អានតួអត្ថបទ
កម្ពុជា

អ្នក​ជំនាញ​៖ ប្រជាពលរដ្ឋ​កម្ពុជា​ដើរ​កំសាន្ត​ច្រើន​ជាង​ឆ្នាំ​មុន​ ក្នុង​ឱកាស​ថ្ងៃ​ឈប់​សំរាក​បុណ្យ​ភ្ជុំបិណ្ឌ​

ក្នុង​ឱកាស​ឈប់​សម្រាក​​បុណ្យ​ភ្ជុំ​បិណ្ឌ ​ឆ្នាំ​២០១៥​នេះ ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កំសាន្ត​ទាំង​នៅ​ក្នុង​ស្រុក​​​និង​​ក្រៅ​ស្រុក​ច្រើន​ជាង​ឆ្នាំ​មុន​ៗ។ សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ បាន​បញ្ជាក់​ថា​ឲ្យ​ដឹង​ថា ​ក្នុង​ឱកាស​ដំណើរ​កំសាន្ត​នេះ ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ អាច​នឹង​ចំណាយ​ប្រាក់​​ចន្លោះពី​​២០​ម៉ឺន​រៀល ​ទៅ​ជិត​៤០​ម៉ឺន​រៀល ​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ប្រទេស។ ​សម្រាប់​ដំណើរ​កំសាន្ត​ក្រៅ​ប្រទេស​វិញ​ អាច​នឹង​ចំណាយ​ពី​ចន្លោះ​៦០​ម៉ឺន​រៀល​ ទៅ​ ១លាន​រៀល​ក្នុង​មួយ​ថ្ងៃ ​បូក​រួម​ទាំង​សំបុត្រ​យន្ត​ហោះផ​ង។ ​

ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ជា​ច្រើន​ មក​កំសាន្ត​នៅ​តំបន់​សមុទ្រ​ ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។​
ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ជា​ច្រើន​ មក​កំសាន្ត​នៅ​តំបន់​សមុទ្រ​ ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។​ @RFI
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ខ្មែរ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​ ដើម្បី​ជួបជុំ​បង​ប្អូន​ និង​ធ្វើ​ពិធី​សែន​ដូនតា​ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ។ ​បន្ទាប់​ពី​ជួបជុំ​សាច់​ញាតិនៅ​ស្រុក​កំណើត​ហើយ​ ប្រជាជន​ខ្មែរ​មួយ​ចំនួន​ធំ​ចាប់​ផ្តើម​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កាន់​តំបន់​ទេសចរ​នានា ​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។​

លោក​ហូ វណ្ឌី ​សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍ ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​ គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ធ្វើ​ដំណើរ​ទៅ​ច្រើន​ជាង​គេ​ក្នុង​ថ្ងៃ​ឈប់​សំរាក​បុណ្យ​ភ្ជុំបិណ្ឌ​ គឺ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ តំបន់​អង្គ​រ និង​បន្ទាប់​មក​គឺ​នៅ​បែក​ឥសាន​នៃ​ប្រទេស។​ ដោយ​ឡែក​សម្រាប់​ក្រៅ​ប្រទេស​វិញ​ គឺ​មាន​ថៃ ​ម៉ាឡេស៊ី ​វៀតណាម​ និង​ចិន​ជា​ដើម។​

លោក​ហូ វណ្ឌី បាន​បញ្ជាក់​ថា ​ចំនួន​អ្នក​ទេសចរណ៍​កម្ពុជា​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​គឺ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ៗ។ ច្រើន​ជាង​ឆ្នាំ​មុន​ៗ ​ដោយសារ​តែ​ស្ថានភាព​នយោបាយ ​និង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ល្អ​ប្រសើរ។​ លោក​បាន​សង្កេត​ឃើញ​ថា ​ប្រជាជន​បាន​នាំគ្នា​ចាកចេញពី​ក្រុង​ភ្នំពេញ ​ស្ទើរ​ពេញ​មួយ​សប្តាហ៍​ ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ស្រុក​កំណើត​ និង​​ដើរ​កំសាន្ត​ជួបជុំ​បង​ប្អូន។

សូម​បញ្ជាក់​ថា​ នៅ​ពេល​ដែល​មាន​ពិធី​បុណ្យ​ជាតិ​ធំ​ៗ​ម្តង​ៗ ​ប្រជាជន​ដែល​រស់នៅ​ និង​ធ្វើ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ ​តែងតែ​ចាក​ចេញ​ទៅ​កាន់​ស្រុក​កំណើត ​និង​រមណីយដ្ឋាន​ទេសចរណ៍​នានា​។​​ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​និង​ការ​កកស្ទះ​ចរាចរណ៍​នោះ​ ប្រែ​ក្លាយ​ជា​ស្ងប់ស្ងាត់​ ទាំង​នៅ​តាម​កន្លែង​កំសាន្ត​ អាហារស្ថាន​ និង​តាម​ដង​ផ្លូវ​ផង​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ