អានតួអត្ថបទ
កម្ពុជា

អ្នក​រស់​នៅ​ប៊ូឌីញ​ជិត ៨៥%​ហើយ​បាន​ចុះ​កិច្ច​សន្យា​លក់​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ២២ ខែ​ឧសភា ម្សិល​មិញ​នេះ ប្រជាពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីញ ស បាន​មក​ចុះ​កិច្ច​សន្យា​លក់ ទិញ​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន​នៅ​ក្រសួង​ដែនដី​បាន​ចំនួន ៤១៧ បន្ទប់ ស្មើ​នឹង​ជិត ៨៥% នៃ​ចំនួន​សរុប ៤៩៣ បន្ទប់។ នេះ​បើ​តាម​មន្រ្តី​របស់​ក្រសួង​ដែនដី​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​កាល​យប់​មិញ។

អគារប៊ូឌីញស ដែល​ពលរដ្ឋ​​ចុះ​​កិច្ច​​សន្យា​​លក់​​បន្ទប់​​ស្នាក់​​នៅ​
អគារប៊ូឌីញស ដែល​ពលរដ្ឋ​​ចុះ​​កិច្ច​​សន្យា​​លក់​​បន្ទប់​​ស្នាក់​​នៅ​ @Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

ចំនួន​ជិត ៨៥​ភាគ​រយ​នេះ គឺ​មិន​គិត​ជាមួយ​នឹង​ចំនួន​អ្នក​ដែល​បាន​ណាត់​ពេល​ចុះ​កិច្ច​សន្យា​ផង​ទេ។ បើ​តាម​មន្រ្តី​របស់​ក្រសួង​ដែនដី បើ​គិត​ទាំង​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ណាត់​ពេល​ជួប​ជាមួយ​ក្រុម​ការងារ​ដើម្បី​ចុះ​កិច្ច​សន្យា​លក់ ទិញ​ចំនួន ២០ បន្ទប់​ទៀត​នោះ គឺ​ចំនួន​សរុប​រួម​នៃ​បន្ទប់​ដែល​នឹង​មក​ចុះ​កិច្ច​សន្យា​លក់ ទិញ គឺ​មាន​ចំនួន ៤៣៧ បន្ទប់​ស្មើ​នឹង ជិត ៨៩%។

សូម​ជំរាប​ជូន​ថា ប្រជាពលរដ្ឋ​ទាំង៤៩៣ គ្រួសារ​ដែល​កំពុង​រស់​នៅ​អគារ​ប៊ូឌីញ​ស បាន​យល់​ព្រម​ទទួល​យក​សំណង​ចំនួន​១៤០០ ដុល្លារ​ក្នុង​មួយ​ម៉ែត​ការ៉េ​ ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​របស់​ពួក​គេ ដើម្បី​ទុក​ឱកាស​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន​ឈ្មោះ​ថា ​​អារ៉ា​កាវ៉ា ធ្វើ​ការ​អភិវឌ្ឍ​លើ​អាគារ​វ័យ​ចំណាស់​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​មួយ​នេះ។ ចំពោះ​តម្លៃ ១៤០០ ដុល្លារ​ក្នុង​មួយ​ម៉ែត​ការ៉េ​នេះ លោក​ជា សុផារ៉ា ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​ដែន​ដី ធ្លាប់​បាន​បញ្ជាក់​ថា គឺ​ជា​តម្លៃ​មួយ​លើស​ពី​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន បើ​ប្រៀប​ធៀប​នឹង​តំបន់​ផ្សេងៗ​ដែល​នៅ​ក្បែរ​អគារ​ប៊ូឌីញ ស ​នេះ។

ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម​និង​សំណង់​ដែល​ជា​អ្នក​សម្រប​សម្រួល​ធ្វើ​កិច្ច​សន្យា​លក់ ទិញ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​អាគារ​ប៊ូឌីញ​ស​នេះ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ចុះ​កិច្ច​សន្យា និង​ទទួល​ប្រាក់​រួច នោះ​ប្រជាពលរដ្ឋនឹង​ផ្តើម​រើ​ចេញ​ពី​អគារ​ប៊ូឌីញ​ស​ចាប់​ពី​ថ្ងៃទី​៦ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​កក្កដា ខាង​មុខ​នេះ ​ ដោយ​ក្រសួង​នឹង​ឧបត្ថម្ភ​ទឹក​ប្រាក់ ១០០​ដុល្លារ​បន្ថែម​ទៅ​លើ​ថ្លៃ​ដឹក​ជញ្ជូន​របស់​ពួក​គេ។ ដូច្នេះ​ក្រសួង​ដែនដី បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អគារ​ប៊ូឌីញ​ស ទាំង​អស់ ដែល​មិន​ទាន់​មក​ចុះ​កិច្ច​សន្យា ឲ្យ​រួស​រាន់​មក​ចុះ​កិច្ច​សន្យា​លក់ ទិញ​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន នៅ​ទី​ស្តី​ការ​ក្រសួង​រៀប​ចំ​ដែន​ដី  ដែល​ក្រុម​ការងារ​របស់​ក្រសួង​នៅ​ទទួល​បម្រើ​ការ​រៀង​រាល់​ថ្ងៃ​ទាំង​ក្នុង​ថ្ងៃ​ឈប់​សម្រាក រហូត​ដល់​ថ្ងៃ​ទី ០៦ ខែ​មិថុនា​ ឆ្នាំ ២០១៧​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ