អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គួរ​បញ្ឈប់​កុំ​ឲ្យ​ឈាមហូរ​ក្នុង​កាលៈទេសៈ​ដែល​មិន​គួរ​ហូរ!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថា​​សម័យ​​សង្គ្រាម​​ទៅ​​ចុះ​ ​ការ​បង្ហូរ​​ឈាម​​ជា​រឿង​​ដែល​​មិន​​អាច​​ចៀសវាង​​បាន​​ ប៉ុន្តែ ​​ទោះ​ជា​​ឈាន​​ដល់​​សម័យ​​សន្តិភាព​​និង​​អភិវឌ្ឍន៍​​ទៅ​​ហើយ​ក៏​​ដោយ​​ ក៏​ឈាម​​ខ្មែរ​​នៅ​តែ​​បន្ត​​ហូរ​​ឥត​​ឈប់​ឈរ​​ គឺ​​ហូរ​​តាមរយៈ​​អំពើ​​ឃាតកម្ម​ ​កាប់​សម្លាប់​​គ្នា ​​ជា​ពិសេស​​គឺ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ដែល​​បន្ត​​សម្លាប់​​មនុស្ស​​មិន​​តិច​​ជាង​​៥​នាក់​​ក្នុង​​មួយ​​ថ្ងៃ។ ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​គំហុគ​ពេល​​បុណ្យ​ធំៗ​​ដូចជា​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ដែល​កំពុង​ឈាន​មក​ដល់​​នា​ពេល​នេះជា​ដើម។ ​​ ដូច្នេះ​ គួរ​តែ​ដល់​ពេល​ហើយ​ដែល​គ្រប់​គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​​​ដើម្បី​កុំ​ឲ្យ​សប្បាយ​ក្លាយ​ជា​ទុក្ខ ​និង​ដើម្បី​បញ្ចៀស​​កុំ​ឲ្យ​ឈាម​ខ្មែរ​ហូរ​ក្នុង​កាលៈទេសៈ​ដែល​មិន​គួរ​ហូរ។

ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍
ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ជា​ការ​ពិតណាស់ ​ការ​​បាត់បង់​​សីលធម៌​​សង្គម​​នៅ​​តែ​​ជា​​ហេតុផល​​ចម្បង​​ជាង​​គេ​​ដដែល។ ​​មើល​​ចុះ​!​ អាកប្បកិរិយា​​របស់​​អ្នក​បើកបរ​​តាម​​ដង​ផ្លូវ​​សាធារណៈ ​​ម្នាក់​ៗ​​ហាក់​​ដូច​ជា​​ចាត់​​ទុក​​ថា​​មាន​​តែ​​ខ្លួន​ឯង​​ម្នាក់​គត់​​ដែល​​ជា​​ម្ចាស់​​កម្មសិទ្ធិ​​ផ្តាច់​មុខ​​លើ​​ផ្លូវ​​ដែល​​ខ្លួន​​ធ្វើ​​ដំណើរ។​ ​ពួកគេ​​បើកបរ​​មិន​​ខ្ចី​​រវល់​​ពី​​អ្នក​ដទៃ ​មិន​​ខ្ចី​​រវស់​​ពី​​ច្បាប់​​ចរាចរណ៍ ​​និង​​មិន​​ខ្ចី​​ទាំង​​គិត​គូរ​​ពី​​ជីវិត​​ខ្លួនឯង​​ផង។​ ខ្សែ​ក្រវាត់​​ កញ្ចក់​​មើល​ក្រោយ​​ឬ​​មួក​​សុវត្ថិភាព​​ត្រូវ​​បាន​​ពាក់​​ឬ​​បំពាក់​​ដើម្បី​​កុំ​ឲ្យ​​ប៉ូលិស​​ផាក​​តែ​​ប៉ុណ្ណោះ ​​តែ​​មិន​មែន​​ដើម្បី​​ការពារ​​សុវត្ថិភាព​​ខ្លួនឯង​ទេ។

ងាក​​ទៅ​​មើល​​បញ្ហា​​ផ្សេង​​ទៀត​​ មនុស្ស​​មួយ​ចំនួន​​ហ៊ាន​​លើក​ដៃ​​កាប់​​ ចាក់​​ ឬ​​បាញ់​​ប្រហារ​​ទៅ​លើ​​គូបដិបក្ខ​​គ្រាន់​តែ​​រឿង​​ជម្លោះ​​បន្តិច​​បន្តួច។​​ អ្នកខ្លះ​​ទៀត​​ហ៊ាន​​ប្រព្រឹត្ត​​ហិង្សា​​ឬ​​ឃាតកម្ម​​ទៅ​លើ​​សាច់​​ឈាម​​ឯង​​( ប្រពន្ធ ​កូន​ ប្តី)​​ ព្រោះ​​តែ​​ជម្លោះ​​មិន​​ចុះ​​សម្រុង​​គ្នា​​ក្នុង​​គ្រួសារ​​ឬ​​រឿង​​ប្រច័ណ្ឌ​​ជាដើម។ ​​គ្រឿង​​ស្រវឹង​​ដែល​កំពុង​ពេញនិយម​កាន់​តែ​ខ្លាំង​ឡើង​នោះ​ក៏​​ជា​​ចំណែក​​​​ដ៏សំខាន់​​មួយ​​ទៀត​​ក្នុង​​ការ​​បង្កើត​​ឲ្យ​​មាន​​គ្រោះថ្នាក់​ចរាចរណ៍​​និង​​ជម្លោះ​​ហិង្សា​​ផ្សេងៗ​​រាប់​ទាំង​​ហិង្សា​​ក្នុង​​គ្រួសារ​​ផង។

ឬស​​គល់​​សំខាន់​​ជាងគេ​​មួយ​​ដែល​​បង្កើត​ឲ្យ​មាន​បញ្ហា​​ទាំង​អស់​​នេះ​​ ​​គឺ​ម​រតក​​ដែល​​បន្សល់​​ទុក​​ដោយ​​របប​​ខ្មែរ​ក្រហម។​​ ក្រោយ​​ចេញ​​ពី​​របប​​ឃោរឃៅ​នោះ​​ មនុស្ស​​ខ្មែរ​​ជា​ច្រើន​​មាន​​វិបត្តិ​​ផ្លូវ​ចិត្ត​​ជាប់​​នឹង​​ខ្លួន។ ​​នេះ​​ជា​​បញ្ហា​​ដែល​​ពិបាក​​នឹង​​មើល​​ឃើញ​​ ប៉ុន្តែ ​​សម្រាប់​​អ្នក​​ជំនាញ​​ចិត្តសាស្ត្រ​​វិញ​ ​គេ​​បាន​​មើល​​ឃើញ​​បញ្ហា​​ធំ​ធេង​​ណាស់។ ​​ពួកខ្មែរ​ក្រហម​​បាន​​បំផ្លាញ​​មិន​​ត្រឹម​តែ​​ហេដ្ឋារចនា​​សម្ព័ន្ធ​​សង្គម​​​ប៉ុណ្ណោះ​​ទេ​​ ប៉ុន្តែ​​ របប​​នេះ​​ក៏​បាន​​បំផ្លាញ​​​ស្មារតី​​ខ្មែរ​​យ៉ាងខ្ទេចខ្ទាំ​ថែម​​ទៀត។

របប​​ដឹកនាំ​​សង្គម​​ក្រោយ​​ខ្មែរ​ក្រហម​​បាន​​ជួយ​​រំដោះ​​ជីវិត​​ខ្មែរ​​ពី​​សេចក្តី​ស្លាប់​​និង​បាន​​រំដោះ​​ទុក្ខ​បាន​មួយ​​ផ្នែក​​ ប៉ុន្តែ​ ​បញ្ហា​​សង្គម​​ជា​ច្រើន​នៅ​បន្ត​កើត​ឡើង​​​និង​បាន​រួម​​ចំណែក​​ក្នុង​​ការ​បង្កើត​​សម្ពាធ​​ផ្លូវចិត្ត​​ថ្មី​​ដល់​​ខ្មែរ​​មួយ​ចំនួន​​ក្នុង​​សម័យ​កាល​​អភិវឌ្ឍ​​នេះ​​ដែរ។ ​​អយុត្តិធម៌​​សង្គម​​ និទណ្ឌភាព​​​ គម្លាត​​អ្នក​មាន​​និង​​អ្នកក្រ​​ អំពើ​​ពុក​រលួយ​ ។ល។ និង​។ល។​ ​បាន​​ធ្វើ​​ឲ្យ​​មនុស្ស​​ជា​ច្រើន​​បាត់​បង់​​សីលធម៌​​ហើយ​​ស្រវា​រក​​តែ​​ប្រយោជន៍​​ផ្ទាល់​ខ្លួន​​ដោយ​​មិន​​ខ្វល់​​ពី​​ច្បាប់​​ឬ​​ពី​​ទុក្ខ​សោក​​អ្នក​ទៃ​​ឡើយ។​

បច្ចុប្បន្ន​​ក្នុង​​កាលៈទេសៈ​​ដែល​​ខ្មែរ​​ត្រូវ​​រួម​គ្នា​​ដើម្បី​​កម្ចាត់​​មេរោគ​​សង្គម​​ទាំង​នោះ​​ បែរ​​ជា​ពលរ​ដ្ឋ​ខ្មែរ​​ក៏​ដូចជា​អ្នក​នយោបាយ​ដែរ​​​មិន​​ចុះ​​សម្រុង​​គ្នា​​យ៉ាង​​ខ្លាំង​​ទៅ​​វិញ។​​ ជា​ញឹក​ញយ ​ភាព​​វឹកវរ​​ខាង​​នយោបាយ​​បាន​​ក្លាយ​ជា​​ចំណោទ​​សំខាន់​​មួយ​​ទៀត​​ដែល​​បន្ថែម​​បញ្ហា​​ទៅ​​លើ​​បញ្ហា។ ​អ្នក​គាំទ្រ​​នយោបាយ​ដែល​មាន​និន្នាការ​ខុសគ្នា​ក៏​បង្ហាញ​ការ​បែកបាក់​​គួរ​ឲ្យ​ព្រួយ​បារម្ភ។​ ក្រៅពី​អំពើ​ហិង្សា​​ទៅ​លើរា​ងកាយ​ដោយ​ផ្ទាល់​ អំពើ​ហិង្សា​ពាក្យ​សម្តី​ក៏​ជាបញ្ហា​ធ្ងន់ធ្ងរ​​គួរ​ឲ្យក​ត់​សម្គាល់​​ដែរ។​ បើ​ស្ថានភាព​​នេះ​នៅតែ​បន្ត​​ ឈាម​​ខ្មែរ​​ច្បាស់​​ជា​​នឹង​​បន្ត​​ហូរ​​គ្មាន​​ទី​បំ​ផុ​ត​ឡើយ។

ដូច្នេះ​​ ដល់​ពេល​ហើយ​ដែល​ត្រូវ​បញ្ឈប់​កុំ​ឲ្យ​ខ្មែរ​ហូរ​ឈាម​តទៅទៀត។​ ​អ្នក​​ដែល​​ត្រូវ​​ផ្តើម​មុន​គេ​​​គឺ​​អ្នក​នយោបាយ​​ពី​ព្រោះ​​រាល់​​សោកនាដកម្ម​​ដែល​​កើត​​ឡើង​​ទាំង​​អម្បាលម៉ាន​​ដែល​​ប្រវត្តិ​សាស្ត្រ​​បាន​​កត់ត្រា​ទុក​គឺ​​សុទ្ធ​​សឹង​​ជា​​កំហុស​​របស់​​អ្នក​នយោបាយ​ធំ​ជាង​គេ​។​ បន្ទាប់​​មក​​គឺ​​ពលរដ្ឋ​ខ្មែរ​​ខ្លួនឯង​​ដែល​​ជា​​អ្នក​​រួម​​ចំណែក។​​ ពេល​​ដែល​​ខ្មែរ​​មាន​​ឯកភាព​ជាតិ​​ ខ្មែរ​​ស្គាល់​​តម្លៃ​​សីលធម៌​​សង្គម​​ឡើង​វិញ​​ ហើយ​ប្រទេស​​ជាតិ​​មាន​​សុខ​សន្តិភាព​​ពិតប្រាកដ​​ ពេល​​នោះ​​ឈាម​​ខ្មែរ​​ប្រាកដ​​ជា​​នឹង​​ឈប់​​ហូរ​​ជា​មិន​​ខាន៕                                                              

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ