អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រឿង​មួយ​ចំនួន​ដែល លោក កែម ឡី មិន​ចង់​ឃើញ និង​បេសកកម្ម​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ការ​បាញ់​ប្រហារ​សម្លាប់​បញ្ញវន្ត កែម ឡី, សង្គម​ខ្មែរ​ហាក់​បាន​លេច​ចេញ​ជា​ថ្មី​នូវ​ភាព​ចម្រូង​ចម្រាស់​។ ភាព​ចម្រូង​ចម្រាស់​ដែល​នាំ​ឲ្យ​មាន​ការ​ប្រេះ​ឆា​ក្នុង​សង្គម និង​ជា​អ្វី​ដែល​លោក​ កែម ឡី ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​ មិន​ចង់​ឃើញ។ ដោយ​ឡែក ការ​សម្រេច​បាន​នូវ​បេសកកម្ម ដែល​លោក​កំពុង​ធ្វើ​នៅ​ពេល​មាន​ជីវិត​នោះ​ ដូច​ជា គម្រោង​១០០​រាត្រី ការ​បណ្តុះ​អ្នក​វិភាគ​ជំនាន់​ក្រោយ​ជា​ដើម​​ គឺ​ជា​អ្វី​ដែល​បណ្ឌិត កែម ឡី ចង់​បាន​ឲ្យ​កើត​មាន​ទី​បំផុត​នៅ​ក្នុង​សង្គម​ខ្មែរ​។

ពិធី​បុណ្យ​សព​លោក​ កែម ឡី ​មាន​អ្នក​ចូលរួ​ម​ច្រើន​ រាប់​ទាំង​ព្រះសង្ឃ​ឡើង។​
ពិធី​បុណ្យ​សព​លោក​ កែម ឡី ​មាន​អ្នក​ចូលរួ​ម​ច្រើន​ រាប់​ទាំង​ព្រះសង្ឃ​ឡើង។​ @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

ក្រោយ​មរណភាព​របស់​បណ្ឌិត កែម ឡី, គេ​សង្កេត​ឃើញ​ទិដ្ឋភាព​មួយ​ចំនួន​ដែល​ហាក់​ទំនង​ជា​ប្រាស់ចាក​នឹង​បំណង​ប្រាថ្នា ឬ​ឆន្ទៈ​មនសិការ​របស់​រូប​លោក កែម ឡី​។ ជាក់​ស្តែង​ ជន​ឱកាស​និយម​មួយ​ចំនួន​ បាន​ប្រែ​ក្លាយ​ពិធី​បុណ្យ​សព​របស់​រូប​លោក​ ទៅ​ធ្វើ​ជា​ការ​វេទិកា​ឃោសនា​នយោ​បាយ​​ សម្រាប់​លេប​ខាយ​ដាក់​គូ​បដិបក្ខ​ និង​ដើម្បី​កេង​ចំណេញ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​របស់​ក្រុម​បក្ស​ពួក។ ហើយ​នេះ​ ច្បាស់​ណាស់​ថា​នឹង​នាំ​ឲ្យ​សង្គម​ជាតិ​ប្រេះ​ឆា​។ ក្រៅ​ពី​លេប​ខាយ​ អ្នក​នយោបាយ​មួយ​ចំនួន​ខ្លះ​ទៀត​ ផ្តើម​សង្ស័យ​ និង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​ដ៏​ឃោរ​ឃៅ​។

ទិដ្ឋភាព​ទាំង​នេះ​ បាន​នឹង​កំពុង​តែ​បង្ក​ភាព​បែក​បាក់​នៅ​ក្នុង​សង្គម​ ​ហើយ​បើ​សិន​ជា​បណ្ឌិត​ កែម ឡី នៅ​មាន​ជីវិត​រស់​ រូប​លោក ដែល​ជាអ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​ គឺ​ច្បាស់​ជា​មិន​ចង់​ឃើញ​សង្គម​ជាតិ​របស់​ខ្លួន​ ប្រេះឆា ​បែក​បាក់​គ្នា​បែប​នេះ ​នោះ​ឡើយ។​

បន្ថែម​ពី​នេះ បណ្ឌិត​ កែម ឡី ត្រូវ​បាន​ប្រភព​ជិតស្និទ្ធ​ចាត់​ទុក​ថា​ជា​មនុស្ស​ចេះ​គោរព និង​​ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ បើ​ទោះបី​ជា​ជន​ណា​មាន​បំណង​មិន​ល្អ​ចំពោះ​រូប​លោក​ក្តី​ ឬ​ជា​សត្រូវ​ក៏​ដោយ ក៏​លោក កែម ឡី ​នៅ​តែ​ញញឹម​ដាក់​ជន​នោះ ហើយ​តែងតែ​ព្យាយាម​ជួយ​ជន​នោះ​ទៅ​វិញ​ថែម​ទៀត។ ដូច្នេះ ការ​យក​ពិធី​បុណ្យ​សព​ ឬ​សាក​សព​របស់​លោក សម្រាប់​ធ្វើ​​ចំណាប់​ខ្មាំង​របស់​ក្រុម​ណា​មួយ​តែ​ម្ខាង​ ឬ​ក៏​ហៅថា​កាង​សព​ មិន​ឲ្យ​នរណា​ផ្សេង​ទៀត​ឱន​ក្បាល​គោរព ​អុជ​ទាន​ធូប​សំពះ​នោះ​ ហាក់​ទំនង​មិន​ជា​អ្វី ដែល​លោក​ កែម ឡី សាទរ​នោះទេ។ ​សព​របស់​លោក កែម ឡី​ គួរ​តែ​ត្រូវ​បាន​ជន​គ្រប់​រូប​អាច​ មាន​ឱកាស​ឱន​ក្បាល​គោរព បើ​សិន​ជា​គេ​ចង់​ទៅ​គោរព​វិញ្ញាណក្ខន្ធ​រូប​លោក​ដោយ​ផ្ទាល់​។

យ៉ាងណា​ក៏​ដោយ​ចុះ​ យុត្តិធម៌​ និង​ការ​ពិត​ត្រូវ​តែ​បាន​បើក​បង្ហាញ ឲ្យ​បាន​ឆាប់​។​ ការ​ស្វែង​រក​ការ​ពិត​នៃ​ឃាតកម្ម​ និង​ការ​វែក​មុខ​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង ព្រម​ទាំង​អ្នក​រួម​គំនិត គឺ​ចាំបាច់​បំផុត ត្រូវ​តែ​រក​ឲ្យ​ឃើញ បើ​ទោះបី​ជា​ជន​នោះ​ គឺ​ជា​នរណា​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ទៅ​កាត់​ទោស​ចំពោះ​មុខ​ច្បាប់​ដែរ។ ត្បិត​ថា ពេល​មាន​ជីវិត​នៅ​ឡើយ​ បញ្ញវន្ត​ កែម ឡី​ បាន​តស៊ូ​ប្រឹងប្រែង​ ​មិន​តិច​ទេ ដើម្បី​ឲ្យ​សង្គម​ជាតិ​ខ្មែរ​មាន​យុត្តិធម៌ លុប​បំបាត់​និទណ្ឌភាព​ ហើយ​ប្រសិន​បើ​ឃាតកម្ម​របស់​លោក មិន​ត្រូវ​បាន​ស្វែង​រក​ការ​ពិត​ឲ្យ​ជ្រះ​ស្រឡះ​ទេ​នោះ​ ព្រលឹង​វិញ្ញាណក្ខន្ធ​របស់​លោក ច្បាស់​ជា​មិន​ស្ងប់​ចិត្ត និងពុំ​អាច​ទៅ​រក​សុគតិភព​បាន​ឡើយ​។

ថ្លែង​ពី​អ្នក​គាំទ្រ​រូប​លោក​វិញ! មែន​ទែន​ទៅ បណ្ឌិត​ កែម ឡី បាន​ដឹង​ខ្លួន​ឯង​ច្បាស់​ហើយ​ថា​នឹង​អាច​មាន​ថ្ងៃនេះ!​ ត្បិត​លោក​តែង​តែ​និយាយ​ប្រាប់​សហការី​របស់​ខ្លួន ថា​អ្នក​វិភាគ​បែប​រូប​លោក គឺ​ជា​បេក្ខភាព​ព្រៃ​ស បេក្ខភាព​កាល់​ម៉ែត្រ បេក្ខភាព​វត្ត​ព្រះពុទ្ធ។ ឬ​និយាយ​បែប​ផ្សេង ថា​លោក​បាន​ដឹង​ជា​ស្រេច​នូវ​ចំណុច​៣ ​គឺ​ត្រូវ​រត់​ចោល​ស្រុក ត្រូវ​ជាប់​គុក និង​ត្រូវ​អស់​ជីវិត។ ហេតុ​នេះ​ហើយ លោក​បាន​រម្លឹក​ផ្តាំ​ជា​ស្រេច​តែ​ម្តង​ថា «ជូត​ទឹក​ភ្នែក​របស់​អ្នក​ រួច​បន្ត​ដំណើរ​ទៅមុខ​ទៀត​»។​

ត្រង់​នេះ គេ​ត្រូវ​តែ​ចាប់​ផ្តើម​គិត​ឡើង​វិញ​ពី​សកម្មភាព​ និង​គោល​ដៅ​របស់​បណ្ឌិត កែម ឡី ដែល​បាន​ធ្វើ​កន្លង​មក និង​អ្វី​ដែល​ជា​សេចក្តី​ប្រាថ្នា​ចង់​បាន​របស់​រូប​លោក នៅ​ក្នុង​មាតុ​ភូមិ​នេះ​។ ទាំង​នោះ​ហើយ​ ជា​អ្វី​ដែល​អ្នក​គាំទ្រ​ដល់​បណ្ឌិត​រូប​នេះ គួរ​ធ្វើ​អ្វី​បន្ត​ទៅ​ទៀត​។​

ទោះ​ជា​យ៉ាង​ណា​ក្តី គឺ​បាន​ដឹង​ត្រួសៗ​រួច​មក​ហើយ​ពី​បេសកកម្ម​មួយ​ចំនួន​ដែល​លោក កែម ឡី ​កំពុង​ធ្វើ​ តែ​មិន​ទាន់​បាន​បំពេញ​ចប់​ នោះ​គឺ​ថា​​យុទ្ធនាការ​១០០រាត្រី ដើម្បី​ឈ្វេង​យល់​ពី​ពលរដ្ឋ​ខ្មែរ ហើយ​កិច្ច​ការ​ដ៏​ធ្ងន់​ធ្ងរ​មួយ​ទៀត គឺ​ការ​បណ្តុះ​អ្នក​វិភាគ​ជំនាន់​ក្រោយ​។​ អ្នក​វិភាគ​ដែល​មាន​ជំនាញ​ច្បាស់​លាស់​នៅ​ក្នុង​ផ្នែក​នីមួយ​ៗ រាប់​ទាំង​នយោបាយ​ សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ជា​ដើម ហើយ​ដែល​បណ្ឌិត​ កែម ឡី ធ្លាប់​បាន​ផ្តាំ​ទូន្មាន​ថា «អស់​​ កែម ឡី មួយ នៅ​ កែម ឡី​ ជា​ច្រើន​ទៀត​»។ បេសកកម្ម​របស់​បណ្ឌិត​ កែម ឡី នេះគឺ​ជា​សេចក្តី​ប្រាថ្នា​ចង់​ឃើញ នៅ​ក្នុង​មាតុភូមិ​ខ្មែរ​ ដែល​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ពេញ​លេញ​ ហើយ​មាន​ អ្នក​វិភាគ​ជា​ច្រើន​ដែល​​អាច​ចែក​រំលែក​ធនធាន​គំនិត។​ ពោល​គឺ​ជា​គំនិត​ដែល​មាន​គុណភាព​។​

ក្តីប្រាថ្នា​មួយ​ទៀត​របស់​បណ្ឌិត កែម ឡី គឺ​ការ​អភិវឌ្ឍ​មូលដ្ឋាន រហូត​ដល់​លោក​ប្រកាស​ថា​ចង់​ធ្វើ​មេឃុំ​។ លោក​ចង់​ឲ្យ​បញ្ញាវន្ត​ខ្មែរ​នាំគ្នា​ទៅ​កាន់​ការងារ​នៅ​មូលដ្ឋាន​ បម្រើ​ពលរដ្ឋ​ថ្នាក់​ក្រោម​ជាតិ ​​ឲ្យ​បាន​ដិត​ដល់​។ ពោល​គឺ​មិន​ក្រាញ់​អំណាច​នៅ​ទីក្រុង និង​នៅ​ថ្នាក់​ជាតិ ហើយ​ ត្រូវ​ងាក​ទៅ​ផ្តល់​សេវា​ឲ្យ​កៀក​នឹង​ប្រជាជន​នៅ​មូលដ្ឋាន។​

ទាំង​នេះ​ គឺ​ជា​បេសកកម្ម​សំខាន់​ៗ​មួយ​ចំនួន​ ដែល​បណ្ឌិត កែម ឡី ​មិន​ទាន់​បាន​បំពេញ​ចប់​សព្វ​គ្រប់ និង​ជា​អ្វី​ដែល​ជា​សេចក្តី​ប្រាថ្នា​ចង់​ឃើញ​ឲ្យ​សម្រេច​កើត​មាន​ពិត​ប្រាកដ​នា​ពេល​អនាគត​។

ម្យ៉ាង​វិញ​ទៀត ក្នុង​តួនាទី​ជា​ស្វាមី ជា​ឪពុក ឬ​ជា​មេគ្រួសារ​ ច្បាស់​ណាស់​ សព​របស់​លោក​ កែម ឡី នឹង​រពឹង​ថា​ គ្រួសារ​ប្រពន្ធ​កូន​ ដែល​នៅ​រស់ មាន​ជីវភាព​ល្អ​ប្រសើរ ហើយ​កូនៗ​ទទួល​បាន​ការ​សិក្សា​រៀន​សូត្រ​ត្រឹមត្រូវ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ