អានតួអត្ថបទ
កម្ពុជា

ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា-ថៃ​ជួបគ្នា​ឡើងវិញ

នៅ​ថ្ងៃ​អង្គារ​នេះ ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា និង​ថៃ បាន​ផ្តើម​ជួប​មុខ​គ្នា​ជា​ថ្មី​ឡើងវិញ ដើម្បី​ឈានដល់​ការពិភាក្សា ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ កិច្ចប្រជុំ​ដោយ​បិទទ្វារ​ប្រហែល​មួយ​ម៉ោង នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ព្រឹកថ្ងៃ​អង្គារ ទី ១១ មករា សម​ភាគី​កម្ពុជា-ថៃ បាន​បង្ហាញ​ឆន្ទៈ​ក្នុងកា​រពន្លឿន​កិច្ចការ​រុករក​បង្គោល និង​វាស់វែង​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ក្រោយ​ពី​កិច្ចការ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ជាប់គាំង គ្មាន​ច្រកចេញ ដោយសារ​វិបត្តិ​នយោបាយ ក្នុង​ប្រទេស​ថៃ។

លោក វ៉ា គីមហុង (ស្តាំ)​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ជួប​លោក អាសដា ចាយ៉ាណាមា ( Asda Jayanama ) ប្រធាន​គណៈកម្មការ​ព្រំដែន​ថៃ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ក្នុង​ទីក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី ១១ មករា ២០១១
លោក វ៉ា គីមហុង (ស្តាំ)​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ជួប​លោក អាសដា ចាយ៉ាណាមា ( Asda Jayanama ) ប្រធាន​គណៈកម្មការ​ព្រំដែន​ថៃ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ក្នុង​ទីក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី ១១ មករា ២០១១ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

03:00

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន របស់​រដ្ឋាភិបាល​កម្ពុ​ជា បាន​ទទួល​ជួប​លោក អាសដា ចាយ៉ាណាមា ( Asda Jayanama ) ប្រធាន​គណៈកម្មការ​ព្រំដែន​ថៃ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្នុង​ទីក្រុង​ភ្នំពេញ។ លោក អាសដា អតីត​ឯកអគ្គរាជទូត​ថៃ ប្រចាំ​អង្គការ​សហប្រជាជាតិ​ទើបតែ​ទទួល​ការតែងតាំង​ថ្មី ជំនួស​លោក វ៉ាសិន តៀរាវិចយ៉ាន ( Vasin Teeravechyan ) ដែល​បាន​លាលែង ចេញពី​ប្រធាន​គណៈកម្មការ​ព្រំដែន​ថៃ កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១០។

ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារ​រយៈពេល​ប្រហែល​មួយ​ម៉ោង នៅ​ព្រឹកថ្ងៃ​អង្គារ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​-​ថៃ បាន​ពិភាក្សា និង​ព្រមព្រៀងគ្នា​ថា នឹង​ផ្តើម​កិច្ចការ ប្រជុំ​ចរចា ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។ ភាគី​ទាំងពីរ ក៏​បាន​ព្រមព្រៀង​បញ្ជូន​ក្រុម​ការងារ​បច្ចេកទេស ទៅ​រុករក​បង្គោល​ព្រំដែន​កម្ពុជា​-​ថៃ ពី​លេខ ១ ដល់​លេខ ២៣ ដែល​ស្ថិតនៅ​ព្រំដែន​ជាំសាងាំ ក្នុង​ខេត្ត​ឧត្តរមានជ័យ នាពេលខាងមុខ។

ក្រោយ​ពី​កិច្ចប្រជុំ លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​ជំនួប​ជាមួយ​នឹង​សមភាគី​ថៃ ជា​ចំណុច​វិជ្ជមាន​មួយ ដើម្បី​ត​ភ្ជាប់ នូវ​ទំនាក់ទំនង​ចរចា ឈានដល់​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ព្រំដែន​ចម្រុះ​​កម្ពុជា-ថៃ ( JBC ) ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ក្រោយ​ពី​កិច្ចប្រជុំ​ចុងក្រោយ រវាង​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំង​ពីរ បាន​ធ្វើឡើង នៅ​ភ្នំពេញ កាលពី​ឆ្នាំ​២០០៩។

ចំណែក​លោក អាសដា ចាយ៉ាណាមា ប្រធាន​គណៈកម្មការ​ព្រំដែន​ថៃ ក៏​បាន​ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត​កម្ពុជា​ថា រដ្ឋសភា​ថៃ កំពុង​តែ​ពិនិត្យ​លើ​កំណត់ហេតុ​ទាំង ៣ នៃ​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ត្រូវ​ចំណាយពេល ៣០ ថ្ងៃ​ទៀត មុន​ពេល​រដ្ឋសភា ត្រូវ​បញ្ជូន​កំណត់ហេតុ​នោះ បន្ត​ទៅ​កាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ពិនិត្យ និង​សម្រេច។ ជា​កំណត់ហេតុ ដែល​ឈាន​ដល់​ការចុះវាស់វែង និង​កំណត់​ព្រំដែន​រវាង​កម្ពុ​ជា និង​ថៃ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

យ៉ាងណាក៏ដោយ លោក អាសដា អតីត​ឯកអគ្គរាជទូត​ថៃ​ច្រើន​ជំនាន់ ក៏​បាន​បញ្ជាក់​ថា គណៈកម្មការ​ព្រំដែន​កម្ពុជា និង​ថៃ ត្រូវតែ​បន្ត​ធ្វើ​ការងារ ជួបចរចា និង​ដោះស្រាយ​បញ្ហា​ព្រំដែន ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ។
សូម​រម្លឹក​ថា គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា និង​ថៃ បាន​ខកខាន មិន​បាន​ដោះស្រាយ រុករក និង​វាស់វែង​ទីតាំង​បង្គោល​ព្រំដែន​សម័យ​ដើម ចាប់តាំងពី​កងទ័ព​ថៃ ចូល​លុកលុយ​ព្រំដែន​ប្រទេស​កម្ពុជា នៅ​ចំណុច​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨។ កិច្ចប្រជុំ​រវាង​គណៈកម្មការទាំង​ពីរ បាន​ធ្វើឡើង ៣ លើក ជា​បន្តបន្ទាប់ ចាប់តាំងពី​មានជម្លោះ​ព្រំដែន រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០០៩ តែ​មិនបាន​សម្រេច​អ្វី​ជា​ផ្លូវការ​ឡើយ ដោយសារ​តែ​រដ្ឋសភា​ថៃ មិន​ព្រម​អនុម័ត​លើ​កិច្ចព្រមព្រៀង​កំណត់ហេតុ​ទាំង ៣ នោះ រហូត​ដល់​សព្វថ្ងៃ។ ការ​មិន​អនុម័ត​លើ​កិច្ចព្រមព្រៀង​ព្រំដែន ដោយសារ​តែ​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​ថៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ