អានតួអត្ថបទ
កម្ពុជា

អ្នក​ឆ្លង​មេរោគអេដស៍​ក្នុង​ឃុំ​រការ ​កើន​ឡើង​ដល់​ជាង​ ២០០​នាក់​

រហូតមក​ទល់នឹង​ពេលនេះ ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅក្នុង​ឃុំ​រការ ស្រុក​សង្កែ ខេត្តបាត់ដំបង​បាន​កើនឡើង​រហូតដល់​ជាង ២០០នាក់ ហើយ ខណៈដែល​អ្នកភូមិ​នេះ​នៅតែ​បន្តទៅ​ធ្វើតេស្ត​ឈាម​រក​មេរោគ​នៅតាម​មណ្ឌល​សុខ​ភាពជា​បន្តបន្ទាប់។ ក្នុងចំណោម​ពួកគេ មាន​មនុស្ស១៥០នាក់​ហើយ​ដែល​ទទួលបាន​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ឬ​ថ្នាំ​ពន្យារ​ជីវិត។

រូបភាព​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​មេរោគអេដស៍​បង្ហាញ​លោក​ស ខេង​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង
រូបភាព​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​មេរោគអេដស៍​បង្ហាញ​លោក​ស ខេង​ចុះ​សួរសុខទុក្ខ​ប្រជាជន​ដែល​រកឃើញថា មាន​ឆ្លងមេរោគអេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង ©AAC
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​នៅក្នុង​ឃុំ​រការ នៅតែ​បន្តទៅ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ជា​បន្តបន្ទាប់។ នៅ​រយៈពេល​ចុងក្រោយ​នេះ ក្នុងមួយថ្ងៃៗ មាន​ប្រជាជន​ប្រមាណ​ជា ២០ ទៅ ៣០នាក់ បាន​ទៅធ្វើ​តេស្ត ហើយ​គេ​បាន​រកឃើញ​អ្នកទទួលបាន​លទ្ធផល​វិជ្ជមាន​ដែរ។ ការរកឃើញ​ជា​បន្តបន្ទាប់​នេះ បានធ្វើ​ឲ្យ​ចំនួន​អ្នក​ផ្ទុកមេរោគ​នៅក្នុង​ឃុំ​រការ​នៅពេល​បច្ចុប្បន្ននេះ បាន​កើនឡើង រហូតដល់​ជាង ២០០នាក់។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​សុខភាព​ឃុំ។

ប៉ុន្តែ​​លោក មាន ​ឈីវុន នាយកមជ្ឈមណ្ឌលជាតិ ប្រយុទ្ធ​នឹងជំងឺអេដស៍​ សើស្បែក និង​កាមរោគ​ពន្យល់ថា នៅមិនទាន់មានទិន្ននយ័​ច្បាស់​លាស់​នោះ​ទេ​ ដោយសារ​តែ​មន្ត្រី​សុខាភិបាល​​កំពុង​​តែ​ស្រង់​ស្ថិតិ​​នៅ​តាម​មណ្ឌល​សុខភាព​​នា​នា​​នៅ​​ក្នុង​​ឃុំ​រ​ការ​​ និង​ ក្នុង​​ស្រុក​​សង្កែ​​ទាំង​មូល​​។

លោក មាន ឈីវុន បាន​បន្តថានៅពេលឆាប់ៗនេះ ក្រសួងសុខាភិបាលនិងចេញសេចក្តី​សម្រេច​រួម​មួយ​ស្តី​អំពី​មូលហេតុនៃការឆ្លងរាលដាលមេរោគអេដស៍ដ៏ច្រើននៅក្នុងឃុំរការ​ខេត្តបាត់ដំបងនេះ ខណៈដែលមន្ត្រីជំនាញកំពុងតែរង់ចាំការសម្រេចចុងក្រោយ។ 

លោក​ថា​ការបង្ហាញ​នូវ​លទ្ធផល​ជា​រួម​នោះ​នឹង​មិន​រង់​ចាំ​ការ​បញ្ជាក់​ពី​លទ្ធផល​សំណាក​ពិនិត្យ​ឈាម​ពី​មន្ទីរ​​ពិសោធ​​វេជ្ជសាស្រ្ត​របស់​កូរ៉េខាងត្បូង​​និង​អាមេរិក​ដែល​កម្ពុជា​បានសុំ​អោយ​ជួយ​និង​បាន​បញ្ជូន​សំណាក​​ឈាម​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​កាល​ពី​ខែធ្នូ​នោះ​ទេ។

បើតាម​មន្ត្រីសុខាភិបាល​ដដែល​ ការបញ្ជាក់សំណាក​ឈាម​ពី​ប្រទេស​ទាំងពីរ​ត្រូវ​ការ​ពេល​វេលា​​ច្រើន​ទៀត​ព្រោះ​កម្ពុជាជាអ្នកស្នើសុំគេអោយជួយ។ 

មន្ត្រី​សុខភាព​ក្នុង​ឃុំ​រការ បាន​ឲ្យ​ដឹងថា នៅពេលនេះ មាន​មនុស្ស​ចាស់​ជាច្រើន​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​សម្រាក​នៅក្នុង​មណ្ឌល​សុខភាព ខណៈដែល​អ្នក​ផ្ទុកមេរោគ​ដ៏​ទៃ​ផ្សេង​ទៀត កំពុងតែ​បាក់​ទឹកចិត្ត និង​មិនអាច​ប្រកប​ការរកស៊ី​ដូច​មុន​បាន។

ទន្ទឹមគ្នានេះ មន្ទីរ​សុខភាព​​ខេត្តបាត់ដំបង​ក៏បាន​សម្រួល​ដល់​ប្រជាជន​ទាំងអស់​មិនចាំបាច់​ទៅ​បើក​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​នៅ​ទី​រួម​ខេត្ត​នោះទេ គឺអាច​ទៅ​បើក​នៅ​មណ្ឌល​សុខភាព​ឃុំ​រការ ហើយក៏​មាន​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ចុះទៅ​ជួយ​អប់រំ និង​លើកទឹកចិត្ត​ដល់​ពួក​កាត់​ផងដែរ។ រហូតមកដល់​ពេលនេះ មាន​មនុស្ស​ចំនួន ១៥០ នាក់​ហើយ​ដែល​បានទទួល​ថ្នាំ​ពន្យារ​ជីវិត។ នេះ​បើ​យោងតាម​មន្ត្រី​សុខភាព​ឃុំ​រការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ