អានតួអត្ថបទ
កម្ពុជា

ការ​ផ្ទៀង​ផ្ទាត់៖ ផែនទី​រដ្ឋាភិបាល និង UN ដូចគ្នា​ទាំង​ស្រុង តែ​បក្ស​ប្រឆាំង​មិន​ទាន់​មាន​ប្រតិកម្ម

ដូច​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​ប​ច្ចប្ប​ន្ន និង​ផែនទី​ដែល​ខ្ចី​ពី​អង្គការសហប្រជាជាតិ​ចំនួន១៨ ផ្ទាំង​នៅ​វិមាន​សន្តិភាព។ ការផ្ទៀងផ្ទាត់​បានបង្ហាញ​ថា ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​គឺ​ដូចគ្នា​ទាំងស្រុង​នឹង​ផែនទី​ដែល​បាន​ខ្ចី​នោះ។ 

លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស និ​​ង​​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ធ្វើ​ការ​ផ្ទៀត​ផ្ទាត់​ផែនទី​កម្ពុជា​ ដែល​ទើប​តែ​ប្រគល់​ដោយ​អង្គ​ការ​សហប្រជាជាតិ។​
លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស និ​​ង​​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ធ្វើ​ការ​ផ្ទៀត​ផ្ទាត់​ផែនទី​កម្ពុជា​ ដែល​ទើប​តែ​ប្រគល់​ដោយ​អង្គ​ការ​សហប្រជាជាតិ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ធ្វើការ​ផ្ទៀ​ត​ផ្ទាត់​គ្នា​អស់​រយៈពេល​ប្រមាណ​ជិត២ម៉ោង​រួចមក គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​ទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី​ដែល​ខ្ចី​ពី​អង្គការសហប្រជាជាតិ បានប្រកាសថា ផែនទី​ទាំងពីរ​មាន​លក្ខណៈ​ដូចគ្នា​ទាំងស្រុង។

លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​បាន​បញ្ជាក់ថា៖ “ យើង​មាន២៦សន្លឹក ព្រំដែន​យើង​មាន២៦សន្លឹក ប៉ុន្តែ​យើង​យកមក១៨ដើម្បី​ឲ្យ​ស្របតាម១៨របស់​អង្គការសហប្រជាជាតិ​ហ្នឹង​គឺ​ឃើញថា អត់​ខុសគ្នា​សោះ។

លោក​ហោ ណាំហុង បាន​សង្កត់ធ្ងន់​ផងដែរ​ថា លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​នេះ នឹង​ជួយ​ជម្រះ​នូវ​មន្ទិល​សង្ឃ័​យ​នានា​មកលើ​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ក្នុងការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ បើតាម​លោក​ហោ ណាំហុង រដ្ឋាភិបាល​កម្ពុជា នឹងធ្វើ​ការផ្ទៀងផ្ទាត់​ផែនទី​ដែល​ខ្លួន​មាន​ទាំងនេះ ជាមួយនឹង​ផែនទី​ដែល​បារាំង​នឹង​ផ្តល់​ឲ្យ​កម្ពុជា​នៅពេល​ខាងមុខ​ទៀត ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ភាពត្រឹមត្រូវ​នៃ​ផែនទី​របស់​រដ្ឋាភិបាល។

លោក​អូ ច័ន្ទ​ឫទ្ធិ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​បាន​ចូលរួម​ផ្ទៀងផ្ទាត់​ផែនទី​នេះដែរ មិនទាន់​បង្ហាញ​ពី​ជំហរ​របស់​គណបក្សប្រឆាំង​ចំពោះ​លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​នេះ​នោះទេ។ លោក​អ៊ូ ច័ន្ទ​ឫទ្ធិ ៖ “ យើង​មិនអាច​ប្រកាស​ជំហរ​យើង​ថា​តើ​ផែនទី​ហ្នឹង​យ៉ាងណាទេ យកមក​ផ្ទៀងផ្ទាត់ យកមក​ឃើញ​ពេលនេះ។ យើង​រង់ចាំ​ដែល​រដ្ឋាភិបាល​លោក​មានប្រសាសន៍​ហើយ​ថា នឹង​ខ្ចី​ផែនទី​ឫ​ក៏​សុំ​ពី​ខាង​បារាំង​មកទៀត។ ខ្ញុំ​យល់ថា ជា​រឿង​មួយ​ល្អ​ដែល​យើង​អាច​ផ្ទៀងផ្ទាត់​ផែនទី​ទាំងអស់ គ្រប់​ប្រភព​ទាំងអស់ ដើម្បី​បញ្ជាក់​ពី​ភាពស្របច្បាប់​ឫ​ក៏​ភាពត្រឹមត្រូវ​ដែល​រដ្ឋាភិបាល​ប​ច្ច​ប្បន្ន​ប្រើ​ផែនទី​បាទ “។

គួរ​បញ្ជាក់ថា ផែនទី​ដែល​អង្គការសហប្រជាជាតិ​ឲ្យ​កម្ពុជា​ខ្ចី​និង​ធ្វើការ​ផ្ទៀងផ្ទាត់​នៅ​ព្រឹក​មិញ​នេះ គឺជា​ប្រភេទ​ផែនទី​UTM ខ្នាត១លើ១រយ​ពាន់​ដែល​ខុសគ្នា​នឹង​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​គឺ​ប្រភេទ​បោ​ន ខ្នាត១លើ១រយ​ពាន់។ អង្គការសហប្រជាជាតិ បានផ្តល់​ផែនទី​នេះ​ដល់​កម្ពុជា បន្ទាប់ពី​ខ្លួន​រក​មិនឃើញ​នូវ​ផែនទី​បោ​ន​ខ្នាត១លើ១រយ​ពាន់​បោះ​ពុ​ម្ភ​ដោយ​វិទ្យាស្ថាន​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​ស្នើ​ខ្ចី​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ផែនទី​នោះ ត្រូវបាន​គេ​ជឿថា រដ្ឋាភិបាល​សម័យ​សង្គម​រាស្ត្រនិយម​បាន​យកទៅ​តំកល់​នៅ​អង្គការសហប្រជាជាតិ​នៅក្នុង​ឆ្នាំ១៩៦៤។

លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ទទួល ប្រគល់ និង ផ្ទៀងផ្ទាត់​ផែនទី បាន​គូសបញ្ជាក់ថា បើទោះបី​ផែនទី​ទាំងពីរ​ខុសគ្នា​ក៏ដោយ ក៏ប៉ុន្តែ​ខ្សែបន្ទាត់​ព្រំដែន​នៅលើ​ផែនទី​ទាំងពីរ​នោះ គឺ​មិន​ខុសគ្នា​ឡើយ។

គួរ​ជំរាបជូន​ផងដែរ​ថា ការផ្ទៀងផ្ទាត់​ផែនទី​នៅ​ព្រឹក​មិញ​នេះ គឺ​បាន​ធ្វើឡើងភ្លាមៗ បន្ទាប់ពី​មន្ត្រី​អង្គការសហប្រជាជាតិ​បានប្រគល់ និង​ចាក​ចេញពី​វិមាន​សន្តិភាព​នៅ​ម៉ោង​ប្រមាណ​ជាង៩ព្រឹក។ ការផ្ទៀងផ្ទាត់​ក៏មាន​ការចូលរួម​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊ុនស៊ិនប៉ិច រាជបណ្ឌិតសភា​កម្ពុជា ក្រុមប្រឹក្សា​ធម្ម​ញ្ញ និង​ប្រធាន​គណៈកម្មការ​របស់រ​ដ្ឋ​សភា​មួយចំនួនទៀត​ផងដែរ។

លោក​សុខ ទូច អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​ខ្មែរ និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​បញ្ជាក់ថា ការផ្ទៀងផ្ទាត់​ផែនទី​ខ្ចី​ពី​អង្គការសហប្រជាជាតិ​ជាមួយនឹង​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​បានចង្អុលបង្ហាញ​ប្រាប់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ឈប់​ច្រឡំ​ប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រ​ដែលថា កម្ពុជា​បាន​ត​ម្ត​ល់​ផែនទី​នៅ​អង្គការសហប្រជាជាតិ​នោះ។ ជាមួយនឹង​លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​ផែនទី លោក​សុខ ទូច បាន​លើកឡើងថា អ្នកនយោបាយ​គួរ​ឈប់​បំពុល​មហាជន​ដោយ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ទៀត​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ