អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុវជន​ខ្មែរ​ត្រូវ​ពង្រឹង​ចំណេះ​និ​​ងជំនាញ ​ដើម្បី​ធានា​ទីផ្សារ​ការងារ​ ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ជា​សមាជិក​​សមាគម​អាស៊ាន​ទាំង​១០​ប្រទេស​ បាន​ចុះ​ហត្ថលេខា​ជា​ប្រវត្តិសាស្ត្រ​ បង្កើត​សហគមន៍​អាស៊ាន។ ​សហគមន៍​អាស៊ាន ​ដែល​ប្រទេស​ជា​សមាជិក​​ទាំង​១០​ត្រូវ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​គ្នា ​ចាប់​ពី​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​ត​ទៅ។​ នៅ​ក្នុង​បរិបទ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចអាស៊ាន ​បញ្ហា​ទីផ្សា​រការងារ ​កំពុង​តែ​ក្លាយ​​ទៅ​ជា​ក្ដី​បារម្ភ​ សម្រាប់​យុវជន​កម្ពុជា​មួយ​ចំនួន​ធំ។ ​ឆ្លើយត​ប​នឹង​បញ្ហា​នេះ ​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​យុវជន​ខ្មែរ​ ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ទីផ្សា​រការងារ​របស់​ខ្លួន​ នៅ​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច។​

យុវជន​ខ្មែរ​ខ្លះ​ត្រៀម​ខ្លួន​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដោយ​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​
យុវជន​ខ្មែរ​ខ្លះ​ត្រៀម​ខ្លួន​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដោយ​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ សហការី
ផ្សាយពាណិជ្ជកម្ម

អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៧ ​ដោយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ក្នុង​គោល​ដៅ​ឱប​ក្រសោប​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ ​ឲ្យ​ក្លាយ​ជា​សហគមន៍​ដ៏​រឹងមាំ​មួយ ​លើ​វិស័យ​សេដ្ឋកិច្ច ​យោធា ​និង​វប្បធម៌។ ​ប្រទេសក​ម្ពុជា​ឯណេះ​វិញ បាន​ក្លាយ​ជា​សមាជិក​អាស៊ាន ​នៅ​ក្នុង​ឆ្នាំ​១៩៩៩។

​គ្មាន​ការ​ប្រែប្រួល​ទេ​ នៅ​ឆ្នាំចុ​ង២០១៥​នេះ ​អាស៊ាន​នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ​ដែល​នឹង​បើក​ចំហ​ឲ្យ​មាន​លំហូរ​ទំនិញ ​សេវាកម្ម​ មូលធន​ និង​ទុន​វិនិយោគ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀតដោ​យ​សេរី។​ លើស​ពី​នេះ ​ពលរដ្ឋ​ដែល​មាន​ជំនាញ​ច្បាស់​លាស់​នៃ​ប្រទេស​អាស៊ាន​ នឹង​អាច​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ ដោយ​សេរីផ​ង​ដែរ។

តំបន់​អាស៊ាន ​ដែល​មាន​ប្រជាពលរដ្ឋ​ជាង​៦០០​លាន​នាក់ ​ត្រូវ​បាន​គេ​មើល​ឃើញថា​ ជា​ឱកាស​សម្រាប់​កម្ពុជា។ ​ជា​ឱកាស ​ព្រោះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ ផលិត​ផល​សរុប​ក្នុង​ស្រុក​របស់​កម្ពុជា​ នឹង​កើន​ឡើង​៤,៥ភាគរយ​ ការ​វិនិយោគ​ឯកជន​នឹង​កើន​ឡើង​ជិត​២៥​ភាគរយ​ ហើយ​ការ​នាំ​ចេញ​របស់​កម្ពុជា​នឹង​កើន​ឡើង​ប្រមាណ​៥​ភាគ​រយ​ នៅ​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ នៅ​ចុង​ឆ្នាំ​២០១៥​នេះ។​

អ្នក​វិភាគ​សង្គម​បាន​គូស​បញ្ជាក់​ថា​ យុវជន​កម្ពុជា​ ដើរ​តួនាទី​សំខាន់​ណាស់ ​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ​ទាំង​នៅ​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​ និង​ទៅ​អនាគត។​ កម្ពុ​ជាមា​នយុវជន​ ដែល​មាន​អាយុក្រោម​២៥​ឆ្នាំ​ រហូត​ដល់​ទៅ​ជាង​៥២​ភាគ​រយ។ ​លើស​ពី​នេះ ​បើ​និយាយ​ពី​ប្រជាជន​វ័យ​ក្មេង​វ័យ​ក្រោម​៣៥​ឆ្នាំ ​គឺ​កម្ពុជា​មាន​រហូតដ​ល់ទៅ​ជិត​៧០​ភាគរយ​ឯណោះ។ ​លក្ខណៈ​ប្រជាសាស្ត្រ​នេះ ​អំណោយផ​ល​ដល់ក​ម្ពុជា​ សម្រាប់​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​អាស៊ាន។

ប៉ុ​ន្តែយ៉ា​ងណា​ក៏​ដោយ​ ទន្ទឹម​នឹង​ផល​ចំណេញនេះ ​កម្ពុជា​ក៏​នឹង​ត្រូវ​ជួប​ប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ។​ ក្នុ​ងចំណោម​នោះ​ បញ្ហា​ទីផ្សា​រការងារ​ កំពុង​តែ​ក្លាយ​ទៅ​ជា​ក្ដី​បារម្ភ​ សម្រាប់​យុវជន​កម្ពុជា​ មួយ​ចំនួន​ធំ។​ ក្ដី​បារម្ភ​​នោះ​ គឺ​ខ្លាច​ថា​ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ​នឹង​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​ជ្រោះ​ជ្រៅ​មួយ ​ដែល​មាន​សម្រា​ប់​តែ​ទឹក​ហូរ​ចូល​។ មាន​ន័យថា​ ទីផ្សារ​ការងារ​របស់ក​ម្ពុជា​ នឹង​បើក​ចំហ​សម្រាប់​យុវជន​បរទេស ​ប៉ុន្តែ​វា​នឹង​ប្រែ​ជា​តូច​ចង្អៀត សម្រាប់​យុវជន​ខ្មែរ។ យុវជន​ខ្មែរ​ដែល​មិន​ទាន់​មាន​សមត្ថភាព ​មិន​ទាន់​មាន​ជំនាញ ​និង​ដែល​មិន​មាន​លទ្ធភាព​រក​ការងារ​ធ្វើ​បាន។

នៅ​​ក្នុង​បរិបទ​ដូច្នេះ ​តើ​យុវជន​ខ្មែរ​គួរ​ត្រៀម​ខ្លួន​យ៉ាង​ដូចម្ដេច​ខ្លះ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ទីផ្សារ​ការងារ ​នៅពេ​ល​អាស៊ាន​ប្រែ​ក្លាយ​ខ្លួ​នជា​សហគមន៍​តែ​មួយ?

​ទីមួយ ​ដំបូង​បង្អស់​គឺ​ចំណេះដឹ​ងផ្នែក​ភាសា។ កន្លង​មក​ និន្នាការនៃ​ការ​ជ្រើស​រើស​រៀន​ភាសា​របស់​យុវជន​នៅ​កម្ពុជា ​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ទីផ្សា​រការងារ។ ​តាំង​ពី​ដើម​មក​ហើយ​ យុវជន​ខ្មែរ​ផ្ដល់​តម្លៃ​ខ្លាំង​ទៅ​លើ​ការ​សិក្សា​ភាសា​អង់គ្លេស ​និង​ចិន ​ដោយសារ​តែ​ងាយ​រក​ការងារ​ធ្វើ​ និង​ងាយ​ទទួលបា​នប្រាក់​ខែ​ខ្ពស់។ ប៉ុន្តែ​ក្រោយ​មក​ ដោយ​សា​រតែ​មាន​អ្នក​វិនិយោគ​កូរ៉េ​ ចូល​មក​រក​ស៊ី​នៅ​កម្ពុជា​ច្រើន​ យុវជន​ខ្មែរ​ក៏​បាន​ងាក​ទៅ​រៀន​ភាសាកូរ៉េ​វិញ។ ​ភាព​ពេញ​និយម​របស់​ភាសា​កូរ៉េ​បាន​ថយ​ចុះ​នា​ពេលប​ន្ទា​ប់មក​ ជំនួស​មក​វិញ​ដោយ​ភាសា​ជប៉ុន​ ក្រោយ​ពី​វត្ត​មាន​កុះករ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា។​ អ្នក​ជំនាញ​បាន​លើក​ទឹក​ចិត្ត​ ចំពោះ​ចំណង់​រៀន​ភាសាបរទេស​របស់​យុវជន​កម្ពុជា​ ប៉ុន្តែ​បាន​ណែនាំ​ឲ្យ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ចំពោះ​ភាសា​អង់គ្លេស​ ដែល​ជា​ភាសា​ការងារ​ផ្លូវការ​របស់​អាស៊ាន។ ​ទន្ទឹម​គ្នា​នេះ ​យុវជន​ខ្មែរ​ក៏ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សិក្សា​ភាសា​មួយ​បន្ថែម​ទៀត។ ​ភាសា​មួយ​ណា​ក៏​បាន​ នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ដប់។​

ទីពីរ​៖ សំខាន់​​បំផុត​គឺ​ជំនាញ​វិជ្ជាជីវៈ។ ​ដូច​បាន​លើក​ឡើង​មុន​នេះ​ហើយ​ថា ​នៅ​ពេ​ល​អាស៊ាន​ធ្វើ​សមាហរណកម្ម​ ទីផ្សារ​ការងារ​លែង​មាន​ព្រំដែន​ទៀត​ហើយ។ ​យុវជន​មក​ពី​គ្រប់​ប្រទេស​នៅ​ក្នុង​អាស៊ាន ​មាន​ឱកាស​ស្មើ​ៗ​គ្នា​ ក្នុង​ការ​ដណ្ដើម​យក​ការងារ​ល្អ​ៗ។ ​ប៉ុន្តែ​ ជំនាញ​វិជ្ជា​ជីវៈ​ដែល​នៅ​មាន​កម្រិត​ ​គឺ​ជា​ឧបសគ្គ​មួយ​ចម្បង​ ដែល​រារាំង​មិន​ឲ្យ​យុវជន​កម្ពុជា​ ឈាន​ជើង​ចូល​ទៅ​ក្នុង​ទីផ្សា​រអាស៊ាន​ឲ្យ​បាន​ពេញ​លេញ។ ​ក្នុង​ន័​យនេះ ​ក្រសួង​អប់រំ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ​ព្រម​ទាំង​យុវជនខ្លួនឯង​ផង​ ត្រូវ​តម្រង់​ទិស​ដៅ​ការ​អប់រំ​ ​និង​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ ​ធ្វើ​យ៉ាង​ណាឆ្លើយ​តប​ឲ្យ​បាន​ទៅ​នឹង​ក្រប​ខណ្ឌ​គុណវុឌ្ឍិ ​និង​ការ​ព្រម​ព្រៀង​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។

ក្រៅ​ពី​ចំណេះ​ដឹង​ភាសា ​និង​ជំនាញ​វិជ្ជា​ជីវៈ ​យុវជន​កម្ពុជា​ក៏​ត្រូវ​បាន​ជំរុញ​ឲ្យ​បង្កើន​ការ​យល់​ដឹង​ពីវ​ប្បធម៌​ ឲ្យ​បាន​ទូលំ​ទូលាយ។ ​អាស៊ាន​ជាប​ណ្ដុំ​ប្រទេស​ចំនួន​១០ ​ដែល​ក្រៅ​តែ​ពី​មាន​ភាសា​ខុស​គ្នា​ហើយ ​វប្បធម៌​ក៏​ខុស​ប្លែក​ពី​គ្នា​ខ្លាំ​ងណាស់​ដែរ។ ​ការ​យល់​ដឹង​ពី​វប្បធម៌​ឲ្យ​បាន​ទូលំទូលាយ ជា​ពិសេស​វប្បធម៌​របស់​ប្រទេស​ដែល​ជា​គោលដៅ​បំពេញ​ការងារ​ នឹង​ជួយ​ឲ្យ​យុវជន​បាន​ច្រើន​ ទាំង​នៅ​ក្នុង​ការងារ​ និង​ការ​ប្រាស្រ័យ​ទាក់ទង។​

ថ្វី​​ត្បិតតែកា​​រ​រៀប​ចំ​ត្រៀម​ខ្លួន​នៅ​ពេល​នេះ ​ហាក់​ដូចជា​យឺត​ពេល​បន្តិច​ ក៏​ប៉ុន្តែ​ប្រសិន​បើ​អាច​សម្រេច​បាន​មែន​នោះ​ យុវជន​កម្ពុជា​នឹង​អាច​ទាញ​យក​ផល​ប្រយោជន៍​បាន​យ៉ាង​ច្រើន​ ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។​ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ​ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។​

អាស៊ាន​គឺ​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់ ​ប៉ុន្តែ​ទន្ទឹ​មគ្នា​នេះ ​បញ្ហា​ប្រឈម​របស់​អាស៊ាន​ក៏​មាន​ច្រើន​ផង​ដែរ។​ ដូច្នេះ​ប្រជាពលរដ្ឋ​វ័យ​ក្មេង​របស់​អាស៊ាន ​ច្បាស់​ណាស់​ថា​ នឹង​ត្រូវជួ​ប​ប្រទះ​នូវ​បញ្ហា​អស់​ទាំង​នោះ។​ ហើយ​ដើម្បី​ជោគជ័យ​ ដើម្បី​ការ​អភិវឌ្ឍ ​យុវជន​អាស៊ាន ​ជា​ពិសេសយុ​វជន​កម្ពុជា​ ចាំបាច់​ត្រូវ​បង្កើ​នការ​ទាក់​ទង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង ​និង​ប្រទេស​ក្នុង​តំបន់​ និង​ជា​ពិសេស​ គឺ​ត្រូវ​ពង្រឹង​សមត្ថភាព ​ព្រម​ទាំង​ជំនាញ​របស់​ខ្លួន​ឲ្យ​បាន​ខ្លាំងក្លា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ