អានតួអត្ថបទ
កម្ពុជា

ប្រជា​សហគមន៍ ​និង​សមាជិក​សហជីព​ខ្លះ ​ចាប់​ផ្តើម​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នៅ​ថ្ងៃនេះ​

ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ១០ធ្នូ ​ឆ្នាំ២០១៥ ​ប្រជា​ពលរដ្ឋ​សរុប​ប្រមាណ​ជា៦០០នាក់​​ នៅ​ខេត្ត​ពោធិ៍សាត់ ​និង​នៅ​ខេត្ត​សៀម​រាប ​បាន​ផ្តើម​ធ្វើ​សកម្មភាព​ពី​ថ្ងៃ​អាទិត្យ​ ទី០៦ ​ខែធ្នូ​ ឆ្នាំ២០១៥នេះ​តទៅ​ហើយ។ ​ជា​ផ្នែក​មួយ​នៃយុទ្ធនាការ​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ការ​លើក​បដា​ដើរ​ហែរ​តាម​ផ្លូវ ​និង​ការ​ធ្វើ​វេទិកា​ក្នុង​បរិវេណ​ទីស្នាក់​ការ ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ខក​បំណង​ខ្លះ។​

ស្លាក​សញ្ញា​ទិវា​សិទ្ធ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ ​ឆ្នាំ​២០១៥​ របស់​អង្គការ​លីកាដូ​។​
ស្លាក​សញ្ញា​ទិវា​សិទ្ធ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ ​ឆ្នាំ​២០១៥​ របស់​អង្គការ​លីកាដូ​។​ @licadho
ផ្សាយពាណិជ្ជកម្ម

គឺ​ចាប់​ពី​ព្រឹក​​ថ្ងៃ​អាទិត្យ ​ទី០៦ ​ខែធ្នូ ​ឆ្នាំ​២០១៥នេះ​ត​ទៅ​ហើយ ​ដែល​សមាជិក​ខ្លះ​នៃ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ​ចាប់​ផ្តើម​អបអរ​ខួប​លើក​ទី៦៧​នៃ​​ទិវាសិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ។​ ក្រៅ​ពី​ការ​ធ្វើ​សកម្ម​ភាព​ដោយ​ពុំ​មាន​ការ​រំខាន​គួរ​ឱ្យ​កត់​សម្គាល់ ​ក៏​មាន​ដែរ​ការ​ខក​ចិត្ត​បន្តិច​បន្តួច។​

នៅ​ខេត្តពោធិ៍សាត់ ​ប្រជា​ពលរដ្ឋ​ជិត​៥០០នាក់​បាន​លើក​បដា​ដើរ​ហែក្បួន​តាម​ដង​ផ្លូវ ​ដោយ​ចេញ​ដំណើរ​ពីផ្លូវ​ជាតិ​លេខ​៥ ​ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ​ក្បែរ​វត្ត​បន្ទាយ​ដី ​ក្នុង​ក្រុង​ពោធិ៍សាត់។ ​

សំឡេង​​ខ្ញៀវខ្ញារ​​នៃ​​អ្នក​​ចូល​​រួម​​ហាក់​​បង្កើន​​ទម្ងន់​​ទៅ​​លើ​​សារ​​ជា​​ច្រើន​​នៅ​​លើ​ប​ដា​​ទាំង​​ឡាយ ​​ដែល​​ទាម​ទារ​​ឱ្យ​​បំបាត់​​អំពើ​​ពុក​​រលួយ ​​ឱ្យ​​មាន​​យុត្តិធម៌ ​​ឱ្យ​​ដោះ​ស្រាយ​​ជម្លោះ​​ដីធ្លី ​​និង​​ជា​ពិសេស​​ឱ្យ​​លើក​​កម្ពស់​​សិទ្ធិ​​សេរី​ភាព​​របស់​​ប្រជា​​ជន​​ទូទាំង​​ប្រទេស​​កម្ពុជា។​ ​

ពុំ​មាន​ការ​រារាំង​ណា​មួយ​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ចំពោះ​ការ​ដើរ​របស់​អ្នក​ចូល​រួម​ដែល​ជា​ភាគ​ច្រើន​ជា​សមាជិក​បណ្ដាញ​យុវជន ​សមាជិក​សមាគម ​សមា​ជិក​សហគមន៍ ​និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ទេ​​។ ​ប៉ុន្តែ លោ​ក ​ម៉េង​ ប៊ុនរឿន ​តំណាង​សហគមន៍​ព្រៃ​ឈើ​ឃុំ​ឈើ​តុំ ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់ ​រាង​«ខក​ចិត្ត​បន្តិច​»ត្រង់​ថា ​អាជ្ញាធរ​ក្នុង​ក្រុង​ពោធិ៍សាត់​បាន​ស្នើ​អ្នក​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​នោះ​ ឱ្យ​ចៀស​វាង​ឆ្លង​កាត់​ទីតាំង​ដែល​មាន​មនុស្ស​ម្នាក​កកុញ​ច្រើន។​
ចំណែក​ឯ​ក្នុង​បរិវេណ​នៃ​ទីស្នាក់​ការ​សហព័ន្ធ​សហជីពកម្មករ​សំណង់ ​និង​ព្រៃ​ឈើ​កម្ពុជា​នៅ​ខេត្ត​សៀម​រាបវិញ ស​មា​ជិក​សហជីព ​និង​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន​ខ្លះ ​សរុប​ប្រហែល​១០០​នាក់ ​បាន​ធ្វើ​វេទិកា​ដោយ​រលូន។​

អ្នក​ចូល​រួម​បា​ន​លើក​ឡើង​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព​កម្មករ​សំណង់ ​បញ្ហា​លំបាក​របស់​កម្មករ​សំណង់ ​និង​ជា​ពិសេស​ភាព​ចម្រូង​ចម្រាស់​នៃ​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព។​

សកម្មភាព​ដំបូងៗ​ទាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា​ ដែល​គ្រោង​ប្រមូល​សមាជិក​របស់​ខ្លួន​ជាង​៣០០០នា​ក់ ឱ្យ​មក​ជួប​ជុំ​គ្នា​នៅ​រាជ​ធានី​ភ្នំ​ពេញ ដើ​ម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​នៅ​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ២០១៥ ​ក្រោម​ប្រធាន​បទ​រួម​ស្តីពី​«យុត្តិ​ធម៌»៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ