អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ធនាគារ​ពិភព​លោក​៖ កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​នឹង​ថម​ថយ​មក​នៅ​ជិត​៧​ភាគ​រយ​នៅ​ឆ្នាំ២០១៩-២០២១​

ធនាគារពិភពលោកឬWorld Bank Group នៅថ្ងៃពុធនេះ បានបង្ហាញ​របាយការណ៍​ស្តី​ពី​កំណើន​សេដ្ឋកិច្ច​នៅតំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ី​ហ្វិក ដោយ​រំពឹងថា​នឹងមានកំណើនមធ្យម ពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បន្តមានបញ្ហាប្រឈម។ សម្រាប់​កម្ពុជា​វិញ ធនាគារពិភពលោក បានព្យាករណ៍ថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ​នឹងថមថយអនុភាព​បន្តិចវិញ ដោយ​កំណើន​សេដ្ឋកិច្ចកម្ពុជាថយមកនៅជិត៧ភាគរយក្នុងរយៈពេល​៣ឆ្នាំខាងមុខ ខណៈឆ្នាំ២០១៨​កន្លងមក សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើងរហូត៧,៥ភាគរយ។ 

កិច្ចប្រជុំធនាគារពិភពលោក
កិច្ចប្រជុំធនាគារពិភពលោក @សហការី
ផ្សាយពាណិជ្ជកម្ម

ការថមថយអានុភាពនៃកំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០១៩ដល់​ឆ្នាំ​២០២១ ត្រូវបាន​ធនាគារ​ពិភពលោកភ្ជាប់ទៅនឹង​ទីផ្សារសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប ដែលបានប្រកាសព្យូរជាបណ្តោះអាសន្ននូវភាពអនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​លើកគ្រប់​មុខ​ទំនិញឬEBA។

បើតាមធនាគារពិភពលោក ទីផ្សារសហភាពអឺរ៉ុប បានរួមចំណែកជាង​មួយភាគបីនៃ មុខ​ទំនិញនាំចេញ​សំខាន់ៗរបស់​កម្ពុជា ដែល​មាន​សំលៀក​បំពាក់ ស្បែកជើង និង​ទោចក្រយន្ត។ អាស្រ័យហេតុនេះ​ការ​បាត់​បង់​ភាព​អនុគ្រោះEBA ទំនងជាអាចធ្វើ​ឲ្យ​កំណើន​នៃ​ការ​នាំ​ចេញ​ថយ​ល្បឿន​មកវិញ។ នេះជាការ​គូសបញ្ជាក់នៅក្នុង​របាយការណ៍​របស់​ធនាគារពិភពលោកដែល​ប្រកាស​តាមរយៈ​សន្និសិទកាសែត​ពីទីក្រុង​បាកកដោយ​ភ្ជាប់វីដេអូ Conference ទៅកាន់​បណ្តាប្រទេសក្នុងតំបន់អាស៊ី​បូព៌ា និង​ប៉ាស៊ី​ហ្វិកនៅថ្ងៃទី២៤ខែមេសានេះ។

ម្យ៉ាងទៀត​ការ​ថមថយ​នៃកំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវបានធនាគារពិភពលោកអះអាងថា ដោយសារតែ​កម្ពុជា​ពឹង​ពាក់​ខ្លាំង​លើ​ការ​ហូ​រចូល​មូល​ធន​ពី​ប្រទេសចិន ហើយការ​ធ្លាក់ចុះយ៉ាង​គំហុក​របស់​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ណាមួយ នឹង​ជះ​ផល​មិនល្អ​មក​លើទស្សនៈ​វិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ។

នៅចំពោះមុខ ខ្វះ​ភាព​ប្រាកដប្រជាបែបនេះ វិធានការ​ចាំបាច់​រួម​មាន ការ​រក្សា​បញ្ចី​ប្រាក់​បៀវត្សរ៍សាធារណៈកុំឲ្យ​រីកមាឌតទៅទៀត ពង្រឹង​សមត្ថភាព​ឃ្លាំ​មើល​ និង​ត្រៀម​ឆ្លើយតប​វិបត្តក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ចាត់​វិធានការ​ប្រុង​ប្រយ័ត្ន​ផ្នែក​ម៉ា​ក្រូ​សេដ្ឋកិច្ចថែមទៀត ក៏ដូចជាការ​ដាក់​កំហិត​ដល់​ធនាគារ​ក្នុង​ការ​ផ្តល់​កម្ចី​ឲ្យ​ផ្នែក​សំណង់ និង​អចលនទ្រព្យ​ជាដើម។ នេះជាការ​លើក​ឡើង​របស់​ធនាគារពិភពលោក។

បើតាមធនាគារ​ពិភពលោក ថ្លៃចំណាយនៅក្នុង​ការ​ធ្វើ​ធុរៈកិច្ច​ក៏ជាឧបសគ្គមួយ​ដល់​ការ​ពង្រីក​ការ​វិនិយោគ​និង​សហគ្រិន​ភាព​នៅក្នុង​ស្រុក​ផងដែរ ខណៈកម្ពុជាជាប់លេខ​រៀងទី១៨៣​ក្នុង​ចំណោម​១៩០​ប្រទេស​នៃ ការ​វាស់​ស្ទង់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ផ្តើម​ធុរៈកិច្ច។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជា​មានកំណើន​រហូត​ដល់៧,៥ភាគរយ ដែលជាកំណើនទី៤ហើយ ប្រៀប​ទៅ​កំណើន៧ភាគ​រយ​នៅឆ្នាំ២០១៧ ខណៈមាន​កំណើនការនាំចេញសំលៀក​បំពាក់ និង​ស្បែក​ជើងទៅកាន់​សហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ