អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​ ចុះ​ហត្ថលេខា​លើ​គម្រោង​អនុវត្ត​បច្ចេក​វិទ្យា​ដ៏​ប្រសើរ​ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​សំណល់

ក្រសួង​បរិស្ថាន​ និង​សាលា​រាជធានី​ភ្នំពេញ រួម​សហការ​ជាមួយ​មូលនិធិ​បរិស្ថាន​សកល​ អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម ហៅ​កាត់​ថា​ UNIDO រួម​នឹង​ប្រទេស​គោលដៅ​ចំនួន​ ៥​ផ្សេង​ទៀត​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨​ឧសភា​នេះ​ បាន​ធ្វើ​សិក្ខា​សាលា​ និង​ចុះហត្ថ​លេខា​ប្រកាស​រួមគ្នា​ ដើម្បី​គម្រោង​សកម្មភាព​អនុវត្តន៍​បច្ចេកវិទ្យា​ដ៏​ប្រសើរ​ ដែល​អាច​រក​បាន​ និង​ការ​ប្រតិបត្តិ​បរិស្ថាន​ នៅ​លើ​ទីលាន​ចាក់​សំណល់ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ីបូព៌ា។ កម្មវិធី​នេះ ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ អាំងទែ កុងទីណង់តាល់ ​ក្រុង​ភ្នំពេញ ​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​ ៥០នាក់។

កាក​​សំណល់​​សម្រាម​ នៅ​ទីក្រុង​ភ្នំពេញ​
កាក​​សំណល់​​សម្រាម​ នៅ​ទីក្រុង​ភ្នំពេញ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពី​មូលនិធិ​បរិស្ថាន​សកល និងអង្គការ​ UNIDO កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​គោល​ដៅ​មួយ​ បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​គម្រោង​ប្រចាំ​តំបន់ ​ ដែល​មាន​ឈ្មោះ​ថា​ «គម្រោង​សកម្មភាព​អនុវត្តន៍​បច្ចេក​វិទ្យា​ដ៏​ប្រសើរ​ដែល​អាច​រក​បាន និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ នៅ​ទីលាន​សំណល់ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាង​កើត ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អនុសញ្ញា​ស្តុកខូម ស្តីពី​សារធាតុ​បំពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ​ ឬ​ហៅ​កាត់​ថា (POPs)»។ គម្រោង​នេះ​ មាន​រយៈពេល​ ៥ឆ្នាំ និង​មាន​ថវិកា​សរុប​ចំនួន​ជាង ​៧លាន​៥សែន​ដុល្លារ​អាមេរិក។ គម្រោង​នេះ​ផង​ដែរ ក៏​មាន​ប្រទេស​ចំនួន​ ៥ ចូលរួម​ រួមមាន កម្ពុជា ឡាវ ម៉ុងហ្គោលី ហ្វីលីពីន និងវៀតណាម។

លោក​សៅ សុភាព នាយក​ខុទ្ទកាល័យ ​និង​ជា​ទីប្រឹក្សា​ក្រសួង​បរិស្ថាន​ បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ចូលរួម​ទាំង​៥ ព្រោះ​បញ្ហា​គ្រប់គ្រង​សំណល់​ទាំង​រឹង​ និង​រាវ​ នៅ​កម្ពុជា​ គឺ​នៅ​មាន​បញ្ហា​ប្រឈម​ច្រើន។ គម្រោង​នេះ​ ជា​ការ​អនុវត្ត​សាក​ល្បង​​មួយ សម្រាប់​សំណល់​គ្រោះ​ថ្នាក់​ ដូចជា​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ឧស្សាហកម្ម​ជា​ដើម។

លោក​ហេង ណារ៉េត ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ ការ​បំពុល​បរិស្ថាន បាន​ពន្យល់​ថា បច្ចេក​វិទ្យា​ដ៏​ប្រសើរ​ គឺ​ជា​ការ​គ្រប់គ្រង​សំណល់​រឹង ដើម្បី​កាត់​បន្ថយ​ការ​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន តាម​រយៈ​ការ​រៀប​ចំ​ទីលាន​ចាក់​សំរាម​ ដើម្បី​កុំឲ្យ​បំពុល​ដល់​ទឹក​ក្រោម​ដី និង​ទៅ​លើ​អាកាស។ គម្រោង​នេះ​ គឺ​ផ្តោត​លើ​ការ​បញ្ឃប់​ការ​ដុត​ចំហរ ព្រោះ​ការ​ដុត​សម្រាម​ជា​ចំហរ គឺ​បាន​បង្ក​គ្រោះថ្នាក់​ច្រើន​ដល់​សុខភាព​របស់​ប្រជាជន។ ហើយ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ដុត​ចំហរ​ គេ​អាច​ដុត​សម្រាម​ក្នុង​ឡ ​រួច​ទាញ​យក​ឧស្ម័ន​ដែល​ដុត​ទាំង​នោះ ​យក​មក​ប្រើប្រាស់​ជា​ថាមពល​អគ្គិសនី​ ដែល​ការងារ​នេះ​ ត្រូវ​ទាម​ទារ​ការ​សិក្សា​ឲ្យ​បាន​លម្អិត​ជា​បន្ត​ទៀត។

តាម​លោក​ហេង ណារ៉េត មក​ដល់​នេះ ទីក្រុង​ភ្នំពេញ​ មាន​ទីលាន​ចាក់​សម្រាម​តែមួយ​កន្លែង​ប៉ុណ្ណោះ គឺ​នៅ​ទីលាន​ជើង​ឯក ព្រោះ​ទីលាន​នៅ​ស្ទឹង​មាន​ជ័យ​ បាន​បិទ​ ៣​ឆ្នាំ​មក​ហើយ។ ហើយ​សម្រាម​ដែល​យក​ទៅ​ចាក់​នៅ​ទីនោះ គឺ​មាន​ប្រមាណ ​២,១០០តោន ក្នុង​មួយ​ថ្ងៃៗ។ គេ​នៅ​មិន​ទាន់​សម្រេច​ពី​ការ​ជ្រើសរើស​ទីលាន​ចាក់​សម្រាម​ សម្រាប់​អនុវត្ត​គម្រោង​ POPs​នេះ​ នៅ​ឡើយ​ទេ។ ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា ក្រោយ​ពី​ពិធី​ប្រកាស​ឲ្យ​អនុវត្ត​គម្រោង​នេះ ពី​ពេល​នេះ​ រហូត​ដល់​៥​ឆ្នាំ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ