសេរី​ទៀតថា៖ «...ធ្វើ​អស់​ហ្នឹងហើយ សំលាប់​ហើយ​អី​ហើយ​ហ្នឹង ទាំង​ចុងក្រោយ​សំឡាប់ លោក កែម ឡី​ទៀត សំលាប់​ហើយ​អី​ហើយ​ប៉ុន្តែ​ពលរដ្ឋ​នៅតែ​ងើប។ ចឹ​ង​ហើយ​មានតែ​វិធី​មួយ​ចុងក្រោយ​ទេ គឺ​ប្រើ​ច្បាប់...»។ គឺ​ពាក្យ​ទាំងនេះហើយ​ដែល​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​បញ្ជា​ឱ្យ​មេធាវី​ប្តឹង​លោក គឹម សុខ ទៅកាន់​តុលាការ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត៥០ម៉ឺន​ដុល្លារ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​នៅ​ខេត្តកណ្តាល លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការ​អត្ថាធិប្បាយ​នេះ គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា។ បន្ថែម​ពីនេះ ក្នុង​លិខិត​ប្តឹង​ទៅកាន់​តុលាការ លោក​គី តិច​មេធាវី​ការពារ​ក្តី​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាងថា​លោក​គឹម សុខ ពិតជា​បាន​ប្រព្រឹត្តិ​ដោយ​ចេតនា ក្នុង​គោលបំណង​ចោទប្រកាន់ មូល​បង្កាច់ និង​ទំលាក់កំហុស​យ៉ាង​ងងឹត​ងងុល​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ប៉ុន្តែ​លោក​គឹម សុខ​ដែល​កំពុងមាន​វត្តមាន​នៅ​ទីក្រុង​ភ្នំពេញ បាន​អះអាងថា​ប្រាប់​វិទ្យុ​បារាំង​ថា ពាក្យ«គេ»ដែល​គាត់​ប្រើ​នោះ គឺ​មិនមែន​សំដៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ សំដៅលើ​អ្នកផ្សេង​តែប៉ុណ្ណោះ។

គួ​រំលឹកថា​ផងដែរ​ថា ក្នុងករណី​ដូចគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្តឹង​លោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី និង​លោក​សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។

បើទោះបីជា​បែបណាក៏ដោយ លោក​គឹម សុខ អ្នកវិភាគ​សង្គម ដែល​ហ៊ាន​រិះគន់​គណបក្ស​កាន់អំណាចចំៗនោះ បានឱ្យដឹង​លោក​មិន​រត់​ចេញពី​ប្រទេស​កម្ពុជា ហើយនឹង​នៅ​តតាំង​ក្តី​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ