អានតួអត្ថបទ
កម្ពុជា

ស្លាប់ ៤៣នាក់ ដោយ​សារ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់ គិត​ត្រឹម ៥​ខែ​ដើម​ឆ្នាំ

គិត​ត្រឹម​រយៈ​ពេល ៥​ខែ ដើម​ឆ្នាំ ២០១៧​នេះ បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​កម្ពុជា សរុប ៤៣​នាក់ និង​បណ្តាល​ឲ្យ​របួស ៧៩​នាក់។ នេះ​បើ​តាម​របាយការណ៍ របស់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។ បាតុភូត​ធម្មជាតិ​ខ្យល់​រន្ទះ​នេះ បាន​កើតមាន​តំណាល​គ្នា​នឹង​បាតុភូត​ភ្លៀង​កក់​ខែ ហើយ​នឹង​បន្ត​កើត​មាន​រហូត​ដល់​ផុត​រដូវ​វស្សា នៅ​កម្ពុជា។

បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់ បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​កម្ពុជា ជា​ច្រើន​នាក់។
បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់ បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​កម្ពុជា ជា​ច្រើន​នាក់។
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ពុធ​នេះ​ថា គិត​ចាប់ពី ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​កម្ពុជា កើត​មាន​បាតុភូត រន្ទះបាញ់ ដែល​បាន​ផ្តាច់​ជីវិត​ពលរដ្ឋ ៤១​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៣​នាក់ ព្រម​ទាំង​បណ្តាល​ឲ្យ របួស ៤៤នាក់ ងាប់​គោក្របី ៤៧ក្បាល និង​បំផ្លាញ​ផ្ទះសម្បែង​អស់ ៥ខ្នង។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ បាតុភូត​ខ្យល់​កន្ត្រាក់ បាន​កើត​មាន​ចំនួន ៩៩លើក ក្នុង​រាជធានី​ខេត្ត ចំនួន ២០ ដែល​សម្លាប់​មនុស្ស ២នាក់ បង្ក​ឲ្យ​របួស ៣៥​នាក់ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​ដួល​រលំ និង​ខូចខាត​ធ្ងន់ធ្ងរ ៣៣៩ខ្នង ផ្ទះ​របើក​ដំបូល​ខូចខាត​មធ្យម​ជាង ២៣៩#ខ្នង របើក​ដំបូល​អគារ​សាលារៀន អគារផ្សេងៗ ៤៨អគារ និង​បង្ក​ការ​ខូច​ខាត​ដល់​ផល​ដំណាំ​កៅស៊ូ និង​តា​ង៉ែង​ជា​ច្រើន ជា​ពិសេស​នៅក្នុង​ខេត្ត​កំពង់ធំ ព្រះសីហនុ បាត់ដំបង។

បើ​ធៀប​នឹង​រយៈពេល ៥ខែ​ដូចគ្នា ក្នុង​ឆ្នាំ២០១៦ បាតុភូត​រន្ទះបាញ់ កើត​មាន​ប្រហាក់​ប្រហែលគ្នា ខណៈ​ខ្យល់​កន្ត្រាក់ មាន​ការ​ថយ​ចុះ ពាក់​កណ្តាល។ បើ​តាម គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​មុន បាតុភូត រន្ទះបាញ់ វិញ បាន​បញ្ចប់​ជីវិត​មនុស្ស ៤០នាក់ របួស ៤៨នាក់ និង​សម្លាប់ គោ​ក្របី​សរុប ២៩ក្បាល។ ចំណែក បាតុភូត​ខ្យល់​កន្ត្រាក់ កើត​មាន ១២៤​លើក នៅ​ក្នុង ២១​រាជធានី​ខេត្ត បាន​សម្លាប់​មនុស្ស ៧​នាក់ បង្ក​ឲ្យ​របួស ១០៦នាក់ ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​សម្បែង​អស់ ៩៩១​ខ្នង របើក​ដំបូល​ឬ​ខូចខាត​ផ្ទះ​មធ្យម​សរុប ៤៥៩៥​ខ្នង ខូច​ខាត សាលារៀន និង​អគារ​ផ្សេងៗ ៥៣ អគារ ។

គួរ​ជម្រាប​ថា បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​ក្នុង​ឆ្នាំ ២០១៧​នេះ ផ្តើម​កើត​មាន​ស្របពេល​នឹង​រដូវ​ភ្លៀង​កក់​ខែ ពោល​គឺ ចាប់​ពី​ខែ​មករា ហើយ​នឹង​កើត​ឡើង​ខ្លាំង​បំផុត​នៅ អំឡុង​ខែ​មេសា ដល់​ខែ​មិថុនា ក្នុង​ពេល​ផ្លាស់​ប្តូរ​រដូវ​ប្រាំង ចូល​វស្សា និង​បន្ត​កើត​មាន​រហូត​ដល់​ចប់​រដូវ​វស្សា ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ