អានតួអត្ថបទ
កម្ពុជា-ថៃ

ហ៊ុន សែន៖ ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ដោះស្រាយ​រួចរាល់​ហើយ

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦​ធ្នូ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សភាពការណ៍​ព្រំដែន​កម្ពុជា-​ថៃ បាន​វិលត្រឡប់​ទៅរក​សភាព​ធម្មតា ដូច​មុន​ថ្ងៃ ១៥ កក្កដា ឆ្នាំ​២០០៨ វិញ​ហើយ​។ នោះ​គឺ​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ត្រូវ​បាន​វិល​ទៅ​ឈរជើង​នៅ​ទីតាំង​ដើម ដោយ​មិន​មាន​ការប្រឈមមុខ​ដាក់​គ្នា​ទៀតឡើយ​។

នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:17

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​គរុ​សិស្ស​បញ្ចប់​ការសិក្សា នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាងខ្លី​ អំពី​បញ្ហា​ព្រំដែន​កម្ពុជា-​ថៃ ដែល​មាន​ភាព​តានតឹង​ជាង​ពីរ​ឆ្នាំ​មកហើយ​នោះ​ថា ត្រូវបាន​ដោះស្រាយ​ហើយ​នៅពេលនេះ​។

​ដោយ​មិន​បកស្រាយ​អ្វី​វែងឆ្ងាយ លោក​ប្រមុខ​រដ្ឋាភិបាល ហ៊ុន សែន បាន​គូសបញ្ជាក់ថា សភាពការណ៍​តាម​ទល់​ដែនកម្ពុជា​-​ថៃ បាន​វិល​ទៅរក​មុន​ថ្ងៃ ១៥​កក្កដា ឆ្នាំ​២០០៨​។ ថ្ងៃ​១៥​កក្កដា ឆ្នាំ​២០០៨ ជា​ថ្ងៃ​ដែល​កងទ័ព​ថៃ បាន​ចូល​ទន្ទ្រាន​ទឹកដី​កម្ពុជា នៅ​ចំណុច​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដែល​នាំឲ្យ​មាន​ការប្រឈមមុ​ខ​ដោយ​យោធា រហូត​ដល់​មាន​ការបាញ់​ប្រយុទ្ធ​គ្នា ធ្វើឲ្យ​កងទ័ព​ទាំងសងខាង​ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បន្ថែមថា តាម​ទល់ដែនកម្ពុជា​-​ថៃ​ទាំងមូល ក៏​មាន​ការកែសម្រួលក​ង​ទ័ព និង​ការទាក់ទង​ផ្លាស់ប្តូរ​ទំនិញ​ទៅវិញទៅមក បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ជួប​ពិភាក្សា​រក​ដំណោះស្រាយ ៤​លើក​រួច​មក​។​

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ មិនទាន់​ចប់​ទាំងស្រុង​នោះ​ទេ​។ ទៅ​ថ្ងៃក្រោយ នៅ​មាន​ការវាស់វែង និង​ការដោះមីន​តាម​ព្រំដែន ហើយ​ក៏​នៅ​មាន​ការបើក​ច្រកព្រំដែន​បន្ថែម​ទៀត​រវាង​កម្ពុជា​-​ថៃ ដើម្បី​ជំរុញ​សហប្រតិបត្តិការ​ រវាង​ប្រទេស​ជាប់​ព្រំដែន​ទាំងពីរ​។

​ដើម្បី​រម្លឹក​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ប្រទេស​ទាំង​ពីរ​បាន​រៀបចំ​ការប្រគំ​តន្ត្រី​រួមគ្នា​នៅ​ទីក្រុង​បាងកក និង​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ ១៩ ធ្នូ​ខាងមុខ ដោយ​មាន​វត្តមាន​រប​ស់លោក​រដ្ឋមន្ត្រីការបរទេស​ថៃ កា​ស៊ីត ភី​រម្យ ចូលរួម​ផង​ដែរ​។​

​ជារួម ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​យ៉ាង​ខ្លី​ថា ប្រក្រតី​កម្ម​នៃ​ទំនាក់ទំនង​កម្ពុជា​-​ថៃ កើត​មាន​ពេញលេញ​ហើយ នៅពេលនេះ​។

​ជា​ការកត់សម្គាល់ ចាប់តាំងពី​ដើម​ខែ​ធ្នូ​នេះ កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ត្រូវបាន​កែសម្រួល​តាម​ព្រំដែន ពិសេស​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ ពោល​គឺ​កម្លាំង​កងទ័ព បាន​ដក​ទៅ​ឈរជើង ក្នុង​បន្ទាយ និង​បាន​លុប​លានដ្ឋាន លែង​ភ្ជង់​កាំភ្លើង​ដាក់​គ្នា​ទៀត​ហើយ​។​

​យ៉ាងណាក៏ដោយ បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ នៅតែ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក នៃ​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ​។ សម្ព័ន្ធ​ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​ក្រុម​អាវ​លឿង​ថៃ ជា​អ្នកគាំទ្រ​រដ្ឋាភិបាល​រប​ស់លោក​អាភិស៊ីត បានប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស នា​ថ្ងៃ​ទី​២៥​មករា ដើម្បី​ប្រឆាំង​ជំទាស់​នឹង​ការអនុម័ត​របស់​សភា​ថៃ លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​រួម ស្តីពី​ព្រំដែន​កម្ពុជា​-​ថៃ​។ ជា​កំណត់ហេតុ សម្រាប់​ដោះស្រាយ​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ