អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​សង្រ្គោះ​ជាតិ​ពីរ​រង​របួស​ក្នុង​បាតុកម្ម​ទាមទារ​ទម្លាក់​ លោក ​កឹម​ សុខា​

ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២ពាន់​នាក់​​នៅ​ព្រឹក​ចន្ទ​ ទី២៦ ​តុលានេះ​ បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋសភា​បោះ​ឆ្នោត​ទម្លាក់​ លោក​កឹម ​សុខា ​អនុប្រធាន​រដ្ឋសភា​កូតា​គណបក្ស​ង្គ្រោះជាតិ​។ ក្នុង​បាតុកម្ម​ដែល​ធ្វើ​នៅ​ខាង​មុខ​រដ្ឋសភា​ជាតិ ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​ ត្រូវ​បាន​បាតុករ​ស្ទាក់​វាយ​។ គណបក្ស​សង្គ្រោះ​ជាតិ ​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ចាប់​ដៃដល់​។​

តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ
តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប​ គឺលោក ​គង់​ សភា ​និងលោក ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ Um Saman
ផ្សាយពាណិជ្ជកម្ម

តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ២រូប ​គឺលោក គ​ង់ សភា ​និង​លោក ​ញ៉យ ​ចំរើន​ បាន​រង​របួស ​ក្រោយ​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ​។ ​លោក​គង់​ សភា ​តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង ​ត្រូវ​បាន​បាតុករ​វាយ​និង​ទាញ​ទម្លាក់​ ពីលើ​រថយន្ត​ចំនួន​ពីរ​លើក។​ ដោយ​ឡែក​លោក​ ញ៉យ ​ចំរើន​ តំណាង​រាស្ត្រ​មណ្ឌល ​កំពង់​ចាម ​ត្រូវ​បាន​ជន​បិទ​មុខធា​ក់ ​និង​វាយ​ឱ្យបែក​ច្រមុះ​ដេក​លើ​ថ្នល់​ក្បែរ​រថយន្ត​។ ​ដោយ​ឡែករថយន្ត​របស់​លោក ​ញ៉យ ​ចំរើន​ ត្រូវ​បាន​រង​ការ​ខូច​ខាត​ផង​ដែរ។​

ក្រោយ​អំពើហិង្សា​បាន​កើត​ឡើង ​សេចក្តី​ថ្លែង​ការណ៍ ​និង​ការអំពាវ​នាវ​បាន​ធ្លាក់​ជា​បន្ត​បន្ទាប់​។ ភ្លាមៗ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ល្ងាច​ថ្ងៃចន្ទ​នេះ ​បាន​ចេញ​សេច​ក្តីថ្លែង​ការណ៍ថ្កោល​ទោស​អំពើហិង្សា​នេះនិ​ង​បាន​ហៅ​អំពើ​ហិង្សា​នេះ ​ថា​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ និង​ជាការ​រំលោភ​បំពាន​លើ​អភ័យ​ឯក​សិទ្ធិ​របស់​តំណាង​រាស្ត្រ​ដែល​ការ​ពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​។ ចំណែក​ឯ ស្ថាន​ទូត​សហរដ្ឋអាមេរិក​ ប្រចាំ​នៅ​ទីក្រុង​ភ្នំ​ពេញ​ក៏​បាន​អំពាវ​នាវ​ឱ្យអាជ្ញាធរ​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ ​និង​ប្រកប​ដោយ​តម្លា​ភាព​ទៅ​លើ​អំពើ​ហិង្សា​ ដើម្បី​រក្សា​របៀប​រៀប​រយ​នៅ​រដ្ឋសភា ​និង​ធានា​សុវត្ថិភាព​ចំពោះ​តំណាង​រាស្ត្រ​មក​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់។​

ដោយ​ឡែក​អង្គការ​សិទ្ធិ​លីកាដូវិញ ​ក៏បាន​ចេញ​មុខ​ថ្កោល​ទោស​អំពើហិង្សា​នេះ​ផង​ដែរ​។ ​លោក​ អំ សំអាត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃអង្គការ​លីកាដូ ​បាន​អះអាង​ថា​អំពើ​ហិង្សា​នេះ​មិន​អាច​ទទួល​យក​បាន​ទេ ​និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ចាប់​ជន​ដៃ​ផ្តន្ទា​ទោស​។ ​លោក ​ហ៊ុន ​ម៉ានី ​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​​កម្ពុជា ​និង​ជា​កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​បាន​ថ្កោល​ទោស​អំពើហិង្សា​នេះ​ដូច​គ្នា​ ហើយ​អះ​អាង​លោក​មិន​គាំទ្រ​អំពើ​ហិង្សា​នេះ​ឡើយ ​និង​ស្នើ​ឱ្យ​អាជ្ញាធរ​វែក​មុខ​ និង​ចាប់​ជន​ដៃ​ដល់​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ហិង្សា​ទាំង​អស់​ស្រប​តាម​ច្បាប់​របស់​កម្ពុជា​ជាធរមាន។​

សូម​បញ្ជាក់ថា​ ​អំពើ​ហិង្សា​នេះ ​បាន​កើត​ឡើង​អំឡុង​ពេល​ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​២ពាន់នាក់ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែ​រដ្ឋ​សភា​ដើម្បី​ទាមទារ​ទម្លាក់​លោក​កឹម​ សុខា ​ចេញ​ពី​តំណែង​អនុ​ប្រធាន​រដ្ឋសភា​។ គួរ​កត់​សំគាល់​ថា ​បាតុកម្ម​ដែល​ឈាន​ដល់​អំពើ​ហិង្សា​នេះ ​គឺ​បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​មាន​ប្រសាសន៍​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យទី​២៥ ​នៅ​ទីក្រុង​ប៉ារីស​។ យ៉ាង​ណាក៏​ដោយ ​បាតុ​កម្ម​ទាមទារ​ឱ្យ​សភា​រដ្ឋសភា​ទម្លាក់​លោក​កឹម ​សុខា ​បាន​ឈាន​ដល់​ការ​គប់​ដំថ្ម​ និង​ដប​ទឹក​សុទ្ធ​ចូល​ភូមិ​គ្រឹះ​លោក ​កឹម​ សុខា​ផង​ដែរ​។

រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​អះ​អាង​ថា ​នៅ​មិន​ទាន់​វែក​មុខ​ជន​ដៃ​ដល់​ឃើញ​នៅ​ឡើយ​នោះ​ទេ។​ យ៉ាង​ណា​ក៏​ដោយ​ លោក​ឡុង ​ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ បាតុកម្ម​នៅ​ព្រឹក​នេះ​ មិន​មាន​ការ​អនុញ្ញាតិ​ឡើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ