អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅ​ពេល​ពលរដ្ឋ​កម្ពុជា មិន​សូវ​ស្រឡាញ់​អក្សរ​និង​ភាសាជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាសិត​ខ្មែរ​បុរាណ​ថា វប្បធម៌​រលត់ ជាតិ​រលាយ។ ប៉ុន្តែ អក្សរ​និង​ភាសា ដែល​ជា​ផ្នែក​មួយ​វប្បធម៌​ដែរ​នោះ កំពុង​តែ​ត្រូវ​បាន​ជនជាតិ​ខ្មែរ​មួយ​ចំនួន លែង​សូវ​ប្រើប្រាស់​និង​ឲ្យ​តម្លៃ​ខ្ពស់​ដូច​មុន។ នេះ​គឺ​ជា​គ្រោះថ្នាក់​មួយ​ដ៏​ធំធេង ដែល​អាច​សម្លាប់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​បាន។

@HEAM Chetra
ផ្សាយពាណិជ្ជកម្ម

ភាសា​អក្សរសាស្ត្រជាតិ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វប្បធម៌។ វា​ជា​អត្តសញ្ញាណ ប្រើ​ប្រាស់ សម្រាប់​សម្គាល់​ជាតិ​សាសន៍ ក្រុម​មនុស្ស​នៃ​សង្គម ឬ​សហគមន៍​ណា​មួយ។ និយាយ​ពី​ភាសា វាជា​យាន​នៃ​ការ​ទាក់​ទង​ដ៏​មាន​តម្លៃ។ ចំណែក​អក្សរសាស្ត្រ បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់ ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​អាន និង​ការ​កត់​ត្រា​រឿង​ហេតុ​ផ្សេង​ៗ​របស់​ជាតិ​សាសន៍​ខ្លួន។ ដោយសារ​តែ​អក្សរ​ដែល​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​ថ្ម និង​នៅ​លើ​សាស្ត្រា​ស្លឹក​រឹត​តាំង​ពី​បុរាណ ទើប​ខ្មែរ​បាន​ស្គាល់​ខ្លួន​ឯង​ច្បាស់ ដូច​សព្វ​ថ្ងៃ​នេះ។

យ៉ាង​ណា​ក៏​ដោយ សព្វ​ថ្ងៃ​នេះ ភាសា​និង​អក្សរ​ខ្មែរ ហាក់​ដូចជា​ត្រូវ​ពលរដ្ឋ​ខ្មែរ​មើល​រំលង ទៅ​ហើយ។ ជនជាតិ​ខ្មែរ​មួយ​ចំនួន ជា​ពិសេស យុវជន ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មិន​សូវ ប្រើ ប្រាស់​និង​ឲ្យ​តម្លៃ​អក្សរ និង​ភាសា​ខ្មែរ​នោះ​ទេ។ ខណៈ​ដែល​ជនជា​តិមួយ​ចំនួន​គ្មាន​ភាសា និង​អក្សរ​ជា​របស់​ខ្លួន យុវជន​ខ្មែរ​សម័យ​ឥឡូវ និយម​ចូលចិត្ត​យក អក្សរ​និង​ភាសា​បរទេស​មក ប្រើប្រាស់​ទៅ​វិញ ទាំង​ដែល​ខ្លួន​មាន​អក្សរ​និង​ភាសា​របស់​ខ្លួន​រួច​ទៅ​ហើយ។

នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជា​រឿយ​ៗ យុវជន​ច្រើន​ប្រើប្រាស់​ភាសា​អង់គ្លេស​ លាយ​នៅ​ ក្នុង​ប្រយោគ​ជា​ភាសា​ខ្មែរ។ អាច​ទទួល​យក​បាន ប្រសិន​បើ​ពាក្យ​ជា​ភាសា​អង់គ្លេស​នោះ​ មិន​ទាន់​មាន​ការ​បក​ប្រែ​ផ្លូវ​ការ​ជា​ភាសាខ្មែរ ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ទទួល​យក​ណាស់ ប្រសិន​បើ ពាក្យ​ជា​ភាសា​អង់គ្លេស​នោះ មាន​ការ​បកប្រែ​ជា​ភាសាខ្មែរ​ តែ​គេ​បែរ​ជា​មិន​ប្រើ​ទៅ​វិញ។

ការ​លើក​ទឹក​ចិត្ត​និង​ការ​ផ្ដល់​តម្លៃ ហាក់​មាន​កម្រិត​តិច​តួច នៅ​ពេល​ដែល​ជនជាតិ​ខ្មែរ​ម្នាក់ ចេះ​យ៉ាង​ជំនាញ​នូវ​អក្សរ​និង​ភាសា​ជាតិ​របស់​ខ្លួន។ គេ​ធ្លាប់​លឺ​ឪពុក​ម្ដាយ​មួយ​ចំនួន អួត​អាង​ប្រកប​ដោយ​មោទនភាព​ថា កូន​របស់​ខ្លួន អាច​និយាយ​និង​សរសេរ​ភាសា​អង់គ្លេស ព្រម​ទាំង​ចេះ​ច្រៀង​ជា​ភាសា​ចិន​បាន​យ៉ាង​ស្ទាត់​ជំនាញ។ ប៉ុន្តែ​គេ​មិន​ដែល​លឺ​សោះ​តែ​ម្ដង ឪពុក​ម្ដាយ​ដែល​ប្រាប់​អ្នក​ដទៃ​ថា កូន​របស់​ខ្លួន ចេះ​បង្កើត​ពាក្យ​ខ្មែរ តាម​វិធី​កម្លាយ​ផ្នត់​ដើម និង​ផ្នត់​ជែក បាន​គ្រប់​ទម្រង់។ ថា​អ្នក​ខ្លះ​ទៅ​ចុះ ដែល​មិន​និយម​ប្រើ​ភាសា​និង​អក្សរ​ខ្មែរ តែ​អ្នក​ដែល​កំពុង​ប្រើ​ទៀត​សោត ក៏​ធ្វេស​ប្រហែស ពុំ​បាន​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ដោយ​ប្រើប្រាស់​ខុស​ទាំង​មិន​ដឹង​ខ្លួន ទាំង​ការ​និយាយ​ស្ដី និង​ការ​សរសេរ។

តាម​ការ​សង្កេត ជនជាតិ​ខ្មែរ​សព្វ​ថ្ងៃ បាន​នឹង​កំពុង​តែ​សរសេរ​និង​ប្រើប្រាស់​ពាក្យ​មួយ​ចំនួន ដោយ​មិន​ត្រឹម​ត្រូវ​តាម​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​នៃ​ពាក្យ​ឡើយ។ គឺ​គ្រាន់​តែ​សរសេរ​ឲ្យ​តែ អាន​បាន យល់​បាន​តែ​ប៉ុណ្ណោះ មិន​ដែល​ចាប់​អារម្មណ៍​ខ្វាយ​ខ្វល់​ផ្ទៀង​ផ្ទាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ។ នៅ​តាម​កញ្ចក់​ទូរទស្សន៍ កាសែត ទស្សនា​វដ្ដី ឬ​សូម្បី​តែ​នៅ​តាម​ស្លាក​យីហោ​របស់ ហាង​មួយ​ចំនួន ជា​រឿយ​ៗ គេ​តែង​តែ​ប្រទះ​ពាក្យ​ខ្មែរ​ដែល​សរសេរ​ខុស។ ការ​ប្រើប្រាស់​ខុស ដដែល​ៗ បង្កើត​ទៅ​ជា​ទម្លាប់ បង្កើត​ទៅ​ជា​ជំនឿ​ថា​ អ្វី​ដែល​ខ្លួន​ប្រើ​ខុស​នោះ ត្រឹម​ត្រូវ​ទៅ​វិញ។

ក្រៅ​ពី​ការ​សរសេរ​ដែល​ជួប​វិបត្តិ ភាសាខ្មែរ​ក៏​កំពុង​តែ​ដើរ​លើ​ផ្លូវ​ទៅ​កាន់​គ្រោះ​មហន្តរាយ ដូចគ្នា​ដែរ។ ភាសាខ្មែរ កំពុង​តែ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ជន​ជាតិ​ខ្មែរ​ខ្លួន​ឯង។ នៅ​តាម​វិទ្យុ​និង​ទូរទស្សន៍ អ្នក​និយាយ​ព័ត៌មាន និង​ពិធីករ ប្រើប្រាស់​ភាសា​យ៉ាង​ អាណាធិបតេយ្យ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សាធារណ​ជន​ទូទៅ។ នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រើប្រាស់​ភាសា​ខុស អ្នក​មើល​និង​អ្នក​ស្ដាប់ ក៏​ប្រើប្រាស់​ខុស​ទៅ​តាម​នោះ​ដែរ។ ដល់​អ៊ី​ចឹង​ទៅ ភាសាខ្មែរ​ត្រូវ​គេ​ប្រើ​ប្រាស់​ច្រឡំ​បល់​អស់។

ការ​ប្រើប្រាស់​អក្សរ​និង​ភាសាខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​។ បើ​ទោះ​បី​ជា បច្ចុប្បន្ន កម្ពុជា​បាន​បើក​ចំហរ​ជើង​មេឃ​ទៅ​កាន់​ពិភព​លោក​ហើយ​ក៏​ដោយ​ ក៏​ការ​ឲ្យ​តម្លៃ លើក​កម្ពស់ អភិរក្ស និង​អភិវឌ្ឍ​អក្សរ​និង​ភាសា​ជាតិ នៅ​តែ​ចាំ​បាច់​ជា​និច្ច។ នៅ​ក្នុង​ប្រទេស កម្ពុជា​ដ៏​ក្រីក្រ និង​ខ្ទេច​ខ្ទាំ នៅ​មាន​វិបត្តិ​ភាសា​និង​អក្សរ​សាស្ត្រ​ជាតិ​មួយ​ទៀត ដែល​គេ​គួរ​យក​ចិត្ត​ទុក​ដាក់។ ​

ដូច្នេះ ជនជាតិ​ខ្មែរ​ទាំង​ឡាយ គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​ប្រយ័ត្ន​ប្រយែង​ច្រើន​ជាង​នេះទៅ​ទៀត ក្នុង​ការ​ប្រើប្រាស់​ភាសា​និង​អក្សរ​ខ្មែរ។ កុលបុត្រ​កុល​ធីតា​ខ្មែរ​គ្រប់​រូប ត្រូវ​ចេះ​ថែរក្សា​ការពារ ភាសា​និង​អក្សរសាស្ត្រ​ជាតិ​ឲ្យ​បាន​គង់វង្ស និង​រីក​ចម្រើន​ទៅ​មុខ។ សុភាសិត​ខ្មែរ​បុរាណ​ថា វប្បធម៌​រលត់ ជាតិ​រលាយ។ អក្សរ​និង​ភាសា ដែល​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​នោះ កំពុង​តែ​រអិល ធ្លាក់​ជ្រោះ។ ហើយប្រសិនបើវប្បធម៌ធ្លាក់ជ្រោះ សង្គមជាតិក៏អាចនឹង រអិលទៅជាមួយដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ