អានតួអត្ថបទ
កម្ពុជា

តុលាការ​ផ្តន្ទាទោស​ លោក​យ៉ែម ជ្រិន ​២៥​ឆ្នាំ ​និង​​​ពិន័យ​​៥​​លាន​​រៀល​​រឿង​​ចម្លង​​មេរោគអេដស៍​​

តុលាការ​ខេត្ត​បាត់​ដំបង ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​ធ្នូ ​នេះ ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​យ៉ែម ជ្រិន ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២៥​ឆ្នាំ ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​៥លានរៀល ​នៅ​ក្នុង​សំណុំ​រឿង​ធ្វើ​ឲ្យ​អ្នក​ភូមិ​រកា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ប្រមាណ​៣០០​នាក់​ បាន​ឆ្លង​ និង​ស្លាប់​ដោយសារ​មេរោគអេដស៍។​ សាលក្រម​នេះ​ បាន​ប្រកាស​ឡើង​បន្ទាប់​ពី​បាន​បើក​សវនាការ​ជា​អសាធារណៈ​ជា​​បន្ត​បន្ទាប់​រួច​មក។​

លោក​គ្រូពេ​ទ្យ​យ៉ែម ជ្រិន ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​រកា ​ខេត្ត​បាត់​ដំបង ត្រូវបានតុលាការឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២៥​ឆ្នាំ ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ​៥​លាន​រៀល​
លោក​គ្រូពេ​ទ្យ​យ៉ែម ជ្រិន ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ចម្លង​មេរោគ​អេដស៍​ដល់​អ្នក​ភូមិ​រកា ​ខេត្ត​បាត់​ដំបង ត្រូវបានតុលាការឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២៥​ឆ្នាំ ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ​៥​លាន​រៀល​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត ​លោក​គ្រូ​ពេទ្យ​យ៉ែម ជ្រិន ​ដែល​រងការ​ចោទ​ប្រកាន់​ថា ​បាន​ចម្លង​មេរោគអេដស៍​ដ៏​កាច​សាហាវ​ទៅ​ដល់​អ្នក​ភូមិ​រកា​រាប់​រយ​នាក់​នា​ពេល​កន្លង​មក​នោះ ​ត្រូវ​បាន​តុលាការ​ខេត្ត​បាត់​ដំបង​សម្រេច​ផ្តន្ទាទោស​រយៈ​ពេល​២៥​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ។​ តុលាការ​ក៏​បាន​តម្រូវ​ឲ្យ​លោក​បង់ប្រាក់​ពិន័យ​ចំនួន​៥​លាន​រៀល​ចូល​ជា​ថវិកា​រដ្ឋ​ និង​បង់ប្រាក់​​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ចំនួន​១២០នាក់​ចាប់​ពី​៥​ម៉ឺន​រហូត​ដល់​១២​លាន​រៀលផ​ងដែរ។ ​ក្រៅ​ពី​នេះ ​តុលាការ​ខេត្ត​បាត់ដំបង​ក៏​បាន​ហាមឃាត់​មិន​ឲ្យ​លោក​យ៉ែម ជ្រិន ​ប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្រ្ត ​អម​វេជ្ជសាស្រ្ត​ និង​ជំនួយ​វេជ្ជសាស្រ្ត​ថែម​ទៀត។​

មាន​វ័យ​៥៦ឆ្នាំ ​សញ្ជាតិខ្មែរ​ លោក​យ៉ែម ជ្រិន ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​បីបទល្មើស​ផ្សេង​គ្នា​ គឺ​បទ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ​បទប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគអេដស៍​ទៅ​អ្នក​ដទៃ ​និង​បទ​ទារុណកម្ម​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​តែ​មរណៈ​នៃ​ជន​រងគ្រោះ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ឃុំរកា ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ​កាល​ពី​អំឡុង​ឆ្នាំ​១៩៩៦ ​ដល់​ឆ្នាំ​២០១៤។ ​បទ​ចោទ​ទាំង​នេះ ​ត្រូវ​បាន​កែប្រែ​ថ្មី​ពី​បទ​ចោទ​ចាស់ ​គឺ​បទ​ឃាត​កម្ម​ដោយ​អំពើ​ឃោរឃៅ​តាម​មាត្រា​២០៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​

គួរ​បញ្ជាក់​ថា ​លោកគ្រូ​ពេទ្យ យ៉ែម ជ្រិន ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាល​ពី​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០១៤ ​បន្ទាប់​ពី​មាន​អ្នក​ភូមិ​រកា​ប្រមាណ​ជា​៣០០​នាក់​បាន​ទៅ​ធ្វើ​តេស្តឈាម​ ហើយ​រក​ឃើញ​ថា ​មាន​ផ្ទុក​មេរោគ​អេដស៍​ជា​បន្ត​បន្ទាប់។ ​តុលាការ​ខេត្ត​បាត់​ដំបង​ បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​យ៉ែម ​ជ្រិន​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា ​ឆ្នាំ​២០១៥។ ​សវនាការ​ជំនុំ​ជម្រះ​នោះ​ បាន​ធ្វើ​ឡើង​រយៈ​ពេល​ ៥​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២៤​ ខែ​តុលា។​

យ៉ាង​ណា​ក៏​ដោយ​ មក​ដល់​ពេល​នេះ ​អ្នក​ភូមិរកា​ ដែល​រងការ​ចម្លង​មេរោគ​អេដស៍​ដោយសារ​តែ​លោក​គ្រូ​ពេទ្យ​យ៉ែម ​ជ្រិន​ មាន​១០​នាក់​ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត។ ​អ្នក​ស្លាប់​ទាំង​នោះ ​មាន​ប្រុស​ ៦​នាក់ និង​ស្រី ​ចំនួន​៤​នាក់។

សូម​រម្លឹក​ថា​ តុលាការ​ខេត្ត​បាត់​ដំបង ​បានចា​ប់ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ ​គ្រូពេទ្យ យ៉ែម ជ្រិន ​កាល​ពី​ថ្ងៃ​ទី​២០​​ ខែ​តុលា ឆ្នាំ​២០១៥។ ​សវនាការ​ជំនុំ​ជម្រះ​នោះ​ បាន​ធ្វើ​ឡើង​រយៈ​ពេល​ ៥​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២៤ ​ខែ​តុលា។

​គ្រូ​ពេទ្យ​ប្រចាំ​ភូមិរកា ​យ៉ែម ជ្រិន ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ខែធ្នូ​ ឆ្នាំ​២០១៤ ​បន្ទាប់​ពី​មាន​អ្នក​ភូមិ​រកា​រាប់​រយនាក់ ​ទៅ​ធ្វើ​តេស្ត​ឈាម ​នៅ​មណ្ឌល​សុខភាព​រកា។ ​លទ្ធផល​នៃការ​ធ្វើ​តេស្ត​ឈាម​ទាំង​នោះ​ រក​ឃើញ​ថា ​អ្នក​ភូមិ​ប្រមាណ​ជា​ជិត​ ៣០០​នាក់​ មាន​ផ្ទុក​មេរោគអេដស៍។​ មក​ដល់​ខែធ្នូ​ ឆ្នាំ​២០១៥​​នេះ ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ​ប្រមាណ​ជា​ ១០នាក់​បាន​ស្លាប់​ ដោយសារ​ជំងឺ​អេដស៍។ ​មេរោគ​អេដស៍​នោះ​ ត្រូវ​បាន​ឆ្លង​ដោយ​ការ​ព្យាបាល​ជំងឺ​របស់​គ្រូពេទ្យ ​យ៉ែម ជ្រិន៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ