អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី អំពាវ​នាវ​ឲ្យ​ខ្មែរ​នៅក្រៅ​ស្រុក​ទាមទារ​យក​សិទ្ធិ​បោះ​ឆ្នោត​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​នៅ​ប្រទេស​បារាំង​ កាល​ពីថ្ងៃទី​២៤ តុលា ថា​បើ​ខ្មែរ​នៅ​ក្រៅ​ស្រុក​គ្រប់​និន្នាការ​នយោបាយ​មាន​ឳកាស​ជួប​ជា​មួយ​មេដឹក​នាំ​មក​ពី​កម្ពុជា​ ត្រូវ​ទាមទារ​ឲ្យ​ខ្មែរ​នៅ​បរទេស​ទាំង​អស់​មាន​សិទ្ធិ​បោះ​ឆ្នោត​ផង​។ ការ​អំពាវ​នាវ​នេះ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​បារាំង​ ចាប់​ពីថ្ងៃទី២៥​ តុលា ​រហូត​ដល់​ថ្ងៃទី២៧​ តុលា ​តាម​រយៈ​ការ​អញ្ជើញ​របស់​ប្រធានា​ធិបតី​បារាំង​។ ​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​នៅ​ប្រទេស​បារាំង ​កាល​ពី​ថ្ងៃទី២៤​ តុលា ​ឆ្នាំ​២០១៥​
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​នៅ​ប្រទេស​បារាំង ​កាល​ពី​ថ្ងៃទី២៤​ តុលា ​ឆ្នាំ​២០១៥​ @Sam Rainsy
ផ្សាយពាណិជ្ជកម្ម

“ឮ​សូរ​ថា​ខ្មែរ​ខ្លះ​ទៅ​ទទួលគាត់​ (លោកហ៊ុន សែន) ហើយ​មាន​ឱកាស​និយាយ​ជា​មួយ​គាត់​ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​ខ្មែរ​ទាំង​អស់ ​ខ្ញុំ​មិន​ថា​ខាង​ណា ​ឬខាង​ណានោះ​ទេ​។ ​បើ​មាន​ឱកាស​ជួប​អ្នក​ដឹក​នាំ​មក​ពី​ប្រទេស​កម្ពុជា​ទាមទារ​ឲ្យ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះ​ឆ្នោត​ផង!​ នៅ​អាមេរិក​ខ្មែរ​យើង​ចង់​បោះ​ឆ្នោត​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​អ្នក​ដឹក​នាំ​ទៅ​ដល់​ អ្នក​គាំទ្រ​អ្នក​ដឹក​នាំ​មក​ពីទីក្រុង​ភ្នំពេញ​ អត់​ហ៊ាន​និយាយ​។ ​ហើយ​បើ​អ្នក​នៅ​ប្រទេស​បារាំង​ ពេល​ណា​មាន​ឱកាស​ជួប​អ្នក​ដឹក​នាំ​មក​ពី​ខ្មែរ​ ទាមទារ​ឲ្យ​ខ្មែរ​នៅ​ស្រុក​បារាំង​មាន​សិទ្ធិ​បោះឆ្នោត​ផង​! ​គ្រាន់​តែ​ទៅ​អែបអប​នឹង​បាន​ការអី!​” នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ថ្លែង​ទៅ​កាន់​សមា​ជិក​ និង​អ្នក​គាំទ្រ​គណបក្ស​នៅ​ឯប្រទេស​បារាំង​ កាល​ពីថ្ងៃទី២៤​ តុលា ​ខណៈ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ ដើម្បី​ជួប​លោក​ប្រធានាធិបតី​បារាំង​ ហ្រ្វង់ស័រ​ ហូរ​ឡង់ ​និស្សិត​ខ្មែរ​ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ប្រទេស​បារាំង​។​

លោក​ សម ​រង្ស៊ី ​បាន​សម្តែង​ការ​សោក​ស្តាយ ​ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​បោះ​ឆ្នោត​ ដូច​ខ្មែរ​នៅ​ក្នុង​ស្រុក​។​ លោក​ថា​គេ​ចាត់​ទុក​ខ្មែរ​ នៅ​ឯនាយ​សមុទ្រ​មិន​មែន​ជា​ខ្មែរ​ទេ ​ហើយ​ហេតុ​អ្វី​ខ្មែរ​នៅ​ឯក្រៅ​ប្រទេស​មិន​អាច​បោះឆ្នោត​សម្រេច​វាសនា​ប្រទេស​ជាតិ​ ដូច​ខ្មែរ​នៅ​ក្នុង​ប្រទេស​បាន​។ ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​បាន​លើក​ឧទាហរណ៍​ថា​ជន​ជាតិ​ស៊ូដង់​ ដែល​បាន​រស់​នៅ​ទឹក​ដីអូស្ត្រាលី ​មាន​សិទ្ធិ​បោះឆ្នោត​ដូច​ប្រជា​ពល​រដ្ឋ​ទូទៅ​របស់​ស៊ូដង់​ ដែល​កំពុង​តែ​រស់​ក្នុង​ប្រទេស​ដែរ​។

​ចំណែក​ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គ.ជ.ប)​ដែល​មាន​សមាស​ភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ​ការ​រៀប​ចំការ​បោះ​ឆ្នោត​នៅ​ឯ​ក្រៅ​ប្រទេស​នោះ ​គឺ​ គ.ជ.ប​ បាន​ជជែក​គ្នា​រួច​មក​ហើយ​ក្នុង​អំឡុង​រយៈពេល​៧​ខែ​មក​នេះ។​ លោក​លើក​ឡើង​ថា ​គ.ជ.ប​មិន​មាន​លទ្ធ​ភាព ​ដើម្បី​ឲ្យ​ខ្មែរ​នៅ​ក្រៅ​ស្រុក​មាន​ឱកាស​បោះ​ឆ្នោត​ទេ ​ហើយ​ម្យ៉ាង​ទៀត​បើ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ក្រៅ​ប្រទេស ​តើ គ.ជ.ប​ធ្វើ​យ៉ាង​ដូច​ម្តេច​? លោក​បន្ថែម​ដោយ​យោង​លើ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជំពូក​ទី៦​ មាត្រា៤៤​ ថា​ បញ្ជី​បោះ​ឆ្នោត​ត្រូវ​កត់​ត្រា​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​ម្នាក់ៗ​ ដែល​ក្នុង​នោះ​គឺ​ត្រូវ​មាន​ លំនៅ​ដ្ឋាន​ ឬទីសំណាក់​ក្នុង​ឃុំ ​សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​បោះ​ឆ្នោត​។ដូច្នេះ​អ្នក​ដែល​មិន​អាច​បំពេញ​តាម​លក្ខ​ខណ្ឌ​នេះ​បាន​មិន​អាច​ចុះ​ឈ្នោះ​បោះ​ឆ្នោត​បាន​ទេ។​

យ៉ាង​ណា​មិញថ្មីៗ​នេះ ​ទាំង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ​ហាក់​ដូច​ជា​កំពុង​តែ​ពង្រឹង​សមាជិក​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​។ ដូច​ជា​វត្ត​មាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ និង​កូន​ប្រុស​របស់​លោក ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ ដែល​តែង​តែ​បង្កើត​ឱកាស​ជួប​ជុំ​គ្នា​រវាង​ពល​រដ្ឋ​ក្រៅ​ស្រុក​។ ​ចំណែក​គណបក្ស​ប្រឆាំង​ក៏​តែង​តែ​ជួប​ជុំ​សមាជិក​របស់​ខ្លួន​នៅ​ឯក្រៅ​ប្រទេស​ផង​ដែរ​។

​សូម​បញ្ជាក់​ថា​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន ​ក៏​មាន​ប្រទេស​មីយ៉ាន់​ម៉ាមួយ​ដែរ​ ដែល​ជា​ប្រទេស​មួយ​បាន​រៀប​ចំឲ្យ​ប្រជា​ពលរដ្ឋ​សញ្ជាតិ​មីយ៉ាន់ម៉ា​នៅ​ឯក្រៅ​ប្រទេស​មាន​ឱកាស​ក្នុង​ការ​ប្រើសិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន​ ដើម្បី​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៨ ​ខែវិច្ឆិកា​ខាង​មុខ​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ