អានតួអត្ថបទ
កម្ពុជា-ថៃ

អាជ្ញាធរ​​ជាតិ​ព្រះវិហារ​បង្ហាញ​កង្វល់​ចំពោះ​សកម្មភាព​យោធា​ថៃ​

អាជ្ញាធរ​​​ជាតិ​​​ព្រះវិហារ​​​​និង​​​គណៈកម្មាធិការ​​​ជាតិ​​​បេតិកភណ្ឌ​​​ពិភពលោក​​​ ​​បង្ហាញ​​​ក្តី​​​កង្វល់​​​ចំពោះ​​​សកម្មភាព​​​យោធា​​​របស់​​​ថៃ​​​ដែល​​​បាន​​​ចូល​​​ក្នុង​​​តំបន់​​​គ្មាន​​​កងទ័ព​​​បណ្តោះ​​​អាសន្ន​​​សម្រេច​​​ដោយ​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ។​​ ស្ថាប័ន​​ជាតិ​​​ទាំង​​ពីរ​​​ខាង​​លើ​​​នេះ​​​ ចាត់​​​ទុក​​​ទង្វើ​​​របស់​​​ក្រុម​​​យោធា​​​ថៃ​​​ថា​ ​ផ្ទុយ​​​ទៅ​​​នឹង​​​ដីកា​​​សម្រេច​​​របស់​​​តុលាការ​​​យុត្តិធម៌​​​អន្តរជាតិ។​​

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ ©បូណា
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍​នេះ ស្ថាប័ន​ជាតិ​របស់​ប្រទេស​កម្ពុជា​ចំនួន​ពីរ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ប្រឆាំង​ទៅ​នឹង​ទង្វើ​របស់​ក្រុម​យោធា​ថៃ​ដែល​បាន​ធ្វើ​សកម្មភាព​ចូល​ក្នុង​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​ដែល​បាន​សម្រេច​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ប្រតិកម្ម​របស់​អាជ្ញាធរជាតិ​ព្រះវិហារ​និង​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ក្រុម​យោធា​ថៃ​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០១២ ​កន្លងមក​បាន​ដឹក​សម្ភារៈ​និង​ផ្ទេរ​សម្ភារៈ​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន។ ពួកគេ​បាន​ធ្វើ​សកម្មភាព​​នៅ​លើ​ភ្នំទ្រព្យ​និង​ចូល​យ៉ាងជ្រៅ​ទៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន។

សេក្តី​ថ្លែង​ការណ៍​រួម​ដដែល​បាន​ចោទ​ប្រកាន់​ក្រុម​យោធា​ថៃ​ថា ​សកម្មភាព​របស់​ពួកគេ​មិន​ត្រឹមតែ​ផ្ទុយ​ទៅ​នឹង​ដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ទុយ​ទៅនឹង​ស្មារតី​លទ្ធផល​វិជ្ជមាន​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​និង​កិច្ច​ប្រជុំ​ផ្សេង​ទៀត​ដែល​ភាគី​ទាំង​ពីរ​កម្ពុជាថៃ​ចង់​បាន ​ដូចជា៖ បរិយាកាស​ស្ងាត់ស្ងៀម​និង​សន្តិភាព​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១១​កន្លងមក តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ចេញ​ដីការ​សម្រេច​ម​បង្កើត​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​និង​តម្រូវ​អោយ​ភាគី​ទាំងពីរ​កម្ពុជា​ថៃ​ត្រូវ​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ណា​​​ដែល​អាច​ធ្វើ​អោយ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​និង​ពិបាក​ដោះស្រាយ​ថែម​ទៀត។

បន្ទាប់​មក​ទៀត គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​កម្ពុជា​និង​ថៃ​ធ្លាប់​បាន​សម្រេច​រួមគ្នា​ថា ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​អនុវត្ត​តាម​ដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ទាក់ទងទៅសេចក្តីថ្លែងការណ៍ខាងលើ គេ​ពុំទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​ខាង​ភាគី​ថៃ​នៅ​ឡើយ​ទេ។ សូម​បញ្ជាក់​ផងដែរ​ថា ប្រតិកម្ម​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​និង​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក​បាន​ធ្វើ​ឡើង​ស្របពេល​ដែល​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា​ថៃ​គ្រោង​នឹង​ជួប​ប្រជុំគ្នា​នៅ​ក្នុង​ទីក្រុង​បាងកក​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ