អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្មករ​មិន​ទាន់​មាន​សុវត្ថិភាព​នៅ​ពេល​ការ​អនុវត្ត​ច្បាប់​មិន​ទាន់​តឹង​តែង​ទៅ​លើ​រថយន្ត​ដឹក​ជញ្ជូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​ប្រឈម​របស់​កម្មករ​កាត់​ដេរ ទាក់ទង​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ នឹង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មិន​ត្រូវ​បាន​រឹត​បន្តឹង​ចំពោះ​រថយន្ត​ដឹកកម្មករ ដែល​ខុស​លក្ខណៈ​បច្ចេក​ទេស។ ជាក់​ស្តែង​មិន​ដល់​ ១​ឆ្នាំ​ផង​នៅ​ឆ្នាំ​ ២០១៦​នេះ ​ដោយសារ​រថយន្ត​ដឹក​ជញ្ជូន​ ដែល​គ្មាន​សុវត្ថិភាព កម្មករ​ជាង​ ១០​នាក់​បាន​ស្លាប់ ជាង​ ៤០០​នាក់​ទៀត រង​របួស ក្នុង​នោះ​កម្មករ​ខ្លះ​បាត់បង់​លទ្ធភាព​ពលកម្ម។

កម្មករកម្មការិនីកម្ពុជា
កម្មករកម្មការិនីកម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

ស្ងាត់ស្ងៀម​មិន​បាន​យូរ​ប៉ុន្មាន​ឡើយ ដំណឹង​ស្តីពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្នុង​ចំណោម​កម្មករ​កាត់ដេរ បាន​កើត​មាន​ជា​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ ពី​ខេត្ត​ស្វាយ​រៀង ក្រសួង​ការងារ​បាន​រាយ​ការណ៍​ថា មាន​កម្មករ កម្មការិនីកាត់ដេរ​ចំនួន ១២​នាក់ បាន​រង​របួស​ធ្ងន់-ស្រាល ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ ជាមួយ​នឹង​រថយន្ត​ដឹក​ទំនិញ​ពិព័រណ៌​ថៃ​។

នេះ​ជា​លើក​ទី​ ១៣ ហើយ ក្នុង​រយៈ​ពេល​ ១០​ខែ​ក្នុង​ឆ្នាំ​ ២០១៦​នេះ ដោយ​មិន​បាន​និយាយ​ពី​ករណី​បន្ទាប់​បន្សំ​ ដែល​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​ផង។ ឧបទ្ទវហេតុ​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​ជាង​ ១០​លើក​មក​នេះ ធ្វើ​ឲ្យ​កម្មករ​ជាង​ ១០​នាក់ បាត់​បង់​ជីវិត និង​ជាង​ ៤០០​នាក់ រង​របួស​ធ្ងន់ និង​ស្រាល។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់ គឺ​កម្មករ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាប់​ៗ​គ្នា​ចំនួន ៥លើក តែ​នៅ​ក្នុង​ខែ​តុលា​មួយ​គត់។

តាម​រយៈ​កំណើន​គ្រោះថ្នាក់​ចរាចណ៍​ទាក់​ទង​ទៅ​នឹង​រថយន្ត​ដឹក​កម្មករ​ដ៏​ញឹក​ញាប់​បែប​នេះ ​បង្ហាញ​ថា សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​កម្មករ កាន់​តែ​មាន​ការ​ប្រឈម​ខ្លាំង​ទៅៗ ដោយ​មិន​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ ជួយ​ឲ្យ​ស្ថានភាព​នេះ​ធូរស្រាល​ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅ​ឡើយ។ ទោះ​យ៉ាង​ណា គេ​កត់​សម្គាល់​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​កើត​មាន​ចំពោះ​រថយន្ត បើកបរ​ដឹក​កម្មករ​រោង​ចក្រ​នេះ ជា​បញ្ហា​ដដែល​ៗ ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ដែល​មិន​អាច​ដោះស្រាយ​រួច​សម្រាប់​កាលៈទេសៈ​បច្ចុប្បន្ន។

ជា​ការ​ពិត​រថយន្ត​ដឹក​កម្មករ​កាត់​ដេរ​សព្វ​ថ្ងៃ សុទ្ធ​តែ​ខុស​លក្ខណៈ​បច្ចេក​ទេស និង​ផ្ទុយ​ពី​ច្បាប់​ចរាចរណ៍​ជា​ច្រើន​ចំណុច។ អ្វី​ដែល​មិន​មាន​ការ​កែប្រែ​នោះ​គឺ ការ​ច្នៃ​រថយន្ត​តួរីស ផ្ទុក​មនុស្ស​១២​កៅអី ឲ្យ​ទៅ​ជា​រថយន្ត ដែល​ផ្ទុក​មនុស្ស​ពី ២០​ទៅ​ ៣០​នាក់។ រថយន្ត​ទ្រុង ដែល​ដាក់​មនុស្ស​ពី​ ២០ ​ទៅ​ ៣០នាក់ ច្នៃ​ទៅ​ជា​រថយន្ត ដែល​អាច​ផ្ទុក​មនុស្ស​បាន​រហូត ៥០ ទៅ ៦០​នាក់។ រថយន្ត​ទាំង​នេះ​នៅ​តែ​បើកបរ​ដឹក​កម្មករ​បាន​ជា​ធម្មតា បើ​ទោះ​ណា​ជា​មាន​ច្បាប់​ចរាចរណ៍​សម្រាប់ អនុវត្ត​ និង​រឹត​បន្តឹង​ឲ្យ​មាន​ការ​គោរព​យ៉ាង​ណា​ក៏​ដោយ។

ស្ថានភាព​នយោបាយ​នៅ​ក្នុង​កម្រិត​ប្រកួត​ប្រជែង បាន​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​អនុវត្ត​ច្បាប់​ផង​ដែរ។ ជះ​ឥទ្ធិពល​ដោយសារ​ការ​រឹត​បន្តឹង​ទៅ​លើ​ការ​គោរព​ច្បាប់​ចរាចរណ៍ មាន​ភាព​ធូរ​រលុង​និង​អនុគ្រោះ​ច្រើន។ ទាក់​ទង​ទៅ​នឹង​សុវត្ថិភាព​នៃ​រថយន្ត​ដឹក​កម្មករ​នេះ កន្លង​មក​ក៏​ដូចជា​បច្ចុប្បន្ន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បាន​ចាប់​អារម្មណ៍ និង​មាន​ដំណោះ​ស្រាយ​ដែរ ក៏​ប៉ុន្តែ មិន​ទាន់​មាន​ជា​លទ្ធផល​ដុំ​កំភួន​នៅ​ឡើយ ដោយសារ​ការ​ដោះស្រាយ​ចំណុច​មួយ​ចំនួន​ដូច​ជា​គម្រោង ប្តូរ​រថយន្ត​ក្រុង​ដឹក​កម្មករ ជំនួស​រថយន្ត​ទ្រុង ដែល​គ្មាន​សុវត្ថិភាព​មិន​ទាន់​អនុវត្ត​បាន។ ការ​រំកិល​រោង​ចក្រ​ទៅ​ជិត​ភូមិ​កម្មករ និង​ការ​ដោះស្រាយ​កន្លែង​ស្នាក់​របស់​កម្មករ​នៅ​ក្នុង​ក្រុមហ៊ុន ឬ​រោងចក្រ នៅ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន។ រីឯ​ឥរិយាបទ​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​មួយ​ចំនួន គឺ​នៅ​អាក្រក់​ដដែល មិន​មាន​ការ​ផ្លាស់ប្តូរ បើ​ទោះ​ណា​ជា​សមត្ថកិច្ច បាន​ចុះ​ទៅ​បង្ហាត់​បង្រៀន វគ្គ​ខ្លី​ៗ​ស្តី​ពី​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​រោងចក្រ​ក៏​ដោយ។

ជា​រួម​ ដើម្បី​កាត់​បន្ថយ ឬ​បញ្ចប់​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​រថយន្ត​ដឹក​កម្មករ​កាត់​ដេរ គេ​គួរ​តែ​អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់។ ការ​ដឹក​ជញ្ជូន​លើស​ចំណុះ ដែល​ខុស​លក្ខណៈ​បច្ចេក​ទេស មិន​គួរ​ត្រូវ​បាន​អនុញ្ញាត។ អ្នក​បើកបរ​មួយ​ចំនួន ដែល​ចេះ​កាន់​ចង្កូត​ត​ៗ​គ្នា​ពី​សាច់​ញាតិ ពី​ឪពុក​របស់​ខ្លួន គួរ​មាន​ការ​រៀន​សូត្រ​ឲ្យ​បាន​ច្បាស់​លាស់​ពី​ច្បាប់​ចរាចរណ៍ និង​របៀប​បើកបរ និង​ត្រូវ​មាន​បណ្ណ​បើកបរ​ឲ្យ​បាន​គ្រប់គ្នា។

អាជ្ញាធរ និង​ផ្នែក​ពាក់ព័ន្ធ​ដូចជា​រោងចក្រ សហគ្រាស ត្រូវ​មាន​ផែនការ​បណ្តុះ​បណ្តាល​រំលឹក ដើម្បី​ទាញ​ការ​ធ្វេស​ប្រហែស​ និង​កំហុស​ឆ្គង​របស់​អ្នក​បើកបរ​ក្មេង​ៗ ឲ្យ​មក​ជា​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ក្នុង​ការ​ធ្វើ​ចរាចរណ៍។ មួយ​វិញ​ទៀត ឥរិយាបទ​អ្នក​បើកបរ សំខាន់​ណាស់ មាន​នន័យ​ថា ត្រូវ​ប្តូរ​របៀប​បើកបរ​ខុស​ឆ្គង​របស់​គេ នៅ​ពេល​ដែល​ផ្លូវ​ថ្នល់​ និង​ចំនួន​យានយន្ត​មាន​ការ​វិវត្ត​កាន់​តែ​ច្រើន។ ពោល​គឺ​ពួក​គេ​មិន​អាច​ប្រើប្រាស់​ឥរិយាបទ​បើកបរ​ដូច ១០ ឬ​២០​ឆ្នាំ​មុន​បាន​ទេ ខណៈ​ពេល​នោះ​ចំនួន​យានយន្ត ដែល​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​នៅ​តិច​តួច​នៅ​ឡើយ។

ដូច្នេះ បើ​ច្បាប់​ចរាចរណ៍ មិន​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​ដោយ​តឹង​តែង​ទេ​ជា​ពិសេស​ជាមួយ​នឹង​ឥរិយាបទ​បើក​បរ​ដ៏​ខុស​ឆ្គង និង​ការ​ផ្ទុក​លើស​ចំណុះ ខុស​បច្ចេក​ទេស នោះ​ការ​ប្រឈម​គ្រោះ​ថ្នាក់​រថយន្ត​ដឹក​កម្មករ​កាត់ដេរ​នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​មាន​តែ​បង្កើត​ឲ្យ​មាន​សោកនាដកម្ម​ក្នុង​ចំណោម​កម្មករ​កាត់ដេរ​កាន់​តែ​ច្រើន ហើយ​ការ​រង​របួស​សន្ធឹក​សន្ធាប់​របស់​កម្មករ នឹង​ក្លាយ​ជា​បន្ទុក​សង្គម​ និង​គ្រួសារ​មួយ​ទៀត​ដោយសារ​តែ​ជន​រង​គ្រោះ ជា​កម្មករ​បាត់បង់​កម្លាំង​ពលកម្ម​ការងារ ជួយ​រក​ចំណូល​គ្រប់​គ្រង​គ្រួសារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ