អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ គជប ថ្មី អាច​ធានា​បាន​នូវ​ឯករាជ្យភាព​ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​មុន អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ចាប់​ផ្ដើម​ទទួល​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប​។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ដំណើរ​ការ​នេះ​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​ទេ ព្រោះ​ថា បេក្ខជន គជប ត្រូវ​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​។ បើ​គ្រាន់​តែ​ចាប់​ផ្ដើម​ត្រូវ​ប្រឈម​នឹង​ការ​រិះគន់​ដូច្នេះ​ទៅ​ហើយ សួរ​ថា​​តើ គជប ថ្មី អាច​ធានា​បាន​នូវ​ឯករាជ្យភាព​ដែរ​​ឬ​ទេ​?

លោក​អ៊ឹម សួស្ដី ប្រធាន​ គ.ជ.ប នៅ​ក្នុង​កិច្ច​ប្រជុំ​ឯ​ទី​ស្ដីការ គ.ជ.ប នា​ពេល​កន្លង​មក
លោក​អ៊ឹម សួស្ដី ប្រធាន​ គ.ជ.ប នៅ​ក្នុង​កិច្ច​ប្រជុំ​ឯ​ទី​ស្ដីការ គ.ជ.ប នា​ពេល​កន្លង​មក RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គជប តាម​និយមន័យ គឺ​ជា​ស្ថាប័ន​ឯករាជ្យ ដែល​មាន​នាទី​រៀបចំ និង​ត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​។ ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា គជប គ្មាន​ភាព​ឯករាជ្យ អព្យាក្រិត្យ និង​ទាមទារ​ឲ្យ​ធ្វើ​ការ​កែទម្រង់​ស្ថាប័ន​នេះ​ជា​ចាំ​បាច់ ដើម្បី​ធានា​នូវ​ភាព​ស្អាត​ស្អំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រោយ​ៗ​ទៀត​។

 
ក្រោយ​ពី​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ សេចក្ដី​ព្រាង​សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី គជប និង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត បាន​លេច​ចេញ​ជា​រូបរាង និង​ក្រោយ​មក​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​និង​ព្រឹទ្ធសភា​យ៉ាង​លឿន​រហ័ស​។ ច្បាប់​ថ្មី​ទាំង​ពីរ​នេះ ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សង្គមស៊ីវិល ថា​មាន​លក្ខណៈ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ជា​ពិសេស​គឺ វា​បម្រើ​ផល​ប្រយោជន៍​គណបក្ស​ទាំង​ពីរ ច្រើនជាង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ដោយ​រួម​។

បើ​ត្រឹម​តែ​ច្បាប់​ត្រូវ​រង​ការ​រិះគន់​ដូច្នេះ​ទៅ​ហើយ តើ​ស្ថាប័ន គជប ថ្មី អាចធ្វើ​ឲ្យ​គេ​ទទួល​ស្គាល់​ពី​ឯករាជ្យភាព​របស់​ខ្លួន​​​បាន​យ៉ាង​ម៉េច​? មិន​ចាំ​បាច់​និយាយ​ដល់ គជប ថ្មី ដែល​មិន​ទាន់​មាន​រូបរាង​នោះ​ទេ​! គ្រាន់​តែ​រដ្ឋសភា​​ចាប់​ផ្ដើម​ទទួល​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន គជប ថ្មី​ភ្លាម ការ​រិះគន់​ក៏​ធ្លាក់មក​ដល់​ភ្លាម​ដែរ​។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា ដំណើរ​ការ​នេះ​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​ទេ ព្រោះ​ថា សមាសភាព​ទាំង​៩ នៃ គជប ត្រូវ​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​។

បើ​ទោះ​ជា​មាន​ការ​លើក​ឡើង​ដូច្នេះ​ក៏​ដោយ ក៏​គណបក្ស​ទាំងពីរ​មិន​ទាន់​បាន​បង្ហាញ​ពី​សមាសភាព គជប ថ្មី​របស់​ខ្លួន​នៅ​ឡើយ​ទេ​។ ម្ខាង​ៗ​សុទ្ធ​តែ​ព្យាយាម​​​មិន​ឆ្លើយ​តប​នឹង​អ្នក​កាសែត ពាក់ព័ន្ធ​នឹង​រឿង​នេះ​ ខណៈ​ដែលលោក​ស្រី ពុង ឈីវកេក ដែល​បក្ស​ទាំង​ពីរ​បានស្នើ​ជា​សមាសភាព​ទី​៩​នៃ​គជប ក៏​នៅ​មិន​ទាន់​សម្រេច​ឲ្យ​ដាច់​ស្រេច​ដែរ​ថា ទទួល​យក​សំណើ​នេះ​ឬ​អត់​​។

ស្ថិត​ក្រោម​ការ​បរិហារ​ពី​សង្គម​ស៊ីវិល និង​ភាព​មិន​ច្បាស់​លាស់​ដូច្នេះ ​​តើ គជប ថ្មី អាច​ធានា​បាន​នូវ​ឯករាជ្យភាព​ដែរ​​ឬ​ទេ​?

ឯករាជ្យ ឬ​មិន​ឯករាជ្យ គេ​នៅ​មិន​ទាន់​អាច​ឆ្លើយ​បាន​នៅ​ឡើយ​ទេ ខណៈ​ដែល​ស្ថាប័ន​នេះ មិន​ទាន់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឡើយ​។ ប៉ុន្តែ​នៅ​ពេល​នេះ មាន​រូបមន្ត​ពីរ​ ដែល​អាច​នឹង​ជះ​ឥទ្ធិពល​លើ​ឯករាជ្យ​ភាព​របស់ គជប នា​ពេល​ខាង​មុខ​៖

 
រូបមន្ត​ទី​១៖ លោក​ស្រី ពុង ឈីវកេក ច្រាន​ចោល​សំណើ​ជា​សមាសភាព​ទី​៩​នៃ គជប​។ នាយិកា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​រូប​នេះ អាច​នឹង​បដិសេធ​សំណើ​របស់​គណបក្ស​ទាំងពីរ បន្ទាប់​ពី​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត និង​ច្បាប់​ស្ដី​ពី គជប ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​សង្គមស៊ីវិល​។ បញ្ហា​សញ្ជាតិ ក៏​អាច​ជា​កត្តា​ជំរុញ​ឲ្យ​លោក​ស្រី​លះបង់​តំណែង​ជា​សមាសភាព​ទី​៩ របស់ គជប ផង​ដែរ​។ ច្បាប់​ស្ដី​​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គជប តម្រូវ​ឲ្យ​សមាសភាព គជប មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ខណៈ​ដែល​លោក​ស្រី ពុង ឈីវកេក មាន​សញ្ជាតិ​ដល់​ទៅ​បី​។ ប្រសិន​បើ​សេណារីយោ​នេះ​កើត​ឡើង គណបក្ស​ទាំង​ពីរ ប្រហែល​ជា​ត្រូវ​ជួប​គ្នា​ជា​ថ្មី​ទៀត ដើម្បី​ជ្រើស​រើស​សមាសភាព​ទី​៩​របស់ គជប ដែល​ជា​សមាសភាព​ឯករាជ្យ​។ វា​ជា​រឿង​ពិបាក ព្រោះសមាសភាព​ទី​៩​ដែល​អាច​ធានា​បាន​នូវ​ឯករាជ្យភាព​របស់ គជប និង​ដែលមាន​ការ​គោរព​ទទួល​ស្គាល់​ពី​សាធារណៈ​​ដូច​លោក​ស្រី ពុង ឈីវកេក មាន​មិន​ច្រើន​ទេ​។

រូបមន្ត​ទី​២៖ លោក​ស្រី ពុង ឈីវកេក ព្រម​ធ្វើ​ជា​សមាសភាព​ទី​៩​នៃ គជប​។ ជា​សេណារីយោ​ល្អ​ជាង​គេ​បំផុត គឺ​សមាសភាព​ទី​៩​នៃ គជប នេះ ត្រូវ​ជ្រើស​តាំង​ជា​ប្រធាន គជប ថ្មី​។ តើ​ស្ដ្រី​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ឯករាជ្យ​នេះ អាច​ធ្វើ​ឲ្យ គជប ថ្មី ឯករាជ្យ​ដូច​ខ្លួន​បាន​ដែរ​ឬ​ទេ នៅ​ក្រោម​ច្បាប់ គជប និង​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​ត្រូវ​បាន​គេ​រិះគន់​ថា មិន​ឯករាជ្យ និង​មាន​លក្ខណៈ​គាប​សង្កត់​អាក្រក់​លើស​ច្បាប់​មុន​ទៀត​នោះ​?

សេណារីយោ​មួយ​ទៀតដែល​អាច​ទៅ​រួច​​នៅ​ក្នុង​រូបមន្ត​នេះ​ដែរ គឺ​លោក​ស្រី ពុង ឈីវកេក គ្រាន់​តែ​ជា​សមាជិក​នៅ​ក្នុង គជប ថ្មី​។ តើ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ អាច​ធានា​បាន​នូវ​ឯករាជ្យភាព​របស់​ខ្លួន​ដែរ​ឬ​ទេ នៅ​ខណៈ​ដែល​ប្រធាន គជប​ ថ្មី ជា​សមាសភាព​មក​ពី​គណបក្ស​ណា​មួយ ក្នុង​ចំណោម​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​?

ជា​កា​ពិត រហូត​មក​ទល់​ពេល​នេះ ឯករាជ្យភាព​នៃ​ស្ថាប័ន គជប ថ្មី នៅ​តែ​ជា​ចំណង​សម្លាប់​មុខ ដែល​មិន​ទាន់​មាន​នរណា​ស្រាយ​បាន​នៅ​ឡើយ​។ ប៉ុន្តែ​អ្វី​ៗ​សុទ្ធ​តែ​អាច​ទៅ​រួច​ទាំង​អស់​។ ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែលដំបូង ត្រូវ​គេ​រំពឹង​ថា មិន​ចូល​សភា​បើ​គ្មាន​ការ​បោះ​ឆ្នោត​ថ្មី ប៉ុន្តែ​ចុង​ក្រោយ នៅ​តែ​​សុខ​ចិត្ត​ដើរ​ចូល​សភា​។ ថា​មិន​ត្រូវ គជប ថ្មី ដែល​គេ​មិន​សូវ​ជឿជាក់ អាច​នឹង​ប្ដេជ្ញាចិត្ត​ធានា​ឲ្យ​បាន​នូវ​ឯករាជ្យភាព​របស់​ខ្លួន​ក៏​ថា​បាន។ ព្រោះ​សូម​កុំ​ភ្លេច​ថា គជប ថ្មី​នេះ ខុស​ពី គជប មុន​ៗ ព្រោះ​វា​មាន​ការ​ចូល​រួម​ពី​គ្រប់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា បូក​រួម​ជាមួយ​សមាសភាព​ឯករាជ្យ​ម្នាក់​ថែម​ទៀត​ផង​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ