អានតួអត្ថបទ
ចិន

ទោស​ជាប់​ពន្ធនាគារ​សម្រាប់​សកម្មជន​ការពារ​សេរីភាព​បញ្ចេញមតិ​នៅ ប្រទេស​ចិន

តុលាការ​នៅ​ខេត្ត ក្វាងទុង នៅ​ថ្ងៃ​សុក្រ​ទី ២៧ វិច្ឆិកា ​បាន​សម្រេច​ផ្តន្ទាទោស​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ចិន ចំនួន​៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ។ សកម្មជន​ចិន​ទាំងបី​រូប​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ឃុំ​ខ្លួន តាំង​ពី​ឆ្នាំ ២០១៣ បន្ទាប់ពី ពួកគេ​បាន​ចូលរួម​គាំទ្រ​ចលនា​បាតុកម្ម​មួយ ដែល​ប្រឆាំង នឹង​ការតាមដាន និង​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​លើ​ខ្លឹមសារ​បោះពុម្ព​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក។ 

ប៉ូលិស​ឈរ​យាម​នៅ​មុខ​តុលាការ​ដែល​បាន​បើក​សវនាការ​កាលពី​ឆ្នាំ ២០១៤ កាត់ទោស​សកម្មជន​ចិន លោក​គួ ហ្វេស្យុង
ប៉ូលិស​ឈរ​យាម​នៅ​មុខ​តុលាការ​ដែល​បាន​បើក​សវនាការ​កាលពី​ឆ្នាំ ២០១៤ កាត់ទោស​សកម្មជន​ចិន លោក​គួ ហ្វេស្យុង ®REUTERS/Alex Lee/Files
ផ្សាយពាណិជ្ជកម្ម

លោក​គួ ហ្វេស្យុង ជា​អ្នកច្បាប់​ចិន ដែល​ធ្វើ​សកម្មភាព​ច្រើន​ដើម្បី ជំរុញ​ឲ្យមាន​ការគោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន នៅ​ខេត្ត​ក្វាងទុង។ នៅ​ថ្ងៃសុក្រ លោកត្រូវ​បាន​តុលាការ​ចិន​ប្រកាស​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ៦ ឆ្នាំ ចំណែក​សកម្មជន​ចិន​ពីរ​នាក់​ទៀត​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ ៣ឆ្នាំ និង​២​ឆ្នាំ។ សាលក្រម​នៅ​ថ្ងៃ​នេះ ជា​លទ្ធផល​នៃ​សវនាការ​រយៈពេល​១ឆ្នាំ ដែល​នៅក្នុង​នោះ សកម្មជន​ចិន​ទាំង​៣​រូប​ត្រូវ​បាន​តុលាការ​ខេត្ត​ក្វាងទុង​ចោទ​ប្រកាន់ បាន​ប្រមែរប្រមូល​ មនុស្ស​ឲ្យធ្វើ​បាតុកម្ម ​បង្ក​អសណ្តាប់​ធ្នាប់​​សាធារណៈ។ លេស​ចោទ​ប្រកាន់​ដែល​អាជ្ញាធរ​ចិន​តែងតែ​ប្រើ ដើម្បី ចាប់​បាតុករ និង​សកម្មជន ដាក់​ពន្ធនាគារ។

 
នៅ​ក្រោយ​សវនាការ​បិទទ្វារ​ជិត មេធាវី​របស់​សកម្មជន​ចិន​បាន​ស្រែក​បរិហារ​ភាពអយុត្តិធម៌ នៅក្នុង​ការសម្រេច​របស់​ចៅក្រម។ តាម​លោក​មេធាវី​របស់លោក គួ ហ្វេស្យុង សាលក្រម​របស់​តុលាការ​ជារឿង​ដែល​គេ​មិនអាច​ទទួល​យក​បាន ព្រោះថា កូនក្តី​របស់​លោក​មិន​បាន​ធ្វើ​អ្វី ខុសទេ។

គួ ហ្វេស្យុង អាយុ ៤៨​ឆ្នាំ ទើប​តែ​ចេញ​ពី ពន្ធនាគារ នៅ ឆ្នាំ ២០១១ នៅ​ក្រោយ​អនុវត្ត​ទោស​ជាប់​គុក ៥​ឆ្នាំ ដោយសារ​ការងារ​សកម្មជន​របស់លោក។ ការសម្រេច​របស់​តុលាការ​ចិន នៅថ្ងៃ​នេះ​បាន​បង្ក​ឲ្យ​មាន​រលក​តវ៉ា រិះគន់​ពី អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ។ សម្រាប់​អ្នកតំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​Human Rights Watch ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ និង​ដើម្បី​ការពារ​សិទ្ធិមនុស្ស​មិនមែន​ជា​បទឧក្រិដ្ឋ​នោះទេ។ អង្គការ​Amnesty International វិញ បាន​ចាត់ទុក​ថ្ងៃសុក្រ​នេះ​ថា ជាថ្ងៃ​ងងឹតសូន្យសុង នៅពេលគេ​​ឃើញ​អ្នកការពារ​សេរីភាព​កាសែត និង​ប្រជាធិបតេយ្យ​​ត្រូវ​តុលាការ​ជាន់ឈ្លី និង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ។

គួររំលឹក​ថា សកម្មជន​ចិន​ទាំង​៣​នាក់​ដែល​តុលាការ​ផ្តន្ទា​ទោស​នៅ​ថ្ងៃ​សុក្រនេះ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន នៅក្នុង​ពេលពួកគេ​ចូលរួម​ជាមួយ​អ្នកកាសែត​ធ្វើ​បាតុកម្ម​ក្នុង​ខេត្ត​ក្វាងទុង នៅឆ្នាំ ២០១៣។ អ្នកកាសែត​ក្វាងទុង​ធ្វើ​បាតុកម្ម​តវ៉ា​នឹង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​ទាមទារ​ឲ្យ​កាសែត​កែតម្រូវ ខ្លឹមសារ អត្ថបទ នៅមុន​ការចុះ​ផ្សាយ។ នៅក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ចិន នៅ​ឆ្នាំ ២០១៣ វិចារណកថា របស់​កាសែត​ឈ្មោះ​ក្វាងទុង ណានហ្វាង ជូម៉ូ ធ្លាប់​បាន​អំពាវនាវ​ដល់​រដ្ឋអំណាច​ប៉េកាំង​ឲ្យ​​ធានា​សិទ្ធិ​ធ្វើ​នយោបាយ​នៅ ប្រទេស​ចិន។ ការទាមទារ​រក​សេរីភាព ដែល​ត្រូវ​អាជ្ញាធរ​ឆ្លើយ​តប​មក​វិញ ជាមួយ​នឹង​ការដាក់ទោស ឲ្យ​ជាប់​ពន្ធនាគារ នៅ​ប្រទេស​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ